ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ នៅ​ខែមករា ឆ្នាំ​២០១៦ អគ្គនាយកដ្ឋាន​ពន្ធដារ​រកបាន​ចំណូល​ពន្ធ​បាន​ប្រមាណ​ជាង​៤៦៦​ពាន់​លាន​រៀល ស្មើនឹង​ប្រមាណ​ជាង​១១៦​លាន​ដុល្លារ​អា​មេ​រិ​ក មាន​កំណើន​ប្រមាណ​ជាង​១០​ភាគរយ បើ​ធៀប​នឹង​ខែមករា ឆ្នាំ​២០១៥ ។ នេះ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រមូល​ពន្ធ​ប្រចាំ​ខែមករា ឆ្នាំ​២០១៦ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ កុម្ភៈ លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​បាន​ឲ្យ​ដឹង​ថា ៖ « ខែមករា​ឆ្នាំ​២០១៦​នេះ ពន្ធដារ​រកបាន​ចំណូល​ពន្ធ​ប្រមាណ​ជាង​៤៦៦​ពាន់​លាន​រៀល គឺ​ប្រមាណ​ជា​១១៦,៥៦​លាន​ដុល្លារ​។ ប្រាក់​ចំណូល​រកបាន​ក្នុង​ខែមករា​ឆ្នាំ​ថ្មី​នេះ បើ​ធៀប​នឹង​ចំណូល​ខែមករា​ឆ្នាំ​២០១៥​ឃើញ​ថា មាន​កំណើន​ប្រមាណ​ជា​៨,៤៩​លាន​ដុល្លារ ឬ​កើន​ប្រមាណ​ជាង​១០​ភាគរយ » ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ចំណូល​មានការ​កើនឡើង​គ្រប់​ប្រភេទ ពន្ធ ក្នុង​នោះ​ប្រភេទ​ពន្ធ​សំខាន់​ៗ​មាន​ដូច​ជា​ពន្ធលើប្រាក់បៀវត្ស កើនឡើង​ប្រមាណ​៩,៥​ភាគរយ អាករ​ពិសេស​កើនឡើង​ប្រមាណ​៨៦,៦​ភាគរយ និង​អាករ​លើ​តម្លៃបន្ថែម​កើន​ប្រមាណ​១៣,៥ ។

បើ​ពិនិត្យ​តាម​វិស័យ​ក៏​ឃើញ​ថា ចំណូល​ក្នុង​ខែមករា​មានការ​កើនឡើង​ស្ទើរ​គ្រប់​សកម្មភាព ក្នុង​នោះ ផ្នែក​ផលិត​ភេសជ្ជៈ​កើនឡើង​៥៨​ភាគរយ ។ ផ្នែក​ផលិត​ថ្នាំជក់​កើន​៦៨,៤​ភាគរយ ។ ផ្នែក​ផលិតផល​គ្រឿង​ប្រើប្រាស់​កើន​៤,៨​ភាគរយ ។ ផ្នែក​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និក កើន​ប្រមាណ​១៥៨​ភាគរយ ។ ផ្នែក​សណ្ឋាគារ​និង​ផ្ទះសំណាក់​កើនឡើង​ប្រមាណ​១៥,៩​ភាគរយ​។ ផ្នែក​ផលិត​យានយន្ត​កើន​២៨,៥​ភាគរយ ។ ផ្នែក​កសិកម្ម​កើនឡើង​ប្រមាណ​៨៧,២​ភាគរយ​។ ផ្នែក​សេវា​សិក្សាអប់រំ​កើនឡើង​ប្រមាណ​៣០៦,៧​ភាគរយ ។ ផ្នែក​លក់​សម្ភារ​ការិយាល័យ​កើន​៣២,៩​ភាគរយ ។ ផ្នែក​សេវា​ថែទាំ​សុខភាព​កើន​១៨២​ភាគរយ ។ ផ្នែក​ផលិត​ម្ហូបអាហារ​កើន​៥,២​ភាគរយ និង​ផ្នែក​ដឹក​ជញ្ជូន​និង​ទេសចរណ៍​កើន​២៤,៣​ភាគរយ ។

