ប្រទេស​អីុ​រ៉​ង់​បាញ់​សាក​មី​ស៊ី​ល​2​ទៀត​ហើយ​និយាយ​ថា ចង់​សំដៅ​អីុ​ស្រា​អែ​ល

កង​ឆ្មាំ​បដិវត្តន៍​អីុ​រ៉​ង់​ជា​កងទ័ព​ពិសេស​អីុរ៉​ង់​កាលពី​ថ្ងៃ​ទី​៩ មីនា បាន​បាញ់​សាក​មី​ស៊ី​ល​បាលី​ស្ទិ​ក​២​គ្រាប់​ថ្មី​ទៀត ដែល​ខ្លួន​ផលិត ហើយ​បញ្ជាក់​ថា ចង់ឱ្យ​បាញ់​ដល់​អីុ​ស្រា​អែ​ល ដោយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​ការ​រិះគន់​នានា​របស់​សហរដ្ឋ​អា​មេ​រិ​ក ចំពោះ​ការ​សាកល្បង​ប្រហាក់ប្រហែល​គ្នា​នេះ​នា​ពេល​មុន ។

ទូរទស្សន៍​អីុ​រ៉​ង់​បាន​ផ្សាយ​រូបភាព​នានា​នៃ​មី​ស៊ី​ល​ធុន QADR ២​គ្រាប់ កំពុង​បាញ់​ចេញពី​ទីតាំង​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស ។ មី​ស៊ី​ល​ទាំងនេះ​បាន​ទៅ​ដល់​គោលដៅ​នៅ​ភាគ​ខាងត្បូង​ប្រទេស ក្រោយ​ពី​ហោះហើរ​ក្នុង​ចម្ងាយ​ប្រមាណ​ជា​១.៤០០​គីឡូម៉ែត្រ ។ ក្រោយ​ការ​សាកល្បង​មី​ស៊ី​ល​កាលពី​ថ្ងៃ​ទី​៨ មីនា សហរដ្ឋ​អា​មេ​រិ​កបាន​គំរាម​អីុរ៉​ង់​ពី​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ​ទៀត ។

ឧត្តមសេនីយ៍ AMIR ALI HAJIZADEH មេបញ្ជាការ​កងពលធំ​ដាក់​ទ័ព​តាម​យន្តហោះ​នៃ​កង​ឆ្មាំ​បដិវត្តន៍​អីុ​រ៉​ង់​ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន ISNA ថ្លែង​ថា ហេតុផល​ដែល​យើង​ផលិត​បណ្តា​មី​ស៊ី​ល​របស់​យើង​អាច​បាញ់​បាន​ចម្ងាយ​២.០០០​គីឡូម៉ែត្រ គឺ​អាច​ទៅ​ដល់​សត្រូវ​របស់​យើង​ជា​របប​ស្យូ​នី​ស្ត​អីុ​ស្រា​អែ​ល ។ ចំណុច​ដែល​ជិត​បំផុត គឺ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម និង​ក្រុង​តែ​ល​អា​វីវ​មាន​ចម្ងាយ​១០០០​គីឡូម៉ែត្រ ពី​អីុ​រ៉​ង់ ។

បណ្តា​ទីភ្នាក់ងារ​ព័ត៌មាន​អីុ​រ៉​ង់​និយាយ​ថា មី​ស៊ី​ល​ដែល​បាញ់​កាលពី​ថ្ងៃ​ទី​៩ មីនា មាន​ចារ​ជា​អក្សរ​អីុ​ស្រា​អែ​ល​ថា «​អីុ​ស្រា​អែ​ល​ត្រូវ​តែ​លុប​បំបាត់​ចេញពី​ទំព័រ​ប្រវត្តិសាស្ត្រ​» ។

នៅ​អីុ​ស្រា​អែ​ល​រដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក MOSHE YAALON ថ្លែង​តាម​វិទ្យុ​ថា ការ​បាញ់​មី​ស៊ី​ល​ទាំងនេះ​បង្ហាញ​ថា អីុ​រ៉​ង់​ពុំ​បាន​ផ្លាស់​ប្តូរ​ចិត្ត​ឡើយ ហើយ​នៅ​តែ​ជា​ប្រទេស​​ប្រទូស្ត​រ៉ា​យ​មួយ ទោះបី​មានការ​អនុវត្ត​កិច្ចព្រមព្រៀង​ស្តី​ពី​សកម្មភាព​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ ព្រមទាំង​កាយវិការ​បើកចំហ​ឆ្ពោះទៅ​លោក​ខាងលិច​របស់​ប្រធានាធិបតី​អីុ​រ៉​ង់ លោក​ហា​សាន់ រ៉ូ​ហា​នី ក៏​ដោយ ។ លោក MOSHE YAALON បន្ត​ថា ជា​ការ​គួរ​ឱ្យ​សោកស្តាយ​នៅ​លោក​ខាងលិច​មនុស្ស​មួយ​ចំនួន​មានការ​យល់​ច្រឡំ ដោយសារ​សម្តី​ផ្អែម​របស់​មេដឹកនាំ​អីុ​រ៉​ង់​មួយ​ចំនួន ចំណែក​ទ្វីប​ឯទៀត​ៗ​ផ្តល់​សម្ភារ និង​អាវុធ​ដល់​បណ្តា​ក្រុម​ភេរវកម្ម​ប្រដាប់​អាវុធ ។

