ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆ្នាំ​២០១៥ កន្លង​មក មាន​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន​៩៩.៧០៨​នាក់ (​ស្រី​៦៦.៥០៨​នាក់​) បាន​ទទួល​ការងារ​ថ្មី ក្នុង​នោះ​ការងារ​នៅ​ក្នុង​ប្រទេស​មាន​ចំនួន​៧៣.៤០៨​នាក់ និង​ការងារ​ក្រៅប្រទេស​ចំនួន​២៦.៣០០​នាក់ (​ស្រី​៩.៩៧៨​នាក់​) ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។
របាយការណ៍​ដដែល​បញ្ជាក់​ថា ក្នុង​ចំណោម​ពលករ​ដែល​ធ្វើការ​នៅ​ក្រៅប្រទេស​នៅ​ឆ្នាំ​២០១៥​កន្លង​មក ក្នុង​នោះ​មាន​ប្រទេស​ថៃ​ចំនួន​១៦.១៦៣​នាក់ (​ស្រី​៦.៥៣៧​នាក់​), សាធារណរដ្ឋ​កូរ៉េ ៧.៨៣២​នាក់ (​ស្រី​១.៨៤២​នាក់​), ជប៉ុន ១.៣៩៩​នាក់ (​ស្រី​៩១៥​នាក់​), ម៉ា​ឡេ​ស៊ី ៨០៧​នាក់ (​ស្រី​៥៨៥​នាក់​) និង​ប្រទេស​សិង្ហ​បុរី ៩៩​នាក់ ស្រី​ទាំង​អស់។

តាម​របាយការណ៍​ឲ្យ​ដឹង​ទៀត​ថា បើ​គិត​ចាប់ពី​ឆ្នាំ​២០០៧ រហូត​មក​ដល់​ឆ្នាំ​២០១៥​ប្រជាពលរដ្ឋ​ដែល​ទទួល​បានការ​ងារ​ថ្មី​មាន​ចំនួន​៥១៨.៨៤៧​នាក់ (​ស្រី​៣០០.៦០៣​នាក់​) ក្នុង​នោះ​ការងារ​ក្នុង​ប្រទេស​មាន​៣២១.៨៨៩​នាក់ (​ស្រី​២១៣.៦២៣​នាក់​) និង​ការងារ​ក្រៅប្រទេស មាន​១៩៦.៩៥៨​នាក់ (​ស្រី​៨៦.៤៩៩​នាក់​) ។

ថ្លែង​នៅ​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៦ នៃ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ នា​ព្រឹក​ថ្ងៃ​ទី​១៧ កុម្ភៈ នៅ​ទីស្តីការក្រសួង លោក អុ​ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិ​ជ្ចា​ជីវៈ បាន​មាន​ប្រសាសន៍​ថា ៖ « បច្ចុប្បន្ន​នេះ កម្ពុជា​មាន​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ចំនួន​ជាង​៦២​ម៉ឺន​នាក់ ក្នុង​នោះ​ប្រទេស​ថៃ​៥៤​ម៉ឺន​នាក់​, ម៉ា​ឡេ​ស៊ី​៣៨.៦៣៣​នាក់​, ជប៉ុន​២.២៨៨​នាក់​, សិង្ហ​បុរី​៤០១​នាក់ និង​សាធារណរដ្ឋ​កូរ៉េ​៤៤.៣៣០​នាក់ ដែល​ទទួល​បាន​ប្រាក់​ចំណូល​ជា​មធ្យម​ប្រមាណ​ជាង​១.០០០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ​ៗ ។ ក្នុង​នោះ​ពលករ​មិន​ស្របច្បាប់​នៅ​ប្រទេស​ថៃ មាន​ប្រមាណ​ជាង​៤០​ម៉ឺន​នាក់ និង​នៅ​ម៉ា​ឡេ​ស៊ី និង​សាធារណរដ្ឋ​កូរ៉េ​មួយ​ចំនួន​ទៀត » ។

លោក​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិ​ជ្ចា​ជីវៈ ឲ្យ​មាន​ប្រសាសន៍​ទៀត​ថា ៖ « ចំណែក​ប្រាក់​ចំណូល​ដែល​ទទួល​បាន​ពី​ពលករ​ធ្វើការ​នៅ​ក្រៅ​ស្រុក​វិញ មាន​ប្រមាណ​ជាង​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​បាន​ជួយ​លើក​ស្ទួយ​ជីវភាព​រស់នៅ​ក្នុង​គ្រួសារ​របស់​ពួក​គេ​ឱ្យ​បាន​រីក​ចម្រើន » ។

