ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

ការ​ធ្វើ​ជំនួញ​ឱ្យ​ទទួល​ជោគជ័យ​ភ្លាម​ៗ​វា​ពិតជា​ពិបាក និង​កម្រ​មាន​អ្នក​ទទួល​បាន​ជោគជ័យ​ក្នុង​រយៈពេល​ខ្លី​ណាស់ គឺ​ត្រូវ​មានការ​ព្យាយាម​ជា​បន្តបន្ទាប់ ឬ​ត្រូវ​ខាតបង់​ជា​មុន​សិន ទើប​ទទួល​បាន​ផល​ចំណេញ​តាម​ក្រោយ ។ តែ​សម្រាប់​លោក អាន ប៊ុ​ណ្ណា​រឹទ្ធិ អគ្គនាយក​ក្រុមហ៊ុន អាន​លី​ហួរ​គ្រុប ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​សម្បក​កង់​រថយន្ត​ធុន​ធំ​ពី​ប្រទេស​ចិន និង​មាន​ជំនួញ​ជា​ច្រើន​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​រៀបរាប់​ពី​កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​អាជីវកម្ម​របស់​លោក ទទួល​បាន​ជោគជ័យ​រហូត​ដល់​សព្វថ្ងៃ ដោយ​ប្រើ​រយៈពេល​ខ្លី​បំផុត ។

ខាងក្រោម​នេះ គឺជា​កិច្ច​សម្ភាសន៍​រវាង​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព ជាមួយ លោក អាន ប៊ុ​ណ្ណា​រឹទ្ធិ អគ្គនាយក​ក្រុមហ៊ុន អាន​លី​ហួរ​គ្រុប ទាក់ទង​នឹង​ដំណើរការ​អាជីវកម្ម​របស់​លោក ក្នុង​ការ​នាំ​ចូល​សម្បក​កង់​រថយន្ត​ធុន​ធំ​ពី​ប្រទេស​ចិន មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា ៖

១-​តើ​ដំណើរការ​អាជីវកម្ម​ក្រុមហ៊ុន​ចាប់ផ្ដើម​បើក​ដំបូង​នៅ​ពេល​ណា ហើយ​រហូត​មក​ដល់​ពេល​នេះ​មាន​បញ្ហា​អ្វី​ទេ ?

ក្រុមហ៊ុន​ខ្ញុំ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១១ ហើយ​បើ​គិត​ទៅ វា​មាន​ភាព​ក្មេង​វ័យ​ណាស់​ក្នុង​អាជីវកម្ម​មួយ​នេះ តែ​ដោយសារ​ស្ថិត​នៅ​លើ​ឆន្ទៈ​មួយ​ដ៏​មោះមុត និង​ការ​ចូលរួម​ជ្រោមជ្រែង​ពី​បុគ្គលិក​ទាំងអស់ ទើប​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ទទួល​បាន​ជោគជ័យ​មិន​គួរ​ឱ្យ​ជឿ ។

២-​ហេតុ​អ្វី​ដែល​នាំ​ឱ្យ​លោក​សម្រេចចិត្ត​ក្នុង​ការ​នាំ​ចូល​ផលិតផល​សម្បក​កង់​រថយន្ត​មក​កាន់​ទីផ្សារ​កម្ពុជា ខណៈ​មាន​ក្រុមហ៊ុន​ផ្សេង​ៗ​គេ​នាំ​ចូល​មក​មុន​លោក​ទៅ​ទៀត ?

