ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចែករំលែក​ចំណេះដឹង បទ​ពិសោធន៍ និង​ពង្រឹង​ទំនាក់ទំនង​នៅ​ក្នុង​ទីផ្សារ​មូល​ប​ត្រ​នៅ​ក្នុង​តំបន់ ក្រុមហ៊ុន​ផ្សារ មូល​ប​ត្រ​កម្ពុជា ហាណូយ និង​ឡាវ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​អភិវឌ្ឍន៍​ទីផ្សារ​មូល​ប​ត្រ​នៅ​ក្នុង​តំបន់​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ឲ្យ​ដឹង​ថា ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ហាណូយ និង​ឡាវ​នា​ពេល​នេះ បញ្ជាក់​ឲ្យ​ឃើញ​ថា ផ្សា​រមូល​ប​ត្រ​ទាំង​បី​មាន​ឆន្ទៈ​រួម​គ្នា និង​មានការ​យោគយល់​គ្នា​ក្នុង​ការ​បើកផ្លូវ​ឲ្យ​មាន​បណ្តាញ​ទំនាក់ទំនង​រវាង​គ្នា​ឲ្យ​មាន​ភាព​ប្រសើរ​ជាង​មុន និង​ជំរុញ​ទំនាក់ទំនង​ដែល​មាន​ស្រាប់​ឲ្យ​កាន់តែ​មាន​ភាព​ជិត​ស្និទ្ធ និង​រឹង​មាំ​បន្ថែម​ទៀត ដើម្បី​ជា​ប្រយោជន៍​មូលធន​នៃ​ប្រទេស​ទាំង​បី កម្ពុជា វៀតណាម និង​ឡាវ ។

នៅ​ក្នុង​ការ​ចុះ​អនុស្សរណៈ​នេះ បាន​លើក​ឡើង​នូវ​កិច្ច​សហប្រតិបត្តិការ​សំខាន់​ៗ​រួម​មាន ការ​ចែករំលែក​ព័ត៌មាន​ទីផ្សារ និង​ព័ត៌មាន​សាជីវកម្ម ចំណេះដឹង និង​បទ​ពិសោធន៍​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ ការ​យល់​ដឹង​របស់​សាធារណជន និង​ការ​អប់រំ​វិនិយោគិន ។ កិច្ច​សហប្រតិបត្តិការ​ថ្នាក់​តំបន់​នេះ មិន​ត្រឹមតែ​ជា​ចំណុច​ចាប់ផ្តើម​ដ៏​ល្អ​មួយ​ក្នុង​ដំណើរការ​អភិវឌ្ឍ និង​សមាហរណកម្ម​ទីផ្សារ​មូលធន​អាស៊ាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​លើកកម្ពស់​រូបភាព​របស់​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​ដល់​វិនិយោគិន​ក្នុង​តំបន់ និង​អន្តរជាតិ ដែល​កំពុង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​ក្នុង​តំបន់​ផង​ដែរ ។

លោក ហុង សុ​ហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​ថា ៖ « ការ​ចុះហត្ថលេខា​ទ្វេភាគី​រវាង​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា ហាណូយ និង​ឡាវ​នា​ពេល​នេះ គឺ​ដើម្បី​ចែករំលែក​នូវ​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ទីផ្សារ​មូល​ប​ត្រ ។ ផ្សារ​ហ៊ុន​ឡាវ គេ​ចាប់ផ្តើម​ដំណើរការ​មុន​កម្ពុជា​១​ឆ្នាំ ហើយ​វៀតណាម​បាន​ដំណើរការ​តាំងពី​ឆ្នាំ​២០០០​មក​ម្ល៉េះ អីុ​ចឹ​ង​ហើយ​គេ​មានបទពិសោធន៍​ច្រើន​លើ​វិស័យ​នេះ ។ យើង​រំពឹង​ថា នឹង​បង្កើត​បាន​យន្តការ​ជា​ផ្លូវការ​ដើម្បី​ចែករំលែក​ព័ត៌មាន​ចំណេះដឹង បទ​ពិសោធន៍​ក៏​ដូច​ជា​បើកផ្លូវ​ឲ្យ​មានការ​បណ្តុះបណ្តាល​ដល់​សាធារណជន ឬ​រៀបចំ​ព្រឹត្តិការណ៍​ទំនាក់ទំនង​សាធារណៈ​ផ្សេង​ៗ​ទៅ​ថ្ងៃក្រោយ » ។

