ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

ខេត្ត​ព្រះ​សីហ​នុ ៖ ក្នុង​ចំណោម​តំបន់​សេដ្ឋកិច្ច​ពិសេស​សំខាន់​ៗ​ចំនួន​៣​របស់​ខេត្ត​ព្រះ​សីហ​នុ ដែល​បាន​និង​កំពុង​ដំណើរការ​ក្នុង​វិស័យ​ឧស្សាហកម្ម ឃើញ​ថា បិត​ត្រាំ​ង​គឺជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ​ដែល​ផ្ដល់​ការងារ​ច្រើន​ជាងគេ​ដល់​បងប្អូន​ពលករ​ខ្មែរ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ និង​មក​ពី​តាម​បណ្ដា​ខេត្ត​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ មាន​ផ្ទៃដី​ធំ​ទូលាយ និង​មាន​រោងចក្រ​ឧស្សាហកម្ម​ថ្មី​ៗ​ជា​ច្រើន​មក​បណ្ដាក់ទុន​វិនិយោគ ផលិត​សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ​សម្រាប់​ក្នុងស្រុក និង​នាំ​ចេញ​ទៅ​ក្រៅ​ស្រុក ។ គិត​មក​ដល់​ពេល​នេះ មាន​រោងចក្រ​រហូត​ដល់​៦៩​រោងចក្រ​កំពុង​ធ្វើ​សង្វា​ក់​ឧស្សាហកម្ម​ផលិត​សម្ភារ​ផ្សេង​ៗ​ក្នុង​ចំណោម​រោងចក្រ​ចំនួន​៨៥ ដែល​បាន​ចុះ​ឈ្មោះ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ ។

លោក យន្ដ មីន អភិបាលខេត្ត​ព្រះ​សីហ​នុ ដែល​ទើបនឹង​កាន់​តំណែង​កាលពី​ថ្មី​ៗ​នេះ បាន​មាន​ប្រសាសន៍​ថា ៖ « តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​រាជរដ្ឋាភិបាល​កំណត់​គោលដៅ​ជា​តំបន់​ដែល​មានការ​វិនិយោគ​ពិសេស និង​មាន​បណ្ដុំ​ឧស្សាហកម្ម​ពិសេស​ៗ​ក្នុង​ខេត្ត ។ នៅ​ពេល​នេះ តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​ចំនួន បាន​និង​កំពុង​ខិតខំ​ជំរុញ​ឱ្យ​ដំណើរការ​របស់​ខ្លួន​រលូន​ទៅ​មុខ តែ​បច្ចុប្បន្ន​ឃើញ​ថា មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៣ ដែល​បាន​ដំណើរការ​ល្អ ដោយ​ស្រូប​បានការ​វិនិយោគ និង​កម្លាំង​ពលកម្ម​ច្រើន ។ ប៉ុន្តែ​ក្នុង​ចំណោម​តំបន់​សេដ្ឋកិច្ច​ទាំងនោះ​ឃើញ​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង មាន​សកម្ម​ភាពល្អ​ខ្លាំង​ជាងគេ » ។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ « តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង​សព្វ​ថ្ងៃនេះ មាន​រោងចក្រ​រហូត​ដល់​៦៩​រោងចក្រ​កំពុង​ធ្វើ​សង្វា​ក់​ឧស្សាហកម្ម​ផលិត​សម្ភារ​ផ្សេង​ៗ​ក្នុង​ចំណោម​រោងចក្រ​ចំនួន​៨៥ ដែល​បាន​ចុះ​ឈ្មោះ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ ។ តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង បាន​ផ្ដល់​ការងារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង​ចំនួន​១២.០០០​នាក់ និង​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​ទទួល​បាន​ពលរដ្ឋ​ធ្វើការ​ច្រើន​ជាងគេ​ក្នុង​ចំណោម​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ក្នុង​នោះ​៨០% ជា​បងប្អូន​ពលករ​នៅ​ក្នុង​មូលដ្ឋាន​ខេត្ត​ព្រះ​សីហ​នុ​តែ​ម្ដង » ។

លោក​បន្ថែម​ថា ៖ « តំបន់​សេដ្ឋកិច្ច​ពិសេស​សំខាន់​ពីរ​ទៀត មាន​តំបន់​សេដ្ឋកិច្ច​កំពង់​ផែ​អែ​ត​វូ​ត និង​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក៏​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​មាន​ដំណើរការ​អាជីវកម្ម​ល្អ​ផង​ដែរ ហើយ​បាន​កំពុង​ពង្រីក​វិសាលភាព​របស់​ខ្លួន​ជា​បន្តបន្ទាប់ ក្នុង​នោះ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ គ្រោង​នឹង​ពង្រីក​ផ្ទៃដី និង​ផ្ទៃ​ផែ​របស់​ខ្លួន ដោយ​ចំណាយ​ទុន​ប្រមាណ​១០០​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ដំណើរការ បូក​រួម​នឹង​សម្ភារ​សម្រាប់​ដំណើរការ​កំពង់​ផែ​ផង​ដែរ » ។

