ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

ការ​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​ភាគច្រើន​ត្រូវ​បាន​ផ្ដើម​ចេញពី​តូច​ទៅ​ធំ និង​ដាក់​ទុន​ជា​លក្ខណៈ​តូចតាច ឬ​ជា​លក្ខណៈ​បែប​គ្រួសារ ដោយ​បើក​លក់​សម្ភារ​អ្វី​ដែល​ខ្លួន​គិត​ថា កំពុង​មាន​តម្រូវការ និង​អាច​មាន​តម្រូវការ​នា​ពេល​អនាគត ។

សម្រាប់​ប្រទេស​កម្ពុជា ការ​បង្កើត​ម៉ាក​យីហោ​ផ្ទាល់ខ្លួន​នៅ​មិន​ទាន់​មាន​ច្រើន​ប៉ុន្មាន​ទេ ហើយ​ក៏​មិនសូវ​មាន​អ្នក​ចាប់អារម្មណ៍​ពី​ការ​ប្រើប្រាស់​ផលិតផល​ដែល​មាន​ម៉ាក​យីហោ​​នៅឡើយ ។ ទាក់ទង​នឹង​ការ​រកស៊ី​បែប​នេះ អ្នក​យក​ព័ត៌មាន​ផ្នែក​សេដ្ឋកិច្ច​របស់​កោះសន្ដិភាព សូម​លើកយក​ដំណើរ​នៃ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ឃី ហួត ដែល​ជា​ក្រុមហ៊ុន​លក់​គ្រឿងសំណង់​មួយ​នៅ​កម្ពុជា ដែល​ពី​ដំបូង​ឡើយ គ្រាន់តែ​បើក​ជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ តែ​បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ហើយ ក៏​មាន​លទ្ធភាព​អាច​បង្កើត​ម៉ាក​យីហោ​ដោយ​ខ្លួនឯង និង​មាន​ទុន​រហូត​ដល់​រាប់​លាន​ដុល្លារ​អា​មេ​រិ​ក ។

ឃី ហួត ជា​ក្រុមហ៊ុន​បង្កើត​ម៉ាក​យីហោ​ផ្ទាល់ខ្លួន បាន​សម្រេច​បង្កើត​ម៉ាក​យីហោ (Brand) ដោយ​សហការ​ជាមួយ​រោងចក្រ​ផលិត​នៅ​បរទេស ។ ការ​សម្រេច​បើក​អាជីវកម្ម និង​បង្កើត​ម៉ាក​យីហោ​ផ្ទាល់ខ្លួន​នេះ ទើបតែ​បាន​ជាង​១​ឆ្នាំ​ប៉ុណ្ណោះ តែ​មានការ​គាំទ្រ និង​មាន​ទីផ្សារ​ច្រើន និង​ខ្ពស់​លើស​ពី​ការ​រំពឹង​ទុក​ទៅ​ទៀត ។

ឃី គឺជា​ម៉ាក​យីហោ​របស់​គ្រឿងសំណង់ ដែល​មាន​ឥដ្ឋការ៉ូ និង​សម្ភារ​បន្ទប់ទឹក​របស់​ក្រុមហ៊ុន ឃី ហួត ដែល​ទើប​បង្កើត​នៅ​អំឡុង​ខែមេសា ឆ្នាំ​២០១៥ កន្លង​មក ។ បើ​តាម​ការ​បញ្ជាក់​របស់​អ្នកគ្រប់គ្រង​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​ថា ៖ « ចាប់តាំងពី​បង្កើត​ម៉ាក​យីហោ (Brand)​នេះ​មក ឃើញ​ថា មានការ​គាំទ្រ​ច្រើន រហូត​ដល់​បង្កើត​សាខា​នៅ​តាម​បណ្ដា​ខេត្ត​នានា​ជា​ច្រើន​ទៀត ដើម្បី​ឱ្យ​អតិថិជន​កាន់តែ​មាន​ភាព​ងាយស្រួល​ទំនាក់ទំនង​រក​ផលិតផល​ម៉ាក​នេះ » ។

