ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ យោង​តាម​រដ្ឋលេខាធិការ​អាកាសចរណ៍​ស៊ី​វិល​កម្ពុជា ឲ្យ​ដឹង​ថា លោក​ឯកអគ្គរដ្ឋទូត​ប្រទេស​ហ្វ៊ី​លី​ពី​ន​ប្រចាំ​កម្ពុជា​បាន​ស្នើ​សុំ​និយតករ​អាកាសចរណ៍​កម្ពុជា ក្នុង​ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ហ្វ៊ី​លី​ពី​ន​មួយ​ដើម្បី​បើក​ការ​ហោះហើរ​ត្រង់​ពី​ទីក្រុង​ម៉ានីល មក​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ហ្វ៊ី​លី​ពី​ន អ៊ែ​រឡាញ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​របស់​អាកាសចរណ៍​ហ្វ៊ី​លី​ពី​ន អ៊ែ​រឡាញ ត្រូវ​បាន​គេ​សង្ឃឹមថា នឹង​ទទួល​បាន ការ​អនុញ្ញាត​បើក​ជើងហោះហើរ​នេះ​នៅ​ស​ប្ដា​ហ៍​ក្រោយ​ជា​ផ្លូវការ ។ ទោះបី​យ៉ាងណា វា​ស្ថិត​នៅ​ក្នុង​ភាព​មិន​ប្រក​ដ​មួយ​ថា​តើ​ក្រុមហ៊ុន​អាកាសចរណ៍​ហ្វ៊ី​លី​ពី​ន អ៊ែ​រឡាញ មាន​បំណង​ធ្វើការ​ហោះហើរ​មក​រាជធានី​ភ្នំពេញ ឬ​ចង់​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍ Cebu Pacific ដែល​កំពុង​តែ​ហោះហើរ​ពី​ទីក្រុង​ម៉ានីល មក​កាន់​ខេត្តសៀមរាប​ឬ​យ៉ាងណា ។

Cebu Pacific បាន​ធ្វើការ​ហោះហើរ​មក​កាន់​ខេត្ត​តាំងពី​ឆ្នាំ​២០១២​មក​ម្ល៉េះ ជាមួយនឹង​យន្ដហោះ​Airbus A320 ដោយសារ​តែ​ខេត្ត​មួយ​នេះ​ជា​ទិស​ដៅ​ទេសចរ​ដ៏​ល្បីល្បាញ​មួយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។

មន្ត្រី​អាកាសចរណ៍​កម្ពុ​ជាមួយ​រូប​បាន​បញ្ជាក់​ថា ៖ « ស្ថានទូត​ហ្វី​លី​ពី​ន ចង់​ឃើញ តំណ​ភ្ជាប់​ដោយ​ផ្ទាល់​ពី​ទីក្រុង​ម៉ានីល​មក​រាជធានី​ភ្នំពេញ ។ ទោះជា​យ៉ាងណា អាកាស​ចរណ៍​ហ្វី​លី​ពី​ន មិន​បាន​បង្ហើប​ឱ្យ​ដឹង​ពី​ចេតនា របស់​ខ្លួន​នៅឡើយ​ទេ ។ វា​ត្រូវ​បាន​គេ​ជឿ​ថា ក្រុមហ៊ុន​មួយ​នេះ​ចង់​ហោះហើរ​ទៅ​ខេត្តសៀមរាប​វិញ ។

យោង​តាម​មន្ត្រី​អភិវឌ្ឍន៍​ផ្លូវ​ហោះហើរ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ឲ្យ​ដឹង​ថា​៖ « ក្រុមហ៊ុន​អាកាសចរណ៍​ហ្វ៊ី​លី​ពី​ន អ៊ែ​រឡាញ មិន​មាន​បំណង​ធ្វើការ​ហោះហើរ​មក​ភ្នំពេញ​ទេ ប៉ុន្តែ​គេ​មាន​គម្រោង​បើក​ការ​ហោះហើរ​ពី​ទីក្រុង​ម៉ានីល មក​ខេត្តសៀមរាប ៥​ជើង​ក្នុង​១​ស​ប្ដា​ហ៍​ដែល​នឹង​ចាប់​ដំណើរការ​នៅ​ខែឧសភា​ខាង​មុខ ដោយ​ប្រើប្រាស់​យន្ដហោះ​ប្រភេទ A321 ហើយ​ក្រុមហ៊ុន​នេះ ក៏​មាន​បំណង​បង្កើន​ជើងហោះហើរ​ប្រចាំ​ថ្ងៃ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៣ ក្រុមហ៊ុន​អាកាសចរណ៍​ហ្វ៊ី​លី​ពី​ន អ៊ែ​រឡាញ ធ្លាប់​មាន​គម្រោង​បណ្ដាក់ទុន​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន Royal Group របស់​កម្ពុជា​ម្ដង​មក​ហើយ ដើម្បី​ដំណើរការ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ថ្មី​មួយ​ឈ្មោះ​ថា ក្រុមហ៊ុន​កម្ពុជា អ៊ែ​រឡាញ ។ ប៉ុន្ដែ​គម្រោង​នេះ​ត្រូវ​បាន​ពន្យារពេល​ពិភាក្សា​វិញ ដោយសារ​តែ​កាល​ណោះ​កម្ពុជា​មាន​វិបត្តិ​នយោបាយ​បន្ដិចបន្ដួច ។

នៅ​ក្នុង​ឆ្នាំ​២០១២ ភ្ញៀវ​ទេសចរ​ហ្វ៊ី​លី​ពី​ន ប្រមាណ​៩៧.០០០​នាក់​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា កើនឡើង​៣៧% បើ​ធៀប​នឹង​ឆ្នាំ​២០១១ ។ កំណើន​នេះ​ដោយសារ​តែ​មាន​ក្រុមហ៊ុន​អាកាសចរណ៍ Cebu Pacific បាន​ចាប់ផ្តើម​ហោះហើរ​ចំនួន​៣​ដង​ក្នុង​១​ស​ប្តា​ហ៍​ពី​ទីក្រុង​ម៉ានីល មក​កាន់​ខេត្តសៀមរាប កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០១២ ។

បច្ចុប្បន្ន Cebu Pacific ជា​ក្រុមហ៊ុន​អាកាសចរណ៍​ហ្វ៊ី​លី​ពី​ន​តែ​មួយ​គត់​ដែល​កំពុង​ប្រតិបត្តិការ​ហោះហើរ ដោយ​ផ្ទាល់​ពី​ទីក្រុង​ម៉ានីល មក​កាន់​ខេត្តសៀមរាប ដែល​ជា​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​របស់​កម្ពុជា ៕