ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ លី​ហួរ​គ្រុប ជា​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ដែល​មាន​ក្រុមហ៊ុន​សម្ព័ន្ធ​ជា ច្រើន​ដូច​ជា បុរី​វិមាន​ភ្នំពេញ មីក្រូហិរញ្ញវត្ថុ លី​ហួរ​ប្តូរ​ប្រាក់ ក្រុមហ៊ុន​សន្តិសុខ និង​លី​ហួរ​គ្រឿងអលង្ការ ជាដើម ។ ទន្ទឹម​នឹង​ការ​វិវត្តន៍​ជា​បន្ដបន្ទាប់​គួរ​ឲ្យ​កត់សម្គាល់​ដូចនេះ កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន​លី​ហួរ​គ្រុប ក៏​បាន​ទទួល​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ថ្មី​មួយទៀត​ពី​ធនាគារជាតិ​នៃ​កម្ពុជា សម្រាប់​ធ្វើ​អាជីវកម្ម​លើ​វេ​សា​ផ្ទេរ​ប្រាក់​ទូ​ទាំង​ប្រទេស​កម្ពុជា ដែល​មានឈ្មោះ​ថា «​លី​ហួរ​វេរ​លុយ​» ដែល​ធ្វើ​ពិធី​ប្រគល់ និង​ទទួល​ជា​ផ្លូវការ​នៅ​ល្ងាច​ថ្ងៃ​ទី​២៤ កុម្ភៈ​នេះ នៅ​សណ្ឋាគារ​សុខា ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​នៃ​ធនាគារជាតិ​នៃ​កម្ពុជា តំណាង​ធនាគារពាណិជ្ជ​ក្នុង និង​ក្រៅប្រទេស តំណាង​មីក្រូហិរញ្ញវត្ថុ​នានា និង​ភ្នាក់ងារ​វេរ​លុយ​របស់​លី​ហួរ​វេរ​លុយ​ជា​ច្រើន​នាក់ ។

ប្រភព​ពី​ថ្នាក់​គ្រប់គ្រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​លី​ហួរ​គ្រុប​បានឱ្យ​ដឹង​ថា ៖ « អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​វេរ​លុយ​របស់​ក្រុមហ៊ុន​លី​ហួរ​គ្រុប ត្រូវ​បាន​ធនាគារជាតិ​នៃ​កម្ពុជា ផ្ដល់​ឱ្យ​តាំងពី​ថ្ងៃ​ទី​២០ មក​រា មក​ម្ល៉េះ តែ​ទើបនឹង​ធ្វើ​ពិធី​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ នេះ ។ ចំពោះ​ដំណើរការ​ធ្វើ​អាជីវកម្ម យើង​នឹង​ចាប់ផ្ដើម​ក្នុង​ពេល​ឆាប់​ៗ​នៅ​ឆ្នាំ​២០១៦​នេះ » ។

ប្រភព​បានឱ្យ​ដឹង​ទៀត​ថា ៖ « ឥឡូវនេះ លី​ហួរ​វេរ​លុយ​មាន​ភ្នាក់ងារ​ជាង​១.០០០​ភ្នាក់ងារ​សម្រាប់​ដំណើរការ​ទូ​ទាំង​២៥​រាជធានី​-​ខេត្ត និង​កំពុង​ទទួល​ភ្នាក់ងារ​បន្ថែម​ទៀត​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ការ​ធ្វើ​ចរាចរ​សាច់ប្រាក់​ទៅ​វិញ​ទៅ​មក​ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល » ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លី​ហួរ​គ្រុប​បាន​បញ្ជាក់​ថា គោលបំណង​នៃ​ការ​បង្កើត​ក្រុមហ៊ុន​លី​ហួរ​វេរ​លុយ​នេះ​ឡើង គឺ​ដោយសារ​ក្រុមហ៊ុន​មាន​ទស្សនវិស័យ និង​បេសកកម្ម​ច្បាស់​មួយ​ចំនួន​ដូច​ជា ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​, ផ្តល់​សេវា​ទូទាត់​ប្រាក់​តាម​រយៈ​ភ្នាក់ងារ​លី​ហួរ នៅ​តាម​ជនបទ តាម​បណ្តា​ខេត្ត​-​ក្រុង​នានា និង​តំបន់​ដាច់​ស្រយាល​ទាំងអស់​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។ ផ្តល់​ភាព​ងាយស្រួល និង​ឆាប់រហ័ស ដែល​ខិត​ទៅ​ជិត​លំនៅ​ឋាន​អតិថិជន​ក្នុង​ការ​ងាយស្រួល​ទំនាក់ទំនង និង​ផ្តល់​បម្រើ​សេវាកម្ម​៧​ថ្ងៃ​ក្នុង​១​ស​ប្តា​ហ៍ ។ ផ្តល់​សេវាកម្ម​ធូរ​ថ្លៃ សម​ស្រប​តាម​ទីផ្សារ​ជូន​អតិថិជន​, ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ទំនើប​ដោយ​គោរព​តាម​បទដ្ឋាន​អន្តរជាតិ​, ធានា​បាន​នូវ​ភាព​ត្រឹមត្រូវ និង​ទំនុកចិត្ត​ដល់​អតិថិជន មិន​បាត់បង់​សាច់ប្រាក់ និង​ទប់ស្កាត់​នូវ​ការ​សម្អាត​ប្រាក់ ។ នីតិវិធី​ងាយស្រួល​សម្រាប់​ភ្នាក់ងារ និង​អតិថិជន​អនុលោម​ទៅ​តាម​ច្បាប់ និង​ប្រកាស​នានា​នៃ​ធនាគារជាតិ​កម្ពុជា ។

