ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆ្នាំ​២០១៥​កន្លង​មក ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ឃើញ​ថា ទ្រព្យសកម្ម​បាន​កើនឡើង​២៦%​ស្មើនឹង​៩៥,៦៦​ទ្រី​លាន​រៀល ។ ការ​កើនឡើង​នេះ​ដោយសារ​កំណើន​ដើមទុន​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​២៦,៩%, ប្រាក់​បញ្ញើ​របស់​អតិថិជន​១៨,៩% និង​កម្ចី​ពី​ខាងក្រៅ​៦២,៣% ធៀប​នឹង​ដំណាច់ឆ្នាំ​២០១៤ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា ។

របាយការណ៍​ដដែល​បង្ហាញ​ថា តាម​ផលធៀប​ទៅ​លើ​ឆ្នាំ​នេះ ប្រាក់​បញ្ញើ​របស់​អតិថិជន​បាន​កើនឡើង​១៨,៩% ស្មើនឹង​៥១,៦១​ទ្រី​លាន​រៀល ។ ឥណទាន​បាន​កើនឡើង​២៨%​ស្មើនឹង​៦១,៦២​ទ្រី​លាន​រៀល ក្នុង​នោះ​អតិថិជន​ដាក់​ប្រាក់​បញ្ញើ និង​អតិថិជន​ទទួល​បាន​ឥណទាន បាន​កើនឡើង​ចំនួន​២១,៧% និង​១៤,១៤% ស្មើនឹង​៤​លាន​នាក់ និង​២,៥​លាន​នាក់​រៀង​គ្នា ។

ការ​កើនឡើង​នេះ គឺ​រួម​ទាំង​ការ​ពង្រីក​បណ្តាញ​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ ។ ជាក់ស្តែង ម៉ាស៊ីន​ដក​ប្រាក់​មាន​ចំនួន​៤.១៣៤​ម៉ាស៊ីន​, ដាក់​ប្រាក់​ស្វ័យប្រវត្តិ​មាន​១.០៨២​ម៉ាស៊ីន​, ប័ណ្ណឥណទាន​មាន​៣៩.៧១០​ប័ណ្ណ និង​ប័ណ្ណ​ឥណ​ពន្ធ​មាន​១.៤៥០.៣៨១​ប័ណ្ណ ។ ជាមួយ​គ្នា​នេះ​ដែរ អ្នកដំណើរ​កា​រត​តិ​យ​ភាគី​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​បម្រើសេវា​ផ្ទេរ​ប្រាក់ និង​ទូទាត់​សង​ប្រាក់​ចល័ត​ជូន​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​ក្នុង​តម្លៃ​សមរម្យ ។

របាយការណ៍​បង្ហាញ​ទៀត​ថា ការណ៍​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រជាជន​មានការ​យល់​ដឹង​ច្រើន​ជាង​មុន​អំពី​សេវា​ហិរញ្ញវត្ថុ និង​មាន​លទ្ធភាព​កាន់តែ​ប្រសើរ​ឡើង​ក្នុង​ការ​ទទួល​បាន​នូវ​សេវា​ហិរញ្ញវត្ថុ ។ ស្រប​នឹង​ការ​រីក​ចម្រើន​នេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​បង្កើន​ការ​យកចិត្តទុកដាក់​ត្រួតពិនិត្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​យ៉ាង​ប្រុង​ប្រយ័ត្ន​ជាប់​ជា​ប្រចាំ​ដើម្បី​ធានា​ថា គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នីមួយ​ៗ​មាន​ប្រព័ន្ធ​ធនាគារ​ទាំងមូល​មាន​សុខភាព​ល្អ និង​មាន​ភាពរឹងមាំ ។ ជា​លទ្ធផល អនុ​បាត​សន្ទនីយ​ភាព និង​អនុ​បាត​សាធន​ភាព​ជា​មធ្យម​របស់​គ្រឹះស្ថាន​ធនាគារ​មាន​ប្រមាណ​៧៧% និង​២៣% ខណៈ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​កម្រិត​មធ្យម​ប្រមាណ​១៥៥% និង​២០% រៀង​គ្នា​ខ្ពស់​ជាង​កម្រិត​អប្បបរមា ។

ទោះជា​ឥណទាន​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ក្តី ក៏​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​នៅ​តែ​អាច​រក្សា​អនុ​បាត​ឥណទាន​មិន​ដំណើរការ​នៅ​មាន​កម្រិត​ទាប បើ​ធៀប​នឹង​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់ ជាមួយនឹង​អត្រា​មធ្យម​២,៣% និង​០,៧% ។ ជា​រួម លទ្ធផល​ខាងលើ​នេះ​បង្ហាញ​ថា ប្រព័ន្ធ​ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​មាន​វឌ្ឍនភាព​សុខភាព​ល្អ និង​បាន​ពង្រីក​ខ្លួន​ជា​លំដាប់​ស្រប​តាម​ការ​អភិវឌ្ឍ​ឥត​ឈប់​ឈរ​នៃ​សេដ្ឋកិច្ចជាតិ ។

