ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ ការ​ចូល​ជា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន គឺជា​ការ​បើកទ្វារ​ថ្មី​មួយទៀត​ដើម្បី​ឲ្យ​យើង​អាច​ចេញ​ទៅ​ក្រៅ និង​ជា​ការ​បើកផ្លូវ​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​រវាង​សហគ្រិន​វ័យក្មេង​នៅ​ក្នុង​តំបន់ ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា ។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព ក្នុង​ឱកាស​បើក​មហាសន្និបាត​ប្រចាំឆ្នាំ​២០១៥ នៅ​សណ្ឋាគារ Dara Airport Hotel នា​ល្ងាច​ថ្ងៃ​ទី​១៣ កុម្ភៈ លោក​ឧកញ៉ា សុខ ពិសិដ្ឋ បាន​មាន​ប្រសាសន៍​ថា ៖ « បច្ចុប្បន្ន​សហគ្រិន​វ័យក្មេង​កម្ពុជា បាន​សហការ​ជាមួយ​សហគ្រិន​វ័យក្មេង​នៃ​ប្រទេស​ចំនួន​១០​ជា​ដៃគូ​។ យើង​តែង​មានការ​ជួបជុំ​ជា​ផ្លូវការ​ជា​រៀង​រាល់​ឆ្នាំ​ម្តង សម្រាប់​ជា​ការ​ចែករំលែក​នូវ​ផល​លំបាក​ពី​ការ​ធ្វើ​ទំនាក់ទំនង​អាជីវកម្ម​ជាមួយ​គ្នា ។ តែ​ទោះបី​យ៉ាងណា យើង​នៅ​តែ​ឃើញ​មាន​បញ្ហា​ប្រឈម​ក្នុង​ការ​រកស៊ី​លក្ខណៈ​ជា​គ្រួសារ ច្រើន​ជាង​ការ​រកស៊ី​ក្នុង​របត់​មួយ​ជា​ប្រព័ន្ធ » ។

លោក​មាន​ប្រសាសន៍​បន្ដ​ថា ៖ « ការ​រកស៊ី​ជា​ក្រុម​គ្រួសារ​នេះ បាន​ធ្វើ​ឲ្យ​អាជីវករ​យើង​មាន​កម្រិត​ក្នុង​ការ​ឈាន​ជើង​ចេញ​ក្រៅ​មាន​ដែន​កំណត់ ឬ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ចាប់​ដៃគូ​នៅ​ក្នុង​តំបន់ ។ ឧទាហរណ៍ គាត់​ចង់​ចាប់​ដៃគូ​ជាមួយ​សហគ្រិន​វ័យក្មេង​មក​ពី​ប្រទេស​ណាមួយ​នៅ​ក្នុង​តំបន់ តែបើ​ទៅ​មើល​នៅ​ក្នុង​រចនាសម្ព័ន្ធ​ផែនការអាជីវកម្ម និង​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន គឺ​គ្មាន​អ្វី​ឲ្យ​ច្បាស់លាស់​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​យើង​មានការ​ប្រកួតប្រជែង​មួយ ។ ដោយ​មើលឃើញ​នូវ​ចំណុច​នេះ នា​ពេល​បច្ចុប្បន្ន សមាគម​កំពុង​រៀបចំ​នូវ​រចនាសម្ព័ន្ធ​ក្រុមហ៊ុន​ឲ្យ​ទៅ​ជា​ក្រុមហ៊ុន​មួយ​ដែល​អាច​គ្រប់គ្រង​បាន គឺ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ស្តង់ដា ដោយ​អាច​យើង​ទំនាក់ទំនង​បាន​ជាមួយនឹង​បណ្តា​ប្រទេស​ជិតខាង​ឲ្យ​ទៅ​ជា​សំឡេង​តែ​មួយ និង​អាច​ជជែក​ជាមួយ​គ្នា​បាន » ។

ទាក់ទង​នឹង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នេះ​ដែរ បើ​តាម​ប្រធាន​សមាគម​ឱ្យ​ដឹង​ថា ៖ « សម្រាប់​ខ្ញុំ​យល់​ឃើញ​ថា វា​ជា​ឱកាស​ច្រើន​ជាង​បញ្ហា​ប្រឈម ដោយសារ​ការ​ចូល​ទៅ​ក្នុង​សមាគម​មួយ គឺ​យើង​មាន​សំឡេង​ធំ​ជាង​មុន​។ យើង​មាន​អតិថិជន​រហូត​ដល់​ជាង​៦០០​លាន​នាក់​នៅ​ក្នុង​តំបន់ ។ តែ​បញ្ហា​ប្រឈម​នៅ​តែ​មាន ដូច​យើង​ឃើញជាក់ស្តែង​ក្នុង​របៀបរបប​ប្រកប​អាជីវកម្ម ក៏​ដូច​ជា​ចំណេះដឹង​នៅ​ក្នុង​ឧស្សាហកម្ម​នៅ​មាន​កម្រិត ។ ដូចនេះ យើង​ត្រូវ​ពង្រឹងសមត្ថភាព​សហគ្រិន​របស់​យើង ធ្វើ​យ៉ាងម៉េច ឱ្យ​គាត់​អាច​ឈាន​ជើង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ដើម្បី​ទាញ​ប្រយោជន៍​ពី​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន » ។

