ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

ការ​ធ្វើ​អាជីវកម្ម​តែងតែមាន​យុទ្ធសាស្ត្រ ក្នុង​ការ​កៀរគរ​អតិថិជន​ដើម្បី​ទទួល​បាន​ចំណូល​ពី​អាជីវកម្ម​នោះ​។ អ្នកខ្លះ​បើក​ដំណើរការ​ភ្លាម ចង់​កើប​លុយ​ចំណេញ​ភ្លែត ហើយ​អ្នកខ្លះ​ទៀត​រកស៊ី​តាម​ក្បួន​ចិន គឺ​ចំណេញ​តិច​ៗ តែ​បាន​អតិថិជន​ទិញ ឬ​មក​ទទួល​សេវា​ច្រើន រីឯ​មួយ​ចំនួន​ទៀត​សម្លឹង​ឃើញ​ទស្សនៈ​វែង​ឆ្ងាយ មាន​ន័យ​ថា មិន​ចង់បាន​ផល​ចំណេញ​ភ្លាម​ៗ​ទេ តែ​ថ្ងៃ​អនាគត​នឹង​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​អតិថិជន ។ ទោះបី​យ៉ាងណា ការ​រកស៊ី​តែងតែមាន​ខាត​មាន​ចំណេញ គឺ​ចៀស​មិន​រួច​ទេ ។

ពាក់ព័ន្ធ​នឹង​វិធីសាស្ត្រ​រកស៊ី​នេះ អ្នក​យក​ព័ត៌មាន​ផ្នែក​សេដ្ឋកិច្ច​របស់​កោះសន្ដិភាព​បាន​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​ម្ចាស់​ក្លិប​ហាត់ប្រាណ​មួយ​កន្លែង ដើម្បី​អនុញ្ញាត​ឲ្យ​គាត់​ចែករំលែក​នូវ​បទ​ពិសោធន៍​នៃ​ការ​រកស៊ី​ខ្លះ​ៗ​ជូន​ដល់​លោក​អ្នក​អាន ដែល​មាន​បំណង​ចង់​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​ដែល​មាន​ខ្លឹមសារ​ដូច​តទៅ ៖

លោក គួ​ច ហុង​ជៀក ជា​ម្ចាស់​ក្លិប​ហាត់ប្រាណ​មួយ​កន្លែង​ឈ្មោះ​ថា « ថ្ម​សមុទ្រ » ដែល​ទើបតែ​បង្កើត​ឡើង​ស្រប​ពេល​ដែល​អ្នក​ហាត់ប្រាណ​មានការ​កើនឡើង ជា​ពិសេស យុវវ័យ​នៅ​កម្ពុជា ។ តែ​អ្វី​ដែល​ប្លែក​នោះ ម្ចាស់​ក្លិប​ហាត់ប្រាណ​មួយ​នេះ​បាន​អះអាង​ថា ការ​បង្កើត​ក្លិប​នេះ​ឡើង គឺ​មិន​ចង់បាន​ប្រាក់​ចំណេញ​ភ្លាម​ៗ​នោះ​ទេ ព្រោះ​ការ​ចំណាយ​​ច្រើន ហើយ​ចំណូល​មក​វិញ​ក៏​ស្ទើរតែ​មិន​រួចខ្លួន តែ​ចង់ឱ្យ​យុវវ័យ​យក​ពេលវេលា​នោះ​មក​ជួបជុំ​គ្នា​ក្នុង​ក្លិប​ហាត់ប្រាណ និង​ជជែក​គ្នា​ក្នុង​ហាង​កាហ្វេ ដែល​ក្លិប​បង្កើត​ផ្ដល់​សេវា​ជូន និង​សិក្សា​ស្រាវជ្រាវ​នៅ​ក្នុង​ក្លិប​ផង​ដែរ ។