ទាក់ទង​នឹង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នេះ​ដែរ បើ​តាម​រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វ​ង្សី វិស្សុត បាន​មាន ប្រសាសន៍​នៅ​ក្នុង​វេទិកាសាធារណៈ​ស្តី​ពី​ការ​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ថវិកា​ឆ្នាំ​២០១៦ នៅ​ទីស្តីការក្រសួង កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ ថា ៖ « អ្វី​ដែល​ខ្ញុំ​ចង់​គូសបញ្ជាក់​បន្តិច​អំពី​ហានិភ័យ គឺ​មានការ​បារម្ភ យើង​កំពុង​សិក្សា​ឲ្យ​ស៊ីជម្រៅ​បន្ថែម​ទៀត​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ ។ ធនាគារ​បាន​ដើរតួ​នាទី​យ៉ាង​ធំ​ក្នុង​ការ​ចូលរួម​កំណើន​នា​ពេល​កន្លង​មកនេះ ដែល​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ជា​រចនាសម្ព័ន្ធ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ក៏​បង្កើត​នូវ​ហានិភ័យ​មួយ​ចំនួន​ផង​ដែរ​។ ហានិភ័យ​ដែល​ជា​បញ្ហា​ទី​១ ទំហំ​នៃ​ការ​ឲ្យ​ខ្ចី​ធំ​មែនទែន គឺ​ចង់​ស្មើនឹង GDP, កំណើន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​គឺថា ប្រទេស​កម្ពុជា​យើង​មាន​កំណើន​ខ្ពស់​ជាងគេ​បង្អស់​នៅ​ក្នុង​តំបន់ គឺ​ជាង​៣០%​រៀង​រាល់​ឆ្នាំ ដែល​បង្កើត​ជា​ការ​ព្រួយបារម្ភ » ។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ « នៅ​ក្នុង​ក្របខ័ណ្ឌ​ធនាគារ​នៅ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​សព្វ​ថ្ងៃនេះ​មិនតូច​ទេ ទាំង​ទំហំ និង​អត្រា​ការ​ប្រាក់​យើង​នៅ​តែ​មាន​កង្វល់ ព្រោះ​វា​ខ្ពស់​ពេក ហើយ​ខ្ញុំ​មិន​ជឿ​ថា នៅ​ក្នុង​វិស័យសេដ្ឋកិច្ច​អភិវឌ្ឍន៍ជនបទ SMEs យើង​រត់​អត់​រួច​ទេ ។ ផល​ប៉ះពាល់​ចេញពី​ភាពរាំងស្ងួត ឬ​កតា្ត​អាកាសធាតុ ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​វិស័យ​មីក្រូហិរញ្ញវត្ថុ​ដែល​ជា​វិស័យ​មួយ​ធំ​ដែរ ហើយ​វិស័យ​មីក្រូហិរញ្ញវត្ថុ​ភាគច្រើន​ខ្ចី​លុយ​ពី​បរទេស ។ យើង​គ្រាន់តែ​និយាយ​ពី​ហានិភ័យ​ទេ តែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍ គឺ​វិស័យ​ធនាគារ និង​វិស័យ​អចលនទ្រព្យ តែ​អាច​នៅ​គ្រប់គ្រង​បាន ប៉ុន្តែ​យើង​ត្រូវ​មាន​វិធានការ បើ​នៅ​តែ​បណ្តោយ​ឲ្យ​មានកា​រវិ​វ​ឌ្ឍ​ទៅ​មុខ​ទៀត​នោះ​អាច​ជា​គ្រោះថ្នាក់​ដល់​សេដ្ឋកិច្ចជាតិ » ។

គួរ​បញ្ជាក់​ដែរ​ថា គិត​មក​ដល់​សព្វ​ថ្ងៃនេះ គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា មាន ធនាគារពាណិជ្ជ​៣៦, ធនាគារ​ឯកទេស​១១, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​៨, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​៥០, ប្រតិបត្តិ​ករ​មីក្រូហិរញ្ញវត្ថុ​១០៤, គ្រឹះស្ថាន​ចំណុះ​ច្បាប់​ផ្សេង​ៗ ក្នុង​មាន​ការិយាល័យ​តំណាង​ធនាគារ​បរទេស​៨, ក្រុមហ៊ុន​ភតិសន្យា​៩, អ្នកដំណើរ​កា​រត​តិ​យ​ភាគី​៥, ក្រុមហ៊ុន​ក្រេ​ឌី​ត​ប៊្យូ​រ៉ូ​១ និង​អាជីវករ​ប្តូរ​ប្រាក់​២០១០ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា ៕