លោក​បន្ត​ថា ៖ « រាល់ថ្ងៃ យើង​មាន​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ចំនួន​៣​ក្រុមហ៊ុន រីឯ​ឡាវ​មាន​៥ ។ ចំណែក​វៀតណាម​មាន​រហូត​ដល់​៧០០ ទៅ​៨០០​ក្រុមហ៊ុន ក្នុង​នោះ​មាន​ទាំង​ក្រុមហ៊ុន​រដ្ឋ និង​ឯកជន បាន​ធ្វើ​ឲ្យ​សាធារណជន​មានការ​ចាប់អារម្មណ៍​ច្រើន ព្រោះ​គេ​មាន​ភាគហ៊ុន​ច្រើន​ងាយស្រួល​ក្នុង​ទិញ និង​លក់ ។ ចំណុច​ទាំងនេះ​បាន​បង្កើត​ជា​យន្តការ​ស្វ័យប្រវត្តិ​មួយ​ធ្វើ​ឲ្យ​មានការ​ជួញដូរ​ជា​ប្រចាំ និង​ធ្វើ​ឲ្យ​មាន​ភាព​កាន់តែ​ទាក់ទាញ​វិនិយោគិន​ចូល​ទៅ​ក្នុង​ផ្សារ​ហ៊ុន​នេះ​កាន់តែ​ងាយស្រួល ហើយ​ចំណុច​នេះ គឺ​យើង​នៅ​មានការ​ខ្វះខាត​រាល់ថ្ងៃ » ។

លោក​បន្ថែម​ថា ៖ « ទំហំ​នៃ​ការ​ជួញដូរ​ភាគហ៊ុន​ប្រចាំ​ថ្ងៃ​របស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា​កន្លង​មក​មាន​ប្រមាណ​៥.០០០​ហ៊ុន​ប៉ុណ្ណោះ តែ​បន្ទាប់​ពី​ក្រុមហ៊ុន​កំពង់​ផែ​ស្វ័​យ​ភ្នំពេញ​បាន​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​ឃើញ​ថា ការ​ជួញដូរ​ប្រចាំ​ថ្ងៃ​បាន​កើនឡើង​ជិត​១​ម៉ឺន​ហ៊ុន ។ ទាក់ទង​នឹង​ទីផ្សារ​មូល​ប​ត្រ​នា​ពេល​កន្លង​មក យើង​ជួបនឹង​បញ្ហា​ពិបាក​ក្នុង​ការ​ទាក់ទាញ​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ចូល​ក្នុង​ផ្សារ​ហ៊ុន ពីព្រោះ​ក្រុមហ៊ុន​ភាគច្រើន​នៅ​តែ​មានការ​បារម្ភ​ច្រើន ។ ដោយឡែក វិ​យោគិន​នៅ​តែ​យល់​ថា ការ​លេង​ផ្សារ​ហ៊ុន​នេះ​ដូច​ជា​លេងល្បែង​នៅ​កាស៊ីណូ គឺ​បារម្ភ​ខ្លាច​ខាត​ដូច​អ្វី​ដែល​គាត់​ធ្លាប់​ឃើញ​នៅ​ក្នុង​រឿងកុន រឿង​ភាគ តែ​ភាព​ជាក់ស្តែង វា​មិន​ដូច​ការ​លេងល្បែង​នោះ​ទេ វា​ជា​ការ​វិនិយោគ​មួយ​អាច​ចំណេញ ឬ​ខាត​អាស្រ័យ​លើ​ភាគហ៊ុន​ដែល​យើង​ទិញ​នោះ ហើយ​ក្រុមហ៊ុន​ដំណើរការ​ល្អ​ឬ​មិនល្អ ទទួល​បាន​ប្រាក់​ចំណេញ​ឬ​មិន​ចំណេញ ធៀប​នឹង​ការ​គ្រោងទុក » ។

លោក​គូសបញ្ជាក់​ថា ៖ « នៅ​ឆ្នាំ​២០១៦​នេះ យើង​នឹង​ព្យាយាម​ឲ្យ​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​ឲ្យ​បាន​២​ទៅ​៣​ទៀត ក្នុង​នោះ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ក្រុម​ហ៊ុនកាត់ដេរ​TY និង​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ។ លើស​ពី​នេះ​ទៀត នៅ​មាន​ក្រុមហ៊ុន​មួយ​ផ្សេង​ទៀត​ដែល​មិន​ទាន់​អាច​ប្រាប់ តែ​ក្រុមហ៊ុន​ហ្នឹង​កំពុង​តែ​ព្យាយាម​លើ​ការងារ​នេះ ហើយ​អាច​នឹង​ចុះបញ្ជី​នៅ​ឆ្នាំ​២០១៦ » ៕