កត្តា​ដែល​ជំរុញ​ឱ្យ​ខ្ញុំ​សម្រេចចិត្ត​នាំ​ចូល​សម្បក​នេះ ដោយសារ​តែ​ខ្ញុំ​មើលឃើញ​ថា វិស័យ​ដឹក​ជញ្ជូន​កំពុង​មានការ​រីក​ចម្រើន​ណាស់ ហើយ​មួយទៀត ក្នុង​ពេល​បច្ចុប្បន្ន​នេះ សមាហរណកម្ម​អាស៊ាន ក៏​បាន​ចាប់ផ្ដើម​ជា​បណ្ដើរ​ៗ​ហើយ​ដែរ ។ ដូចនេះ វិស័យ​ដឹក​ជញ្ជូន​ត្រូវ​ច្របាច់​បញ្ចូល​គ្នា និង​ត្រូវ​បង្កើន​ការ​ដឹក​ជញ្ជូន​នៅ​ក្នុង​តំបន់ ។

ម្យ៉ាងវិញទៀត ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​របស់​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន ក៏​កាន់តែ​ងាយស្រួល ដូចនេះ​ហើយ​សម្បក​កង់​រថយន្ត​ធុន​ធំ គឺ​កំពុង​មាន​ចរន្ត​ទីផ្សារ​ខ្លាំង​មែនទែន ។

៣-​តើ​សម្បក​កង់​នោះ​លោក​នាំ​ចូល​ពី​ណា ?
ខ្ញុំ​នាំ​ចូល​មក​ពី​រោងចក្រ​នៅ​ប្រទេស​ចិន ដែល​មានការ​សហការ​ជាមួយនឹង​ប្រទេស​អង់គ្លេស ដែល​មាន​ម៉ាក​ឡិច​ស៊ី​ស និង​វ៉ូ​ស៊ី​ដិ​ន ដែល​បាន​ចុះបញ្ជី​នៅ​ក្នុង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ផង​ដែរ គឺថា​យើង​មិន​បាន​លួច​ប្រែ​ន​របស់​គេ ឬ​នាំ​ចូល​ដោយ​គ្មាន​ច្បាប់​នោះ​ទេ ។

៤-​តាម​ផ្នត់គំនិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​តែ​យល់​ថា ផលិតផល​មក​ពី​ចិន ជា​របស់​មិនសូវ​មានគុណ​ភាព ចុះ​ហេតុ​អ្វី​លោក​សហការ​នាំ​យក​ពី​ប្រទេស​ចិន​មក​កម្ពុជា ?

វា​ជា​ការ​ពិត​ណាស់ ដែល​ប្រជាជន​ខ្មែរ​មួយ​ចំនួន​យល់​ថា ផលិតផល​មក​ពី​ចិន​មិនសូវ​មានគុណ​ភាព ហើយ​គាត់​នៅ​តែ​រារែក​ក្នុង​ការ​ប្រើប្រាស់​ផលិតផល​ទាំងនោះ ។ តែ​ចំពោះ​ខ្ញុំ មុន​នឹង​សម្រេច​នាំ​ចូល​សម្បក​កង់​ពី​ចិន​មក​កម្ពុជា​នេះ គឺ​ខ្ញុំ​បាន​សិក្សា​ពី​ប្រវត្តិ​រោងចក្រ​ផលិត​សម្បក​កង់​នោះ​ថា មាន​ប្រវត្តិ​អ្វីខ្លះ ហើយ​ធ្លាប់​នាំ​ចេញ​ទៅ​ប្រទេស​ណាខ្លះ ។ តាម​អ្វី​ដែល​ខ្ញុំ​បានដឹង រោងចក្រ​ផលិត​សម្បក​កង់​ដែល​ខ្ញុំ​នាំ​ចូល​នេះ មាន​ប្រវត្តិ​ផលិត​សម្បក​កង់​រថយន្ត​យូរណាស់​មក​ហើយ និង​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ជា​ច្រើន​ទៀត​នៅ​លើ​ពិភពលោក ហើយ​ក៏​ជា​រោងចក្រ​ធំ​មួយ​ប្រចាំ​ខេត្ត​ក្វា​ង​ទុង​នៃ​ប្រទេស​ចិន​ផង​ដែរ ។

៥-​តើ​កត្តា​អ្វី​ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​លោក​ទទួល​បាន​ជោគជ័យ​ត្រឹម​រយៈពេល​ប្រមាណ​៥​ឆ្នាំ ?

