ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

ការ​ធ្វើ​អាជីវកម្ម​ដោយ​ខ្លួនឯង មិន​ថា​តូច ឬ​ធំ​ក្តី ត្រូវ​ប្រើ​ទាំង​កម្លាំងកាយ កម្លាំងចិត្ត និង​ថវិកា​ផង​ដែរ ហើយ​មិនមែន​មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​អាច​ធ្វើ​បាន​ទេ ។ ការ​បើក​អាជីវកម្ម​នេះ សម្រាប់​អ្នក​ដែល​កំពុង​តែ​សួរ​ខ្លួនឯង​ថា តើ​បាន​ត្រៀមខ្លួន​សម្រាប់​ធ្វើ​អាជីវកម្ម​ដូច​អ្នក​ដទៃ​ហើយ​ឬ​នៅ ។ ខាងក្រោម​នេះ គឺជា​លក្ខណសម្បត្តិ​របស់​ម្ចាស់​អាជីវកម្ម ៖

១-​ការ​លះបង់ ៖
ការ​លះបង់ មិនមែន​គ្រាន់តែ​លះបង់​ប្រាក់ កម្លាំងកាយ និង​កម្លាំងចិត្ត​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​លះបង់​ពេលវេលា​ផ្ទាល់ខ្លួន​ផង​ដែរ ។ អ្នក​នឹង​មិន​បាន​ទៅ​កម្សាន្ត​ជាមួយ​មិត្តភក្តិ​ជា​ញឹកញាប់​ដូច​ពេល​មុន​ទេ ដោយសារ​តែ​ត្រូវ​អង្គុយ​បិទ​បញ្ជី​។ នៅ​ថ្ងៃ​ឈប់​សម្រាប់​ផ្សេង​ៗ អ្នក​ធ្លាប់​ទៅ​លេង​តាម​ខេត្ត ក៏​ត្រូវ​តែ​កាត់​បន្ថយ​ដែរ ពីព្រោះ​ថ្ងៃ​ឈប់ គឺជា​ពេល​ដែល​ល្អ​សម្រាប់​ធ្វើ​ការងារ​។ ទាំងនេះ​គឺជា​ការ​លះបង់​ដែល​កើត​ចេញពី​ភាព​ចាំបាច់ ។

២-​ស្វែង​យល់​ពី​សាច់ប្រាក់ ៖
សាច់ប្រាក់ គឺជា​តម្រូវការ​ចាំបាច់​សម្រាប់​បណ្តាក់ទុន ជា​ពិសេស ប្រាក់​នៅ​ក្នុង​ក្រុមហ៊ុន និង​ការ​ចំណាយ​ផ្សេង​ៗ​ដើម្បី​ឱ្យ​ក្រុមហ៊ុន​ដំណើរការ​ទៅ​មុខ ។ ប្រសិនបើ​អាជីវកម្ម​នោះ​មិន​ទាន់​អាច​បង្កើត​ប្រាក់​ចំណូល​បាន​ភ្លាម​ៗ ខណៈ​ដំណើរការ​ដំបូង​ៗ​នោះ​ទេ រឿង​ដែល​អ្នក​គួរ​ធ្វើ គឺ​ត្រូវ​ត្រៀមខ្លួន​ស្វែងរក​ប្រភព​ហិរញ្ញវត្ថុ​សម្រាប់​ចាយវាយ​ទៅ​លើ​ថ្លៃ​ជួល​ក្រុមហ៊ុន ថ្លៃ​ឈ្នួល​បុគ្គលិក និង​ដើមទុន​នៃ​ការ​លក់ ជាដើម ។

៣-​សម្លឹង​ទៅ​ពិភព​ខាងក្រៅ ៖
អ្វី​ៗ​ក៏​អាច​កើតឡើង​បាន​ដែរ​សម្រាប់​អាជីវកម្ម ។ យើង​អាច​សង្ឃឹមទុក​ថា អាជីវកម្ម​នឹង​ទៅ​តាម​អ្វី​ដែល​បាន​គ្រោងទុក ប៉ុន្តែ​ទន្ទឹម​នឹង​នោះ ក៏​ត្រូវ​គិត​ពី​ចំណុច​អាក្រក់​ដែល​អាច​កើតឡើង​ផង​ដែរ ដូច​ជា អាជីវកម្ម​ជួបនឹង​ការ​រាំងស្ទះ​ក្នុង​រយៈពេល​ដំណើរការ​១​ឆ្នាំ ឬ​២​ឆ្នាំ​ដំបូង​។ ប្រសិនបើ​អាច​ឆ្លង​ផុត​ដំណាក់កាល​នេះ​បាន វា​ជា​ការ​ប្រសើរ ពីព្រោះ​អ្នក​អាច​គ្រប់គ្រង​ហេតុការណ៍​បាន ហើយ​លទ្ធផល​យ៉ាងណា​នោះ ត្រូវ​ត្រៀមខ្លួន​ដោះស្រាយ​ជា​និច្ច ។