យោង​តាម​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​មួយ​រូប​បានឱ្យ​ដឹង​ថា ៖ « ក្រុមហ៊ុន​លី​ហួរ​វេរ​លុយ​បង្កើត​ឡើង​ដោយ​គ្មាន​និន្នាការ​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ដទៃ​ទៀត​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ។ ក្រុមហ៊ុន​លី​ហួរ​វេរ​លុយ​ល្អ ឬ​មិនល្អ គឺ​អាស្រ័យ​ទៅ​លើ​អតិថិជន​ប្រើប្រាស់​សេវា​ជា​អ្នក​កំណត់ ហើយ​ក្រុមហ៊ុន​លី​ហួរ​នឹង​ធ្វើ​ឱ្យ​ប្លែក​ពី​ក្រុមហ៊ុន​ដទៃ​ទៀត ធ្វើ​យ៉ាងណា ផ្ដល់​ទំនុកចិត្ត​ដល់​អតិថិជន​ដែល​ប្រើប្រាស់​សេវា​ឱ្យ​បាន​រឹង​មាំ » ។

គួរ​បញ្ជាក់​ថា សព្វ​ថ្ងៃនេះ​ក្រុមហ៊ុន​លី​ហួរ​គ្រុប មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជា​ច្រើន​រួម​មាន​៖
១-​អគារ​ប្តូរ​ប្រាក់​លី​ហួរ បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៨៦ ។
២-​ក្រុមហ៊ុន​រតនៈ​អលង្ការ
៣-​លី​ហួរ ឌី​វើ​ឡុ​ប​មិន ខូ​អិ​ល​ធី​ឌី ឬ​លី​ហួរ ហាង​បញ្ចាំ បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១០​។
៤-​បុរី​វិមាន​ភ្នំពេញ បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១១​។
៥-​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ លី​ហួរ ភី​អិ​ល​ស៊ី បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១២ ។
៦-​ក្រុមហ៊ុន តេ​ពី​អា​ក្រូ (​ចម្ការ​កៅស៊ូ​) ។
៧-​លី​ហួរ​លី​ស៊ី​ង ភី​អិ​ល​ស៊ី បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៥ ។
៨-​លី​ហួរ​ផេរ​ប្រ៉ូ ភី​អិ​ល​ស៊ី (​ផ្ទេរ​ប្រាក់ និង​ទូទាត់​ប្រាក់​) និង​ក្រុមហ៊ុន​តូច​ៗ​មួយ​ចំនួន​ទៀត ។

សូម​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន មាន​ក្រុមហ៊ុន និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន​បាន​និង​កំពុង​ប្រតិបត្តិការ​សេវា​វេរ​លុយ​នេះ ដូច​ជា ក្រុមហ៊ុន​វី​ង​(Wing), អុ​ី​ម៉ា​នី​(eMoney), ទ្រូ​ម៉ា​នី​(True Money) និង​អេ​អឹ​ម​ខេ​វេរ​លុយ (AMK)​ជាដើម ៕