កន្លង​មក ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដី​ពី​ការ​ជ្រើសរើស និង​ការ​ប្រើប្រាស់​ពលករ (​ពលករ​ទូទៅ​) និង​អនុស្ស​រណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដី​ពី​ការ​ជ្រើសរើស និង​ការ​ប្រើប្រាស់​ពលករ​ការងារ​ផ្ទះ ជាមួយ​ក្រសួង​ធនធានមនុស្ស​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី ព្រមទាំង​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​នៃ​វិស័យ​ការងារ និង​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម ជាមួយ​ក្រសួង​ការងារ​ថៃ​នៅ​ទីក្រុង​បាងកក ព្រះរាជា​ណា​ចក្រ​ថៃ ហើយ​ក៏​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដី​ពី​ការ​ជ្រើសរើស និង​ការ​ប្រើប្រាស់​ពលករ (​ពលករ​ទូទៅ​) និង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដី​ពី​ការ​ជ្រើស​រើស និង​ការ​ប្រើប្រាស់​ពលករ​ការងារ​ផ្ទះ ជាមួយ​ក្រសួង​ការងារ​អា​រ៉ាប់​ប៊ី សា​អូឌីត នៅ​ទីក្រុង​រី​យ៉ា​ត ។ នេះ​បើ​តាម​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ទៀត​ថា ៖ « ក្រសួង​បាន​ពង្រឹង​យន្តការ​ផ្តល់​សេវា​មុខរបរ និង​ការងារ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ដែល​ឆ្លើយ​តប​បាន​នឹង​តម្រូវការ​របស់​អ្នក​ប្រើ​សេវា ដោយ​បាន​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ព័ត៌មាន​ទីផ្សារ​ការងារ​បាន​យ៉ាង​ទូលំទូលាយ និង​ដាក់​ចេញ​នូវ​យន្តការ​គ្រប់គ្រង​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ក្នុង​ប្រទេស និង​ការពារ​ពលករ​ទេសន្តរប្រវេសន៍​ខ្មែរ​នៅ​បរទេស​តាម​រយៈ​សេវា​ទាំងនេះ ហើយ​ឃើញ​ថា អត្រា​អត់​ការងារ​ធ្វើ​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​រហូត​ដល់​០,៦% សម្រាប់​ឆ្នាំ​២០១៦ និង​២០១៧ ។ នេះ​បើ​តាម​ការ​ព្យាករ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ILO » ។

ជាមួយ​គ្នា​នេះ​ដែរ ក្រសួង​ការងារ​បាន​ធ្វើ​ទំនើប​កម្ម​រចនាសម្ព័ន្ធ​ឧស្សាហកម្ម ពី​ឧស្សាហកម្ម​អតិពលកម្ម​ទៅ​ជា​ឧស្សាហកម្ម ដោយ​ផ្អែក​លើ​ជំនាញ​ត្រឹមត្រូវ ។ នៅ​ឆ្នាំ​២០២៥ សំដៅ​ផ្លាស់​ប្ដូរ​ពី​ឧស្សាហកម្ម​ដែល​មាន​តម្លៃបន្ថែម​ទាប ទៅ​ជា​ឧស្សាហកម្ម​ដែល​មាន​តម្លៃបន្ថែម​ខ្ពស់ ដើម្បី​លើកកម្ពស់​ភាព​ប្រកួតប្រជែង និង​ផលិតភាព​ការងារ ។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា ៖ « រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ជាតិ​ស្តី​ពីមុខ​របរ និង​ការងារ​ឆ្នាំ​២០១៥-២០២៥ ដែល​មាន​ភាព​ប្រទាក់ក្រឡា​គ្នា និង​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ព្រមទាំង​ទាញ​យក​ប្រយោជន៍​ពី​សក្តានុពល​នៃ​គោលនយោបាយ​ជាតិ អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ ដែល​មាន​ចក្ខុវិស័យ​ជំរុញ​កែប្រែ​ឧស្សាហកម្ម​នៅ​កម្ពុជា » ។

លោក​រដ្ឋមន្ត្រី​លើក​ឡើង​ថា ៖ « ក្នុង​រយៈពេល​៥​ឆ្នាំ​បាន​ប្រមូលផ្ដុំ​លើ​អាទិភាព​ចំនួន​៥ រួម​មាន ៖ ១-​ការ​អភិវឌ្ឍ​លក្ខខណ្ឌ​ការងារ និង​សុខដុម​នី​យ​កម្ម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​, ២-​ការ​អភិវឌ្ឍ​ការ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​, ៣-​ការ​អភិវឌ្ឍ​មុខរបរ និង​ការងារ​, ៤-​ការ​អភិវឌ្ឍ​របប​សន្ដិសុខ​សង្គម​សម្រាប់​ជន​ទាំងឡាយ ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញតិ​នៃ​ច្បាប់​ស្ដី​ពី​ការងារ និង​៥-​ការ​ពង្រឹង​អភិបាលកិច្ច​ល្អ ដោយ​បាន​អនុវត្ត​តាម​ផែនការ​សកម្មភាព​សំខាន់​ៗ » ៕