៤-​តាមដាន​ពី​លទ្ធផល ៖
ការ​ធ្វើ​អាជីវកម្ម​នៅ​ឆ្នាំ​ដំបូង​ៗ​តែង​ជួប​ប្រទះ​នឹង​ឧបសគ្គ​ចៀស​មិន​រួច ។ អ្នក​ត្រូវ​តាមដាន​គ្រប់​ផ្នែក​ទាំងអស់​ថា មាន​បញ្ហា​អ្វី​ឬ​អត់ ដែល​ធ្វើ​ឱ្យ​ការងារ​នោះ​មិន​ទៅ​តាម​ការ​គ្រោងទុក គឺជា​លក្ខណៈ​មួយទៀត​ដែល​អ្នក​គួរ​មាន ។ ការ​សង្កេត​មើល​តែ​ទិដ្ឋភាព​ទូទៅ​តែ​ម្យ៉ាង មិន​អាច​នាំ​អាជីវកម្ម​ក្មេងខ្ចី​របស់​អ្នក​ឱ្យ​ឈាន​ទៅ​សម្រេច​ជោគជ័យ​បាន​ទេ ។ ប្រសិនបើ​អ្នក​រំលង​នូវ​ចំណុច​តូច​ៗ​ទាំងនោះ គឺ​អាច​នឹង​មាន​អ្នក​ផ្សេង​ទាញ​យក​ប្រយោជន៍​ពី​វា​បាន ។

៥-​បង្ហាត់​ការងារ​ដល់​បុគ្គលិក ៖
អ្នក​អាច​មិន​ចង់​ធ្វើ​ការងារ​គ្រប់មុខ​ទាំងអស់​តែ​ម្នាក់ឯង​ទេ ការ​ប្រគល់​ការងារ​ទៅ​ឱ្យ​បុគ្គលិក ទទួលខុសត្រូវ គឺជា​រឿង​ចាំបាច់ ប៉ុន្តែ​រឿង​ដែល​ចាំបាច់​ជាង​នេះ ត្រូវធ្វើ​យ៉ាងណា​ឱ្យ​បុគ្គលិក​ក្លាយជា​ប្រយោជន៍​ដល់​ក្រុមហ៊ុន ។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​ត្រូវ​ផ្ទេរ​ចំណេះដឹង​ផ្សេង​ៗ​ទៅ​ឱ្យ​បុគ្គលិក បន្ទាប់​មក​អ្នក​អាច​យក​ពេល​ទៅ​ធ្វើ​ការងារ​ផ្សេង​ទៀត ដែល​សំខាន់​ជាង​នេះ​បាន ។

៦-​ដឹង​ថា​ត្រូវ​បញ្ឈប់​នៅ​ពេល​ណា ៖
ជា​ការ​ពិត​ណាស់ គំនិត​អវិជ្ជមាន និង​ទំនុកចិត្ត គឺជា​រឿង​ដែល​អ្នកដឹកនាំ​អាជីវកម្ម​ត្រូវ​ពិចារណា ។ អាជីវកម្ម​សម្រេច​ជោគជ័យ​ទៅ​បាន គឺ​ត្រូវ​ដឹង​ថា នៅ​ពេល​ណា​គួរតែ​បន្ត​ទៀត ឬ​ត្រូវ​បញ្ឈប់ ។ ការ​បញ្ឈប់​នេះ មើលទៅ​ដូច​ជា​អ្នក​ចុះចាញ់ តែ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​បន្ត​ទៀត​អាច​នឹង​បាត់បង់​ប្រាក់​ច្រើន​ជាង​នេះ ឬ​រឹតតែ​អាក្រក់​លើស​មុន​ទៀត ។ មនុស្ស​តិចតួច​ណាស់​ដែល​ចាប់ផ្តើម​ដំណើរការ​អាជីវកម្ម​ដំបូង ហើយ​បាន​ទទួល​ជោគជ័យ​ភ្លាម​ៗ​នោះ ។ អ្នក​អាច​យក​ការ​ខូចខាត​នៅ​ពេល​ចាប់ផ្តើម​ដំបូង សម្រាប់​ជា​បទ​ពិសោធន៍​ទៅ​ថ្ងៃក្រោយ​ទៀត ដើម្បី​ចៀសវាង​កុំឱ្យ​មាន​កំហុសឆ្គង​កើតឡើង​ដដែល​ៗ ។

នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម មនុស្ស​គ្រប់​រូប​មាន​វិធីសាស្ត្រ​ខុស​ៗ​គ្នា ហើយ​លក្ខណសម្បត្តិ​ទាំង​៦​យ៉ាង​ខាងលើ​នេះ អ្នក​អាច​យក​ទៅ​អនុវត្ត​តាម​បាន​ដើម្បី​ទទួល​ជោគជ័យ​ក្នុង​ការ​ប្រឡូក​អាជីវកម្ម ៕