លោក ហេង សុខ​ឆាយ ប្រធាន​ផ្នែក​គ្រប់គ្រង​ម៉ាក​ផលិតផល និង​ផ្នែក​លក់ដុំ​នៃ​ក្រុមហ៊ុន ឃី ហួត ដែល​មា​នទី​តាំងនៅ​ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត ជាប់​ស្តុ​ប​ទេព​ផ​ន បាន​រៀបរាប់​ថា ៖ « ក្រុមហ៊ុន​លក់​គ្រឿងសំណង់ ឃី ហួត បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៩១​មក​ម្ល៉េះ ដោយ​ដំបូង​ឡើយ​បើក​ជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ តែ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ បាន​បង្កើត​ម៉ាក​ឃី ដោយ​សហការ​ជាមួយ​រោងចក្រ​ផលិត​គ្រឿងសំណង់ និង​សម្ភារ​បន្ទប់ទឹក​នៅ​បណ្ដា​ប្រទេស​ដែល​មានកេរ្តិ៍ឈ្មោះ​ល្បី​សម្រាប់​ផលិត និង​នាំ​ចូល​មក​ប្រទេស​កម្ពុជា » ។

អ្វី​ដែល​ក្រុមហ៊ុន​ទទួល​បាន​បន្ទាប់​ពី​បង្កើត​ម៉ាក​យីហោ​នេះ​មក ក្រុមហ៊ុន​បាន​កំណត់​ទិស​ដៅ​មួយ​សម្រាប់​ការ​លក់ ហើយ​មិន​ត្រឹមតែ​លក់​បាន​តាម​ទិស​ដៅ​នោះ​ទេ គឺ​ថែម​ទាំង​លក់​លើស​ពី​ទិស​ដៅ​បាន​កំណត់​ទៀត​ផង ដែល​ជា​ជោគជ័យ​មួយ​របស់​ក្រុមហ៊ុន​មួយ​នេះ ។

លោក ហេង សុខ​ឆាយ រៀបរាប​ថា ៖ « កាលពី​មួយ​ខែ​ដំបូង​នៃ​ការ​ចេញ​លក់​ផលិតផល​ដែល​បង្កើត​ម៉ាក​យីហោ​ផ្ទាល់ខ្លួន គឺ​បាន​កំណត់​ចំនួន​លក់​នៅ​កម្រិត​មួយ តែ​អ្វី​ដែល​ទទួល​បាន​នោះ គឺ​ហួស​ពី​ការ​រំពឹង ដែល​ធ្វើ​ឱ្យ​ក្រុមការងារ​ផ្នែក​លក់​ទាំងអស់​កាន់តែ​មាន​ទឹកចិត្ត និង​ជំរុញ​ការ​លក់​បាន​កាន់តែ​ច្រើន​ឡើង » ។

លោក​បន្ត​ថា ៖ « សម្រាប់​ផលិតផល​សំណង់​ដែល​ក្រុមហ៊ុន​នាំ​ចូល​មក​ចែកចាយ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ ហើយ​មាន​ម៉ាក ឃី នេះ គឺ​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ចិន ដោយ​សារ​មាន​រោងចក្រ​មួយ​នៅ​ទីនោះ ។ តែ​នេះ​ជា​អ្វី​ដែល​ប្រជាជន​កម្ពុ​ជាមួយ​ចំនួន​យល់​ច្រ​លំ​ថា ឱ្យ​តែ​សម្ភារ​ដែល​នាំ​ចូល​ពី​ចិន គឺជា​របស់​មិនល្អ និង​មិនសូវ​មាន​អ្នក​ប្រើ​ប្រាស់។ នេះ​គឺជា​ផ្នត់គំនិត​របស់​ប្រជាជន​ខ្មែរ តែ​រឿង​នេះ​ក៏​ត្រូវ​គិត​ដែរ​ថា សព្វថ្ងៃ សម្ភារ​ទំនើប​ៗ​ជា​ច្រើន​ត្រូវ​បាន​ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​ចិន ។ ជាក់ស្ដែង រថយន្ត​ទំនើប​ៗ ទូរស័ព្ទ​ទំនើប​ៗ និង​សម្ភារ​ទំនើប​ៗ​ជា​ច្រើន​ទៀត គឺ​វា​ក៏​មានគុណ​ភាពល្អ​សម្រាប់​ប្រើប្រាស់ ដែល​មិនមែន​សុទ្ធតែ​អន់​ទាំង​អស់នោះ​ទេ ។ មិន​ខុស​អី​ពី​សម្ភារ​សំណង់​ដែល​ក្រុមហ៊ុន ឃី ហួត កំពុង​នាំ​ចូល​នោះ​ដែរ គឺ​ត្រូវ​បាន​ផលិត​នៅ​ប្រទេស​ចិន តែ​វា​ជា​ផលិតផល​ដែល​ក្រុមហ៊ុន ឃី ហួត បាន​កុម្ម៉ង់ ហើយ​ពិតជា​មានគុណ​ភាព​មែន » ។