ក្រៅពី​ពិនិត្យ​របាយ ការណ៍​លទ្ធផល​ចំណូល​ប្រចាំ​ខែមករា​ឆ្នាំ​២០១៦ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​បញ្ជី​គណនេយ្យ​សម​ញ្ញ​សម្រាប់​អ្នក​ជាប់ពន្ធ​តូច​។ ពិភាក្សា អំពី​ការ​ប្រកាស​ពន្ធលើប្រាក់ចំណេញ​ប្រចាំឆ្នាំ ។ ពិនិត្យ​លើ​ការ​គ្រប់គ្រង​និង​ការ​ប្រមូល​ពន្ធ​មួយ​ចំនួន​ដូច​ជា ការ​ប្រមូល​ពន្ធ​អាករ​ពិសេស​លើ​ទំនិញ​និង​សេវា​មួយ​ចំនួន អាករ​លើ​តម្លៃបន្ថែម ពង្រឹង​ការ​ចុះ​ត្រួតពិនិត្យ ។ ពង្រឹង​សកម្មភាព​ប្រមូល​ពន្ធ​លើ​វិស័យ​មួយ​ចំនួន​ដូច​ជា​ប្រេង សហគ្រាស​សំណង់ ក្រុមហ៊ុននាំចេញ​នាំ​ចូល និង​ក្រុមហ៊ុន​ទូរគមនាគមន៍ ជាដើម ។ ពិនិត្យ​លើ​ការ​ប្រមូល​ពន្ធ​អចលនទ្រព្យ​ពន្ធ​ប្រថាប់ត្រា ។ ពិភាក្សា​ការ​ប្រើ​បង្កាន់ដៃ​ទទួល​ពន្ធ​គ្រប់​ប្រភេទ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ។ ពង្រឹង​ការ​ធ្វើ​សវន​កម្ម​លើ​សហគ្រាស​អ្នក​ជាប់ពន្ធ​តាម​របប​ស្វ័​យ​ប្រកាស ។ ពង្រឹង​ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន ពន្ធ​លើ​ស្លា​យីហោ ពន្ធ​ឈ្នួល​ផ្ទះ និង​ពិនិត្យ​ការ​ស្នើ​ក្រុមហ៊ុន​មួយ​ចំនួន​សុំ​បិទ ។

បន្ថែម​លើ​នេះ ដើម្បី​ប្រមូល​ចំណូល​ពន្ធ​បាន​តាម​គ្រប់​ផែនការ​សម្រាប់​ឆ្នាំ​២០១៦ អគ្គនាយកដ្ឋាន​ពន្ធដារ​បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោលនយោបាយ​កែទម្រង់​ដោយ​ដាក់​ចេញ​នូវ​គោលនយោបាយ​មួយ​ចំនួន​ដូច​ជា បន្ត​អនុវត្ត​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម​របស់​រាជរដ្ឋាភិបាល និង​ធ្វើ​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ។ អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព ការ​ប្រើប្រាស់​បង្កាន់ដៃ​ប្រាក់​ពន្ធ​តែ​មួយ​និង ការ​បំពេញបែបបទ​ដើម្បី​ដាក់​លិខិត ប្រកាស និង​បង់ពន្ធ​តាម​ប្រព័ន្ធ​អន​ឡាញ​។ ពង្រឹង​ការ​អនុវត្ត​និង​ផ្សព្វផ្សាយ​នូវ​ប្រកាស​ស្តី​ពី​ការ​កំណត់​វិធី​និង​នីតិវិធី​នៃ​ការ​អនុវត្ត​បញ្ជី​គណនេយ្យ​សម​ញ្ញ​សម្រាប់​អ្នក​ជាប់ពន្ធ​តូច ។ ពង្រឹង​ការ​គ្រប់គ្រង​ប្រមូល​ពន្ធ​អាករ​ពិសេស​លើ​ទំនិញ​ស្រា និង​បារី ។ បន្ត​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​។​រៀបចំ​ធ្វើ​អង្កេត​តាម​ដងផ្លូវ​ដើម្បី​ឲ្យ​សហគ្រិន​ដែល​មិន​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ឬ​លាក់ខ្លួន​មិន​ព្រម​មក​ចុះបញ្ជី ឲ្យ​មក​ចុះបញ្ជី​គ្រប់​ៗ​គ្នា ។ ពង្រឹង​ការ​គ្រប់គ្រង​ធនធានមនុស្ស​។ បន្ត​លើកកម្ពស់​និង​ប​ញ្ច្រា​ប​វប្បធម៌​បង់ពន្ធ​ក្នុង​ចំណោម​ធុរជន​មជ្ឈដ្ឋាន​តាម​រយៈ​សិក្ខា​សាល ៕