អ្វី​ដែល​សំខាន់ គឺ​យើង​ត្រូវ​ស្មោះត្រង់​ជាមួយ​អតិថិជន និង​ដៃគូ​ចែកចាយ​របស់​យើង ជាក់ស្ដែង ក្រុមហ៊ុន​យើង​ជា​អ្នក​បោះ​ដុំ​ទៅ​ឱ្យ​ដៃគូ​ចែកចាយ ។ ដូចនេះ យើង​មិន​មានការ​លក់រាយ​រហេតរហូត​ដល់​អតិថិជន​ទិញ​រាយ​ពី​ក្រុមហ៊ុន​យើង​ទេ គឺ​យើង​ទុក​ឱ្យ​ដៃគូ​ដេប៉ូ​ចែកចាយ​របស់​យើង​ជា​អ្នក​លក់រាយ ខ្វះ​អី​អ្នក​មក​ទិញ​រាយ​ពី​យើង​នោះ តែ​យើង​មិន​សម្លាប់​ដៃគូ​របស់​យើង​ទេ ។ ចំពោះ​តម្លៃ​លក់​ប៉ុន្មាន អី​ប៉ុន្មាន​នោះ ក៏​យើង​មិន​អាច​កំណត់​ជូន​ពួក​ដៃគូ​ដែរ ពីព្រោះ​កម្ពុជា ជា​ទីផ្សារសេរី ។ មួយវិញទៀត ខ្ញុំ​ធ្វើការ​មិន​ដែល​គិត​ពី​ពេលវេលា​ថា​ថ្ងៃ ឬ​យប់​នោះ​ទេ អតិថិជន​ចង់​ជួប​ខ្ញុំ​ពេល​ណា ខ្ញុំ​ស្វាគមន៍​ជា​និច្ច ។ ដូចនេះ សម្រាប់​ខ្ញុំ ពេលវេលា​មាន​តម្លៃ​ណាស់ ពេល​គេ​ដេក ខ្ញុំ​ឆ្លៀត​ធ្វើការ ហើយ​ពេល​គេ​ធ្វើការ ក៏​ខ្ញុំ​ធ្វើការ​ដែរ ។

៦-​ចុង​ក្រោយ​តើ​លោក​មាន​អ្វី​សម្រាប់​ជា​សារ​ដល់​សហគ្រិន​ដទៃ​ទៀត ឬ​ដល់​អ្នក​ដែល​ចង់​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​ដូច​លោក​ទេ ?

ខ្ញុំ​សូម​ផ្ដាំ​ទៅ​អ្នក​ដែល​ចង់​បើក​អាជីវកម្ម ឬ​សហគ្រិន​ដទៃ​ទៀត ឬ​ក៏​ចង់​នាំ​ចូល​ផលិតផល​មក​ចរាចរណ៍​លើ​ទីផ្សារ​កម្ពុជា ជាដំបូង​ត្រូវ​សិក្សា​ឱ្យ​ច្បាស់​ជា​មុន​សិន​ជាមួយ​ដៃគូ​ដែល​យើង​នឹង​ធ្វើការ​ជាមួយ ។ កត្តា​បន្ទាប់​ទៀត សូមកុំ​គិត​រក​ផល​ចំណេញ​ភ្លាម​ៗ ត្រូវ​ស្មោះត្រង់ មិន​កិបកេង​ជាមួយ​ដៃគូ ឬ​អតិថិជន និង​ត្រូវ​ចេះ​ស្ដាយ​ពេលវេលា ។

ជាក់ស្ដែង រូប​ខ្ញុំ​ធ្វើការ​ថ្ងៃនេះ​នៅ​ភ្នំពេញ ហើយ​ស្អែក​នៅ​កំពង់សោម អីុ​ចឹ​ង​ហើយ​បើ​អាច​បំពេញការងារ​នៅ​ភ្នំពេញ​ឱ្យ​ហើយ រួច​ធ្វើ​ដំណើរ​ពេល​យប់​ទៅ​កំពង់សោម ព្រឹក​ឡើង​ធ្វើការ​នៅ​កំពង់សោម​រួច​ត្រឡប់​មក​ធ្វើការ​នៅ​ភ្នំពេញ​វិញ ៕