១-​តើ​មូលហេតុ​អ្វី​ទើប​លោក​សម្រេចចិត្ត​បើក​មជ្ឈមណ្ឌល (​ក្លិប​) នេះ​ឡើង ?
ខ្ញុំ​មើលឃើញ​ថា សព្វ​ថ្ងៃនេះ បញ្ហា​ថែរក្សា​សុខភាព​ដោយ​ការ​ហាត់ប្រាណ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​សព្វ​ថ្ងៃនេះ​មាន​សារសំខាន់​ណាស់ អីុ​ចឹ​ង​ហើយ​ទើប​ខ្ញុំ​បើក​មជ្ឈ​មណ្ឌល​នេះ​ឡើង ដោយ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​អាច​មក​ទទួល​សេវា​ហាត់ប្រាណ​ដើម្បី​រក្សា​សុខភាព​របស់​ពួក​គាត់ ។ ម្យ៉ាងទៀត ខ្ញុំ​យល់​ឃើញ​ថា យុវវ័យ​កម្ពុជា​យើង​គាត់​ចូល​ចិត្ត​ហាត់ប្រាណ តែ​គាត់​ពិបាក​រក​កន្លែង​ហាត់ប្រាណ ឬ​ក៏​កន្លែង​ហាត់ប្រាណ​របស់​គាត់​នៅ​ឆ្ងាយ​ពី​ផ្ទះ ។ ដូចនេះ​គាត់​អាច​មក​ហាត់ ហើយ​បបួល​មិត្តភក្តិ​របស់​គាត់​មក​ជាមួយ​ផង​ដែរ ។ យ៉ាងណាមិញ នៅ​ក្នុង​ក្លិប​យើង​នេះ យើង​ក៏​មាន​ជា​ហាង​កាហ្វេ និង​កន្លែង​ស្រាវជ្រាវ ដោយ​មាន​ដាក់​សៀវភៅ​ថ្មី​ៗ​សម្រាប់​ឱ្យ​ពួក​គាត់​សិក្សា​ស្រាវជ្រាវ​ជា​ក្រុម​មុន​ពេល​ពួក​គាត់​ចូល​ហាត់ប្រាណ​ផង​ដែរ ។ ខ្ញុំ​ក៏​យល់​ឃើញ​ថា បន្ទាប់​ពី​គាត់​ហាត់ប្រាណ​រួច ពួក​គាត់​ប្រាកដជា​អស់កម្លាំង ហើយ​មិន​អាច​ទៅ​ញ៉ាំ​ស្រា ឬ​ដើរ​លេង​អត់​ប្រយោជន៍​នោះ​ដែរ អុ​ី​ចឹ​ង​ពួក​គាត់​ត្រូវ​ទៅ​ផ្ទះ ហើយ​ស្អែក​ឡើង​ក៏​ត្រូវ​ទៅ​រៀន ឬ​ធ្វើការ​បន្ត​ទៀត ។

២-​តើ​ការ​បើក​មជ្ឈមណ្ឌល​ហាត់ប្រាណ​នេះ​លោក​សង្ឃឹមថា នឹង​អាច​ទទួល​បាន​ជោគជ័យ​ទេ ខណៈ​មាន​ក្លិប​ជា​ច្រើន​នៅ​ភ្នំពេញ និង​មាន​តម្លៃ​ទាប ? ហើយ​លោក​មានបទពិសោធន៍​យ៉ាងណា​ទើប​បង្កើត​វា ?

ខ្ញុំ​គិត​ថា នៅ​ក្នុង​ក្លិប​របស់ខ្ញុំ​នេះ​អាច​នឹង​ទទួល​បាន​ជោគជ័យ ពីព្រោះ​ថា ខ្ញុំ​មាន​ក្បួន និង​វិធី​នៃ​ការ​ហាត់ ហើយ​កន្លែង​ហាត់​ក៏​មាន​ផាសុក​ភាពល្អ និង​មាន​ច្រើន​សេវា​សម្រាប់​ផ្ដល់​ជូន​អតិថិជន​ផង​ដែរ ។ ចំពោះ​ថា ខ្ញុំ​ធ្លាប់​មានបទពិសោធន៍​ឬ​អត់​នោះ ខ្ញុំ​សូម​ជម្រាប​ថា ខ្ញុំ​មិន​ដែល​មានបទពិសោធន៍​ក្នុង​អាជីវកម្ម​នេះ​ទេ តែ​ខ្ញុំ​ធ្លាប់​ដើរទៅ​ខាងក្រៅ ហើយ​សាកសួរ​ពី​អ្នកជំនាញ និង​អ្នក​មានបទពិសោធន៍​ជោគជ័យ ក៏​ដូច​ជា​វេជ្ជបណ្ឌិត​ដែល​ជំនាញ​ខាង​ផ្នែក​ហ្នឹង​ផង​ដែរ ។