គួរ​បញ្ជាក់​ថា ខេត្ត​ព្រះ​សីហ​នុ គឺជា​ខេត្ត​មួយ​ដែល​មាន​សក្ដានុពល​វិនិយោគ​ជា​ច្រើន​វិស័យ រួម​មាន វិស័យ​ទេសចរណ៍ ដែល​បាន​បង្កើត​ជា​សណ្ឋាគារ ផ្ទះសំណាក់ និង​ឆ្នេរ​ដ៏​ស្រស់​ស្អាត​។ សព្វ​ថ្ងៃនេះ ក៏​មាន​អ្នក​វិនិយោគ​មួយ​ចំនួន​បាន​បណ្ដាក់ទុន​សាងសង់​អគារ​ខុន​ដូ និង​អា​ផាត​មិនជា​បន្តបន្ទាប់​ដើម្បី​បំពេញតម្រូវការ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅ​រដូវ​មាន​ភ្ញៀវ​ច្រើន ។ ក្រៅពី​នោះ ខេត្ត​ព្រះ​សីហ​នុ ក៏​មាន​សក្ដានុពល​លើ​វិស័យ​ឧស្សាហកម្ម​ផង​ដែរ ដោយ​មាន​រោងចក្រ​កាត់ដេរ រោងចក្រ​ដំឡើង​គ្រឿង​អេ​ឡិច​ត្រូ​និក និង​មាន​កំពង់​ផែ​អន្តរជាតិ​មួយ​សំខាន់​សម្រាប់​នាំ​ទំនិញ​ចេញចូល ។

យោង​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បង្ហាញ​ថា គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​១៤ ក្នុង​នោះ​រួម​មាន ៖

១-​តំបន់​សេដ្ឋកិច្ច​ពិសេស Dragon King មា​នទី​តាំងនៅ​ខេត្តស្វាយរៀង ។
២-​តំបន់​សេដ្ឋកិច្ច​ពិសេស H.K.T មា​នទី​តាំងនៅ​ខេត្ត​ព្រះ​សីហ​នុ ។
៣-​តំបន់​សេដ្ឋកិច្ច​ពិសេស KAMPOT មា​នទី​តាំងនៅ​ខេត្តកំពត ។
៤-​តំបន់​សេដ្ឋកិច្ច​ពិសេស MANHATTAN មា​នទី​តាំងនៅ​ខេត្តស្វាយរៀង​។
៥-​តំបន់​សេដ្ឋកិច្ច​ពិសេស NEANG KOK KOH KONG មា​នទី​តាំងនៅ​ខេត្តកោះកុង ។
៦-​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ។
៧-​តំបន់​សេដ្ឋកិច្ច​ពិសេស POI PET O’NEANG មា​នទី​តាំងនៅ​ខេត្តបន្ទាយមានជ័យ ។
៨-​តំបន់​សេដ្ឋកិច្ច​ពិសេស SANCO POI PET មា​នទី​តាំងនៅ​ខេត្តបន្ទាយមានជ័យ ។
៩-​តំបន់​សេដ្ឋកិច្ច​ពិសេស SIHANOUKVILLE មា​នទី​តាំងនៅ​ខេត្ត​ព្រះ​សីហ​នុ ។
១០-​តំបន់​សេដ្ឋកិច្ច​ពិសេស SIHANOUKVILLE SEZ1 មា​នទី​តាំងនៅ​ខេត្ត​ព្រះ​សីហ​នុ ។
១១-​តំបន់​សេដ្ឋកិច្ច​ពិសេស SIHANOUKVILLE PORT​មា​នទី​តាំងនៅ​ខេត្ត​ព្រះ​សីហ​នុ ។
១២-​តំបន់​សេដ្ឋកិច្ច​ពិសេស SHANDONG SUNSHELL មា​នទី​តាំងនៅ​ខេត្តស្វាយរៀង ។
១៣-​តំបន់​សេដ្ឋកិច្ច​ពិសេស  SUVANNAPHUM  មា​នទី​តាំងនៅ​ខេត្តកណ្ដាល ។
១៤-​តំបន់​សេដ្ឋកិច្ច​ពិសេស TAI SENG BAVET មា​នទី​តាំងនៅ​ខេត្តស្វាយរៀង ៕