ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​អាកាសចរណ៍ កម្ពុជា អង្គរ អ៊ែ​រ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន និង​កិច្ចប្រជុំ​បន្ទាន់​មួយ ដែល​ប្រព្រឹត្ត​ទៅ​នៅ​សណ្ឋាគារ Center Mark ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ​ខាងត្បូង ស្តី​ពី​ប្រតិបត្តិការ​ហោះហើរ​ផ្លូវការ​រវាង​ជើងហោះហើរ​ពី​ភ្នំពេញ​ទៅ​កាន់​ព្រ​លាន​យន្ដហោះ​អន្តរជាតិ​អីុន​ឆុ​ន (INCHEON) ដែល​នឹង​ធ្វើ​ប្រតិបត្តិការ​នៅ​ថ្ងៃ​ទី​១៧ មេ​សា ឆ្នាំ​២០១៦ ខាង​មុខ​តទៅ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ។

ប្រតិបត្តិការ​ជើងហោះហើរ​ថ្មី​រវាង​ភ្នំពេញ​-​អីុ​ន​ឆុ​ន នា​ពេល​នេះ គឺ​ក្រុមហ៊ុន​នឹង​ធ្វើការ​ហោះហើរ​៤​ដង​ក្នុង​១​ស​ប្ដា​ហ៍ គឺ​នៅ ថ្ងៃ​ចន្ទ ពុធ ព្រហស្បតិ៍ និង​ថ្ងៃអាទិត្យ ជាមួយនឹង​យន្តហោះ​ប្រភេទ Airbus A321 មាន​ចំនួន​១៧៨​កៅអី​។ ចាប់ពី​ខែកក្កដា ឆ្នាំ​២០១៦​នេះ​ទៅ ក្រុមហ៊ុន​នឹង​បន្ថែម​ជើង​ហោះ​ឲ្យ​បាន​៥​ដង​ក្នុង​១​ស​ប្ដា​ហ៍ និង​ប្រចាំ​ថ្ងៃ​នៅ​ឆ្នាំ​ក្រោយ ។ ការ​ផ្ដល់​សេវា​ហោះហើរ​ថ្មី​នេះ នឹង​ផ្ដល់​ជម្រើស​ថ្មី ក៏​ដូច​ជា​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ដោយ​ប្រកួតប្រជែង​ជាមួយ​ដៃគូ ព្រមទាំង​កន្លែង​អង្គុយ និង​កន្លែង​ផ្ទុក​ទំនិញ​ផង​ដែរ ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ ។

ថ្លែង​នា​ឱកាស​នោះ អគ្គនាយក​ប្រតិបត្តិ​រង​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា អង្គរ អ៊ែ​រ លោក លឹ​ម កៅ (Lim Kao ) បាន​ឲ្យ​ដឹង​ថា ៖ « ខ្ញុំ​មានការ​ជឿជាក់​យ៉ាង​ខ្លាំង​លើ​សេវា​​ប្រតិបត្តិការ​ហោះហើរ​ថ្មី​នេះ ហើយ​វា​ក៏​បាន​បង្ហាញ​ពី​សក្តានុពល​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ និង​ខ្លាំងក្លា​រវាង​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង​លើ​គ្រប់​វិស័យ​ផង​ដែរ មាន​ដូច​ជា វិស័យ​ពាណិជ្ជកម្ម វិស័យ​ហិរញ្ញវត្ថុ វិស័យ​ទេសចរណ៍ និង​ការ​ផ្លាស់​ប្តូរ​វប្បធម៌​ទៅ​វិញ​ទៅ​មក » ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា អង្គរ អ៊ែ​រ គឺជា​ប្រតិបត្តិ​ករ​អាកាសចរណ៍​នាំមុខ​គេ​ក្នុង​ការ​ហោះហើរ​ក្នុងស្រុក​នៅ​កម្ពុជា ។ ក្រុមហ៊ុន​បាន​ធ្វើការ​ហោះហើរ​ពី​ភ្នំពេញ​-​សៀមរាប ៥​ជើង​ក្នុង​១​ថ្ងៃ និង​សៀមរាប​-​ព្រះ​សីហ​នុ ១​ជើង​ក្នុង​១​ថ្ងៃ ។ ក្រៅពី​ការ​ផ្ដល់​សេវាកម្ម​ហោះហើរ​ត្រង់ អ្នកដំណើរ​ទាំងឡាយ​អាច​ធ្វើ​ដំណើរ​ពី​ព្រ​លាន​យន្ដហោះ​អន្តរជាតិ​អីុ​ន​ឆុ​ន មក​កាន់​ខេត្តសៀមរាប តាម​រយៈ​ព្រ​លាន​យន្ដហោះ​អន្តរជាតិ​ភ្នំពេញ ដែល​ជា​គោលដៅ​ក្នុងស្រុក​ត្រូវ​បាន​រួម​បញ្ចូល​តែ​មួយ​ផង​ដែរ ។