៣-​តើ​មជ្ឈមណ្ឌល​ហាត់ប្រាណ​របស់​លោក មាន​សេវាកម្ម​អ្វីខ្លះ​ជូន​អតិថិជន​ដែល​មក​ទី​នេះ ?
នៅ​ក្នុង​ក្លិប​របស់ខ្ញុំ​មាន​សេវា​ជា​ច្រើន ទាំង​ហាត់​ដោយ​ម៉ាស៊ីន និង​ឧបករណ៍​ប្រើ​កម្លាំង​ផ្ទាល់​។ យើង​ក៏​មាន​កន្លែង​ស្ទី​ម សោ​ណា កន្លែង​ហាត់ប្រាណ​បែប​យូ​ហ្កា និង​កន្លែង​ម៉ាស្សា​ផង​ដែរ ។ រាល់​របៀប​ហាត់​នីមួយ​ៗ​នៅ​ក្នុង​មជ្ឈមណ្ឌល​របស់ខ្ញុំ ក៏​មាន​គ្រូ​សម្រាប់​បង្ហាត់បង្ហាញ​ពី​របៀប​ហាត់​មុន​នឹង​ឱ្យ​អតិថិជន​ចាប់ផ្ដើម​អនុវត្ត​ផង​ដែរ ។ នៅ​ក្នុង​នោះ នៅ​ក្លិប​ខ្ញុំបាទ​ក៏​មាន​កន្លែង​កម្តៅ​សាច់ដុំ មុន​នឹង​ចូល​ហាត់​ជាមួយ​ឧបករណ៍ ដើម្បី​កុំឱ្យ​មាន​ប៉ះពាល់​ដល់​សុខភាព ។

៤-​តើ​ក្លិប​ហាត់ប្រាណ​របស់​លោក​ចំណាយ​ទុន​ប៉ុន្មាន​ដែរ​ដើម្បី​បើក​ដំណើរការ ?
បើ​និយាយ​សរុប​ទាំងអស់ ក្លិប​នេះ​បាន​ចំណាយ​ទុន​ប្រមាណ​៤០​ម៉ឺន​ដុល្លារ ដោយ​មិន​រាប់​បញ្ចូល​ទីតាំង​ទេ ព្រោះថា ទីតាំង​នេះ​ជា​កម្មសិទ្ធិ​របស់ខ្ញុំ​បាទ​ផ្ទាល់ មិន​ជួល ឬ​មិន​ទិញ​នោះ​ទេ​។ គ្រាន់តែ​ឧបករណ៍​ដែល​ខ្ញុំ​ទិញ​យក​មក​ដាក់​ក្នុង​ក្លិប​នេះ​ត្រូវ​ចំណាយ​ទុន​ជាង​១០​ម៉ឺន​ដុល្លារ​ទៅ​ហើយ ហើយ​នៅ​ការ​សាងសង់​ក្នុង​ការ​កម្តៅ​សាច់ដុំ និង​ការ​បំពាក់​សម្ភារ​ផ្សេង​ៗ​ទៀត​ដើម្បី​ទាក់ទាញ ដោយ​មិន​ធុញទ្រាន់​ពេល​កំពុង​អនុវត្ត​ជាមួយនឹង​ឧបករណ៍ ។

៥-​តើ​អ្វី​ជា​មហិច្ឆតា​របស់​លោក​ក្នុង​ការ​បង្កើត​ក្លិប​ហាត់ប្រាណ​នេះ​ឡើង ?
ខ្ញុំ​គ្មាន​មហិច្ឆតា​ធំដុំ​អី​នោះ​ទេ តែ​ការ​ធ្វើ​អាជីវកម្ម​នេះ វា​អាច​នឹង​មាន​រយៈពេល​យូរអង្វែង ហើយ​ការ​បង្កើត​នេះ ខ្ញុំ​ចង់ឱ្យ​កូន​របស់ខ្ញុំ គេ​ហាត់​ក្នុង​ការ​រកស៊ី និង​គ្រប់គ្រង​អាជីវកម្ម និង​មិន​ចង់ឱ្យ​កូន​របស់ខ្ញុំ​យក​ពេលវេលា​ទំនេរ​ច្រើន ដែល​អាច​ធ្វើ​អី​ផ្តេសផ្ដាស ។ ម្យ៉ាងទៀត ខ្ញុំ​ចង់ឱ្យ​បងប្អូន​ខ្មែរ​យើង​យល់​ដឹង​ពី​វិធី​ហាត់ប្រាណ​ឱ្យ​បាន​ត្រឹមត្រូវ ។ រឿង​លុយ អ្នក​ណា​ក៏​ចង់បាន​ដែរ តែបើ​យក​លុយ​គេ​ហើយ​ធ្វើ​ឱ្យ​គេ​មាន​បញ្ហា ដូច​ជា​ហាត់​មិន​ត្រូវ​តាម​ក្បួនខ្នាត ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សរសៃ ឬ​សុខភាព​សាច់ដុំ ឆ្អឹង​ជាដើម​នោះ យើង​មិនបាច់​ធ្វើ​ក៏​បាន​ដែរ ៕