លោក​បន្ត​ទៀត​ថា ៖ « រាល់ពេល​ដែល​សម្ភារ​នាំ​ចូល​មក​ខុស​ពី​អ្វី​ដែល​ក្រុមហ៊ុន​កុម្ម៉ង់ ឬ​មិន​តាម​ស្តង់ដា​នោះ ក្រុមហ៊ុន​នឹង​បញ្ជូន​សម្ភារ​ទាំងនោះ​ត្រឡប់​ទៅ​រោងចក្រ​វិញ ដើម្បី​ឱ្យ​ផលិត​ស្រប​ទៅ​តាម​ស្តង់ដា​ដែល​កុម្ម៉ង់ ។ ទាំងនេះ​ហើយ​ដែល​ធ្វើ​ឱ្យ​អតិថិជន​នៅ​កម្ពុជា​មាន​ភាព​ជឿជាក់ និង​គាំទ្រ​ផលិតផល​ម៉ាក​នេះ ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន ឃី ហួត ក៏​បាន​កំពុង​សិក្សា​សម្លឹង​មើល​ពី​ដៃគូ​នៅ​បណ្ដា​ប្រទេស​ល្បី​ៗ​ផ្សេង​ទៀត ក្នុង​ការ​ផលិត​សម្ភារ​សំណង់​ដើម្បី​នាំ​ចូល​មក​ប្រទេស​កម្ពុជា​ផង​ដែរ » ។

ទាក់ទង​នឹង​វិស័យ​សំណង់​នា​ពេល​បច្ចុប្បន្ន​ដែល​កំពុង​រីក​ដុះដាល​នេះ ស្របគ្នា​នោះ​ដែរ កំណើន​នៃ​អាជីវកម្ម​លក់​គ្រឿងសំណង់​ក្នុង​ប្រទេស​កម្ពុជា​ក៏​មាន​ច្រើន តែ​អ្វី​ដែល​ក្រុមហ៊ុន​ម្ចាស់​សំណង់ ឬ​អតិថិជន​ត្រូវ​ជ្រើសរើស​សម្ភារ​សំណង់​សម្រាប់​សាងសង់ គឺ​ត្រូវ​សម្លឹង​មើល​ពី​ផលិតផល​ណា​ដែល​មាន​ម៉ាក​យីហោ និង​មានការ​ធានា​ជូន​ត្រឹមត្រូវ ។ ដោយឡែក សម្រាប់​ក្រុមហ៊ុន ឃី ហួត ដើម្បី​ឱ្យ​អតិថិជន​កាន់តែ​មានការ​ជឿជាក់​ទៅ​លើ​ផលិតផល​ម៉ាក ឃី នេះ ក្រុមហ៊ុន​បាន​ផ្ដល់​ជូន​សេវា​តាមដាន​នូវ​បច្ចេកទេស​នៃ​ការ​សាងសង់ មិនមែន​លក់​ហើយ ចប់​គ្នា​នោះ​ទេ ។

គួរ​បញ្ជាក់​ដែរ​ថា សព្វ​ថ្ងៃនេះ សំណង់​ធំ​ៗ​ជា​ច្រើន​ដូច​ជា ខុន​ដូ និង​អា​ផាត​មែន ក៏​ដូច​ជា​សណ្ឋាគារ​ល្បី​ៗ​មួយ​ចំនួន​នៅ​កម្ពុជា ក៏​បាន​យក​សម្ភារ​ពី​ក្រុមហ៊ុន​ឃី ដើម្បី​ធ្វើការ​សាងសង់ និង​រចនា​ក្នុង​បន្ទប់ទឹក​ផង​ដែរ ក្នុង​នោះ​មាន​ខេត្ត​ព្រះ​សីហ​នុ ជា​ពិសេស នៅ​រាជធានី​ភ្នំពេញ ។ នេះ​មិន​ទាន់​រាប់​បញ្ចូល​ទាំង​សំណង់ផ្ទះ​នានា ដែល​បាន​ទិញ​សម្ភារ​នេះ​យក​ទៅ​ប្រើប្រាស់​ទេ ៕