ចំណែក​ក្រុង​វ៉ា​ស៊ី​ន​តោន​ប្រកាស​ថា រដ្ឋមន្ត្រី​ការ​បរទេស​លោក​ច​ន ឃ័​រ​រី កាលពី​ថ្ងៃ​ទី​៩ មីនា បាន​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​អីុរ៉​ង់​លោក MOHAMMAD JAVAD ZARIF អំពី​ការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ទាំងនេះ ហើយ​លោក​បាន​សម្តែង​ពី​ការ​ព្រួយបារម្ភ ។

សេត​វិមាន​និយាយ​ថា រដ្ឋាភិបាល​អា​មេ​រិ​ក​នឹង​កំណត់​ថា​តើ​ចម្លើយ​តប​ណា​ដែល​សម​ស្រប​ចំពោះ​ការ​ផ្តួចផ្តើម​គំនិត​ទាំងឡាយ​របស់​អីុរ៉​ង់ ។ លោក JOSH EARNEST អ្នក​នាំ​ពាក្យ​សេត​វិមាន​និយាយ​ថា យើង​នឹង​បន្ត​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​ជាមួយ​បណ្តា​សម្ព័ន្ធមិត្ត និង​ដៃគូ​របស់​យើង​ក្នុង​តំបន់ ដើម្បី​ប៉ុនប៉ង​កម្រិត​សមត្ថភាព​អីុ​រ៉​ង់​ក្នុង​ការ​បន្ត​កម្ម​វិធី​​មី​ស៊ី​ល​របស់​ខ្លួន ។ លោក​បន្ត​ថា សហរដ្ឋ​អា​មេ​រិ​ក​នឹង​ពុំ​មានការ​ភ្ញាក់ផ្អើល​ឡើយ លើ​ការ​ប្រកាស​របស់​អីុរ៉​ង់​ពី​ការ​បាញ់​មី​ស៊ី​ល​ថ្មី​ៗ​ក្នុង​បណ្តា​ថ្ងៃ​ខាង​មុខ ។

កង​ឆ្មាំ​បដិវត្តន៍​អីុ​រ៉​ង់​មាន​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​ខ្លី និង​រយៈ​មធ្យម​ជា​ច្រើន​សិប​គ្រាប់​ដែល​ជា​ស្តុក​សំខាន់​បំផុត​ក្នុង​តំបន់ ។ កងកម្លាំង​នេះ​អះអាង​ថា មី​ស៊ី​ល​ទាំងនេះ​ប្រើ​សម្រាប់​​តែ​កិច្ច​ការពារ​ជាមួយ​ក្បាល​គ្រាប់​ធម្មតា​ពុំ​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ឡើយ ។

កាលពី​២​ខែ​មុន​ក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​បណ្តា​សហគ្រាស និង​បណ្តា​បុគ្គល​ដែល​ទាក់ទិន​នឹង​កម្មវិធី​បាលី​ស្ទិ​ក​នេះ របស់​អីុ​រ៉​ង់ បន្ទាប់​ពី​ការ​សាកល្បង​មី​ស៊ី​ល​រយៈ​មធ្យម​ប្រភេទ EMAD កាលពី​ខែតុលា ឆ្នាំ​២០១៥ ។

ឧត្តមសេនីយ៍ HAJIZADEH ថ្លែង​ថា កង​ឆ្មាំ​បដិវត្តន៍​ពុំ​ចុះ​ញ៉ម​ចំពោះ​ទណ្ឌកម្ម​នេះ​ឡើយ ។ បើ​សត្រូវ​របស់​យើង​ធ្វើការ​គាបសង្កត់ និង​ដាក់​ទណ្ឌកម្ម​យើង យើង​កាន់តែ​ពង្រីក​​កម្មវិធី​មី​ស៊ី​ល​របស់​យើង ៕