ដោយឡែក ចំពោះ​ការ​ធ្វើ​ការងារ​របស់​សមាគម​សហគ្រិន​វ័យក្មេង​នា​ពេល​កន្លង​មក លោក​ឧកញ៉ា​បាន​លើក​ឡើង​ថា ជា​លទ្ធផល សម្រាប់​សហគ្រិន​វ័យក្មេង​នៅ​ក្នុង​អាណត្តិ​២០១៤-២០១៥ កន្លង​មក យើង​ទទួល​បាន ៖

១-​បាន​រៀបចំ​រចនាសម្ព័ន្ធ​ផ្ទៃក្នុង​របស់​សមាគម​បាន​ល្អ និង​មាន​ភាពរឹងមាំ​ជាង​មុន ។
២-​បាន​រៀបចំ​ក្រុមការងារ​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​សភាពាណិជ្ជកម្ម​កម្ពុជា មានដំណើរ​ការ​រលូន​ទៅ​មុខ​ល្អ ។
៣-​បាន​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​៣​ឆ្នាំ​បាន​ជោគជ័យ ដែល​ជា​ទិស​ដៅ​ទៅ​ថ្ងៃ​ខាង​មុខ ។

នៅ​ក្នុង​អាណត្តិ​ថ្មី​ឆ្នាំ​២០១៦-២០១៧ សម្រាប់​សហគ្រិន​វ័យក្មេង​កម្ពុជា​សង្ឃឹមថា នឹង​នាំ​គ្នា​ដើរទៅ​តាម​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​៣​ឆ្នាំ (២០១៦-២០១៨) ដែល​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ ដើម្បី​ជា​គុណប្រយោជន៍​សម្រាប់​សេដ្ឋកិច្ចជាតិ ក៏​ដូច​ជា​គុណប្រយោជន៍​ដល់​សមាជិកសមាគម និង​អាជីវករ​ទូទៅ ។

ចំពោះ​យុទ្ធសាស្ត្រ​រយៈពេល​៣​ឆ្នាំ​ខាង​មុខ បើ​តាម​ប្រធាន​សមាគម​បញ្ជាក់​ថា ៖ « យើង​មាន​ចំណុច​សំខាន់​មួយ​ចំនួន​ដូច​ជា ធ្វើ​យ៉ាងម៉េច ពង្រឹងសមត្ថភាព​របស់​សហគ្រិន ក៏​ដូច​ជា SMEs ឲ្យ​មាន​សមត្ថភាព​ប្រកួតប្រជែង​ក្នុង​អាជីវកម្ម​, សង្កត់ធ្ងន់​ទៅ​លើ​ការ​ទទួល​បាន​ទុន​វិនិយោគ​, ធ្វើ​យ៉ាងម៉េច គោលនយោបាយ​ផ្សេង​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​សហគ្រិន​វ័យក្មេង ក៏​ដូច​ជា​អាជីវកម្ម​នៅ​ពេល​បច្ចុប្បន្ន ។ យើង​កំពុង​ផ្តោត​សំខាន់​ទៅ​លើ E-Commerce ដែល​យើង​គិត​ថា វា​នឹង​រីក​ចម្រើន​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ » ។

លោក​បញ្ជាក់​ថា ៖ « បច្ចុប្បន្ន សម្រាប់​សមាជិក​យើង​អាច​ឈាន​ជើង​ចេញ​ទៅ​ខាងក្រៅ​ក្នុង​កម្រិត​ល្អ​មួយ ដែល​អាច​ជជែក​គ្នា​ដោយ​ប្រើ​ភាសា​តែ​មួយ​បាន ទាំង​សមត្ថភាព​ក្នុង​ការ​សន្ទនា​ពេលធ្វើការ គឺ​យើង​អាច​ទៅ​រួច​ក្នុង​តំបន់​។ បើ​ធ្វើការ​ប្រៀបធៀប​នឹង​ប្រទេស​ក្នុង​តំបន់​នោះ សមត្ថភាព​របស់​សហគ្រិន​វ័យក្មេង​កម្ពុជា​មិន​ក្រោម​គេ​ទេ មាន​ន័យ​ថា ក្មេង​ៗ​ជំនាន់​ក្រោយ​អាច​ចេញ​ទៅ​ជា​តំណាង​ក្នុង​កម្រិត​ដែល​អាច​ជជែក​ជាមួយ​គ្នា​បាន » ។

គួរ​បញ្ជាក់​ដែរ​ថា សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០៩ ក្នុង​គោលបំណង​តាមដាន ត្រួតពិនិត្យ និង​ចូលរួម​កសាង​គោលនយោបាយ​អាជីវកម្ម​ល្អ​មួយ​សម្រាប់​សហគ្រិន​វ័យក្មេង​កម្ពុជា​គ្រប់​រូប ក៏​ដូច​ជា​ចែករំលែក​នូវ​ចំណេះដឹង​ផ្នែក​អាជីវកម្ម លើកកម្ពស់​ស្មារតី​មិត្តភាព ភាតរភាព កិច្ច​សហប្រតិបត្តិការ និង​ទទួល​បាន
អត្ថប្រយោជន៍​ទៅ​វិញ​ទៅ​មក ដើម្បី​ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សង្គម​ឲ្យ​បាន​ល្អជា​មួយ​ដៃគូ​វិនិយោគ​នៅ​ក្នុង​សហគមន៍​ទាំងមូល ៕