នៅ​ក្នុង​ការ​លក់​សំបុត្រ​យន្តហោះ​នៃ​ជើងហោះហើរ​ពី​ទីក្រុង​អីុ​ន​ឆុ​ន​មក​ភ្នំពេញ ក្រុមហ៊ុន​នឹង​ផ្តល់​តម្លៃ​ពិសេស ពោល​គឺ​តម្លៃ​ចាប់ពី​២៤១,២​ដុល្លារ​អា​មេ​រិ​ក (300,000 KRW) តែ​ប៉ុណ្ណោះ ។ ចំណែក​ការ​កក់​សំបុត្រ​យន្តហោះ​អតិថិជន​អាច​កក់​បាន​ចាប់ពី​ថ្ងៃ​ទី​១៦ មីនា ឆ្នាំ​២០១៦​នេះ រហូត​ដល់​ថ្ងៃ​ទី​៣១ មីនា ឆ្នាំ​២០១៧ ។

នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា​អង្គរ អ៊ែ​រ បាន​តែងតាំង​សម្ព័ន្ធ​អាកាសចរណ៍​សកល ហៅ​កាត់​ថា GAA ជា​ភ្នាក់ងារ​លក់​ថ្មី​នៃ​សេវា​ដឹក​អ្នកដំណើរ និង​ទំនិញ​សម្រាប់​ទីផ្សារ​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង​តែ​ម្តង ។ ការ​តែងតាំង​នេះ​បាន​ចូល​ជា​ធរមាន​ភ្លាម​ៗ ដែល សម្ព័ន្ធ​អាកាសចរណ៍​សកល​មាន​តួនាទី​ក្នុង​ការ​បង្កើន​ការ​លក់​សំបុត្រ​យន្តហោះ កក់​សំបុត្រ​យន្តហោះ សេវាកម្ម​ដឹក​ទំនិញ ក៏​ដូច​ជា​ការបន្ថែម​សេវាកម្ម​ផ្សេង​ទៀត ដែល​ជា​ការ​គាំទ្រ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង ។

ប្រធាន​សម្ព័ន្ធ​អាកាសចរណ៍​សកល លោក Kim Hyun Jin បាន​មាន​ប្រសាសន៍​ថា ៖ « យើង​មាន​កិត្តិយស​ខ្លាំង​ណាស់​ដែល​បាន​បម្រើ​ដល់​វិស័យ​ទីផ្សារ​កូរ៉េ​ខាងត្បូង ដែល​ជា​ការ​ផ្តល់​ជូន​នូវ​សេវាកម្ម​ដឹក​អ្នកដំណើរ និង​ភ្ញៀវ​លើ​តម្លៃ​ប្រកួតប្រជែង​ខ្ពស់ ក៏​ដូច​ជា​ការ​ផ្តល់​សេវាកម្ម​របស់​ក្រុមហ៊ុន​ប្រកបដោយ​ភាព​កក់ក្តៅ និង​រួសរាយ​រាក់ទាក់ » ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា អង្គរ អ៊ែ​រ បាន​និង​កំពុង​ប្រតិបត្តិការ​ហោះហើរ​ក្រៅប្រទេស​ដែល​មាន​ដូច​ជា ភ្នំពេញ​-​សៀង​ហៃ​, សៀមរាប​-​សៀង​ហៃ​, ភ្នំពេញ​-​ក្វា​ង​ចូ​វ​, ភ្នំពេញ​-​ប្រទេស​ឡាវ​, ភ្នំពេញ​-​ហាណូយ​, សៀមរាប​-​ហូ​ជី​មិ​ញ​, សៀមរាប​-​បាងកក និង​ចុង​ក្រោយ​នេះ គឺ​ភ្នំពេញ​-​អីុន​ឆុ​ន ៕