ក្រុង​ដា​ម៉ាស់​ចោទ​ពួក​ឧទ្ទាម​ថា​បាញ់​ផ្លោង​ដាក់​ផ្សារ​មួយ​នៃ​ក្រុង​អា​ឡែ​ប

សារព័ត៌មាន​ផ្លូវការ​ស៊ី​រី​រាយការណ៍​ថា ជន​ស៊ី​វិល​១៤​នាក់ បាន​ត្រូវ​ស្លាប់​ហើយ​ជា​ច្រើន​សិប​នាក់​ទៀត​រង​របួស​កាលពី​ថ្ងៃ​ទី​៦ មីនា ដោយសារ​ការ​បាញ់​ផ្លោង​គ្រាប់កាំភ្លើង​ត្បាល់ និង​គ្រាប់​រ៉ុក្កែ​ត​លើ​ផ្សារ​មួយ​នៃ​ទីក្រុង​អា​ឡែ​ប ភាគ​ខាងជើង​ស៊ី​រី ។

ទូរទស្សន៍​ស៊ី​រី IKHBARIYAH រាយការណ៍​ថា គ្រាប់​ផ្លោង​ទាំងនោះ​បាញ់​ដាក់​សង្កាត់ CHEIKH MAKSOUD មក​ពី​សង្កាត់​ទាំងឡាយ​នៃ​ទីក្រុង​កាន់កាប់​ដោយ​ពួក​ឧទ្ទាម ។ សង្កាត់ CHEIKH MAKSOUD ជា​សង្កាត់​មួយ​មាន​ពួក​ឃើ​ត​ភាគច្រើន​ចាប់តាំងពី​ច្រើន​ស​ប្តា​ហ៍​មក​ហើយ ស្ថិត​លើ​ខ្សែ​រណសិរ្ស​ប្រយុទ្ធ​រវាង​ពួក​ជីវពល​ឃើ​ត​ក្រុម YPG (កងឯកភាព​ការពារ​ប្រជាជន​) និង​ពួក​ឧទ្ទាម​ស៊ី​រី​ដែល​ត្រួតត្រា​មួយ​ផ្នែក​ធំ​នៃ​ភាគ​ខាងកើត​ក្រុង​អា​ឡែ​ប ។

ទីភ្នាក់ងារសារព័ត៌មាន​ស៊ី​រី SANA ក៏​រាយការណ៍​ដែរ​ពី​ឧប្បត្តិ​ហេតុនេះ​តែ​ពុំ​ផ្តល់​ភាព​លម្អិត​ឡើយ ។ ទន្ទឹម​នឹង​នោះ​នៅ​ទីក្រុង​មូ​ស្គូ បណ្តា​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី​រៀបរាប់​ពី​ការ​សន្ន​នា​គ្នា​តាម​ទូរស័ព្ទ​ថ្មី​រវាង​ប្រមុខ​ការទូត​រុ​ស្ស៊ី លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ និង​សម​ភាគី​អា​មេ​រិ​ក លោក​ច​ន ឃ័​រ​រី ដោយ​អ្នក​ទាំង​២​សម្តែង​សុទិដ្ឋិនិយម​លើ​ការ​អនុ​វត្តបទ​ឈប់​បាញ់​គ្នា ដែល​ចូល​ជា​ធរមាន​ពី​ថ្ងៃ​ទី​២៧ កុម្ភៈ​មក ។

លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ ក៏​ថ្លែង​ផង​ដែរ​ទៅ​កាន់​លោក​ច​ន​ឃ័​រ​រី​ថា ប្រការ​សំខាន់​ត្រូវ​ធានា​ពី​ការ​ចូលរួម​របស់​ក្រុមប្រឆាំង​ជា​ច្រើន​ក្នុង​នោះ​រួម​ទាំង​ពួក​ឃើ​ត​ផង​ដែរ ក្នុង​ការ​ចរចា​ស្តី​ពី​សន្តិភាព​នៅ​ស៊ី​រី​ដែល​អ​.​ស​.​ប​គ្រោង​ជំរុញ​នា​ស​ប្តា​ហ៍​នេះ ។

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ថ្លែង​ថា បទ​ឈប់​បាញ់​គ្នា​នៅ​ស៊ី​រី​ត្រូវ​បាន​រំលោភ​បំពាន​១៥​លើក​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ៕