ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ ខណៈ​វិស័យ​សំណង់​មាន​កំណើន សម្ភារ​ផ្សេង​ៗ​ដែល​បម្រើ​ឱ្យ​វិស័យ​សំណង់​ក៏​មាន​សន្ទុះ ដូច​ជា​គ្រឿងសំណង់ និង​សម្ភារ​សម្រាប់​ជំនួយ​ដល់​ជាង​សំណង់​​ផង​ដែរ​។ ដោយ​មើលឃើញ​ពី​សក្ដានុពល​នេះ ក្រុមហ៊ុន ម៉េ​ង ឡេ​ង​អីុ​វ ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល និង​ចែកចាយ​សម្ភារ​ជាងសំណង់ និង​កសិកម្ម បាន​បោះទុន​ជាង​១០​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​សាងសង់​អគារ​តាំង​បង្ហាញ​សម្ភារ​ជាងសំណង់ និង​គ្រឿងយន្ត​កសិកម្ម​ទាំងនេះ ។ អគារ​តាំង​បង្ហាញ​នេះ ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​ម៉ៅ​សេ​ទុង ជិត​ស្ថានទូត​ចិន ជា​អគារ​ដែល​ដាក់​តាំង​សម្ភារ​សម្រាប់​ជំនួយ​ដល់​ជាង​ក្នុង​វិស័យ​សំណង់ និង​សម្ភារ​ជំនួយ​ដល់​ប្រជា​កសិករ​ក្នុង​ការ​ផ្លាស់​ប្តូរ​របៀប​ធ្វើស្រែ​តាម​បែប​សម័យ​ថ្មី ។

លោក ម៉េ​ង រស្មី នាយក​គ្រប់គ្រង​ក្រុមហ៊ុន ម៉េ​ង ឡេ​ង​អីុ​វ បាន​មាន​ប្រសាសន៍​ថា ៖ « អគារ​តាំង​បង្ហាញ​នេះ គ្រាន់តែ​ជា​អគារ​ចាស់​របស់​ក្រុមហ៊ុន ដែល​បាន​ចុះបញ្ជី​តាំងពី​ឆ្នាំ​១៩៩៩​មក​ម្ល៉េះ តែ​ដោយសារ​នៅ​ពេល​នេះ វិស័យ​សំណង់​កំពុង​មានការ​រីក​ចម្រើន ក្រុមហ៊ុន​ក៏​បាន​ពង្រីក​អគារ​សម្រាប់​តាំង​បង្ហាញ និង​ជួសជុល​កន្លែង​ផ្សេង​ៗ​ឱ្យ​ធំ​ជាង​មុន » ។

លោក​បន្ត​ថា ៖ « ដោយ​យល់​ឃើញ​ថា​ផលិតផល​ជា​ច្រើន​របស់​ក្រុមហ៊ុន ម៉េ​ង ឡេ​ង​អីុ​វ មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន​ទូ​ទាំង​ប្រទេស ស្រប​ពេល​ដែល​វិស័យ​សេដ្ឋកិច្ច​កម្ពុជា មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​វិនិយោគិន​បរទេស​សម្លឹង​ឃើញ​ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​មាន​សក្ដានុពល​ខ្ពស់ ក្នុង​ចំណោម​​ប្រទេស​ទាំងអស់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ហេតុនេះ​ហើយ​ទើប​ក្រុមហ៊ុន​ម៉េ​ង ឡេ​ង​អីុវ បាន​ពង្រីក និង​កែ​លម្អ​អគារ​តាំង​បង្ហាញ​ថ្មី និង​មជ្ឈមណ្ឌល​ទទួល​សេវាកម្ម និង​ជួសជុល​ឱ្យ​មាន​សោភ័ណ​ភាព ដែល​មាន​ជម្រើស​ច្រើន​សម្រាប់​ឱ្យ​អតិថិជន​សាកល្បង​ជ្រើសរើស​ផលិតផល​តាម​តម្រូវការ និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អតិថិជន​ក្នុង​ការយ​កមក ឬ​ទទួល​ផលិតផល​ជួសជុល » ។

លោក​បន្ថែម​ថា ៖ « អគារ​ថ្មី​ដែល​យើង​ជួសជុល និង​រៀបចំ​កន្លែង​តាំង​បង្ហាញ​សម្ភារ​ជាងសំណង់​នេះ បាន​បោះទុន​បន្ថែម​ប្រមាណ​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង​បែងចែក​ជា​កន្លែង​តាំង​បង្ហាញ​ផ្សេង​ៗ​ដូច​ជា កន្លែង​តាំង​បង្ហាញ​ឧបករណ៍​ជាង​ប្រើ​ដោយ​ដៃ ឧបករណ៍​ជាងសំណង់​ប្រើ​ចរន្តអគ្គិសនី និង​ឧបករណ៍​ម៉ាស៊ីន​កសិកម្ម ជាដើម » ។

លោក​បន្ថែម​ទៀត​ថា ៖ « បើ​និយាយ​ពី​ការ​លក់​សម្ភារ​ជាងសំណង់​នៅ​ក្នុង​ក្រុមហ៊ុន​យើង​វិញ នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ ហាក់ដូចជា​នៅ​មាន​កម្រិត ដោយសារ​តែ​ក្រុមហ៊ុន​ទាំង​ក្នុង និង​ក្រៅប្រទេស​ចូល​មក​ប្រទេស​កម្ពុជា ដើម្បី​ចរាចរណ៍​ផលិតផល​របស់​ខ្លួន ។ ដូចនេះ​ហើយ​ទើប​ក្រុមហ៊ុន​ខិតខំ​កែប្រែ និង​បង្កើត​កន្លែង​ថ្មី ដើម្បី​ឱ្យ​អតិថិជន​ងាយ​ស្រួល​ស្វែងរក​ផលិតផល ដែល​ពួក​គាត់​ត្រូវការ » ។

លោក​បញ្ជាក់​ថា ៖ « ថ្វី​ដ្បិតតែ​ក្រុមហ៊ុន​ជា​ច្រើន​ចូល​មក​ធ្វើ​អាជីវកម្ម​ក្នុង​ប្រទេស​កម្ពុជា​ក៏​ពិតមែន តែ​អតិថិជន​អ្នក​ប្រើប្រាស់​គាត់​ដឹង​ច្បាស់ និង​ស្វែងរក​ផលិតផល​ណា​ដែល​មាន​ម៉ាក​យីហោ​ច្បាស់លាស់ ព្រោះ​មិន​ចង់ឱ្យ​ការងារ​រាំងស្ទះ ព្រោះតែ​ផលិតផល​ដែល​មិនសូវ​មានគុណ​ភាព ប្រើ​មិន​បាន​យូរ ទោះបីជា​ផលិតផល​នោះ​មាន​តម្លៃ​ទាប​ក៏​ដោយ » ៕