ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ ការ​បង្កើត​នូវ​អគារ​ការិយាល័យ​សាជីវកម្ម​ថ្មី ដែល​មាន​កម្ពស់​១០​ជាន់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ផ្នែក​មួយ​នៃ​ផែនការ​យុទ្ធសាស្ត្រ​របស់​ធនាគារ Maybank ដើម្បី​ពង្រឹង​ប្រតិបត្តិការ​នៅ​ទូ​ទាំង​ប្រទេស ព្រមទាំង​ពង្រីក​ការ​បោះ​ជំហាន​ក្នុង​តំបន់​ផង​ដែរ ដើម្បី​ប្រែ​ក្លាយជា​សម្ព័ន្ធ​ធនាគារ​ឈានមុខ​គេ​នៅ​តំបន់​អាស៊ី​ទាំង​មូល។

ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​អគារ​ការិយាល័យ​កណ្តាល​របស់​ធនាគារ Maybank កាលពី​ព្រឹក​ថ្ងៃ​ទី​៥ មីនា លោក Tan Sri Megat ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​ធនាគារ Maybank បាន​មាន​ប្រសាសន៍​ថា ៖ « អគារ​ការិយាល័យ​ថ្មី Maybank ថៅ​វើ គឺជា​និមិត្តសញ្ញា​នៃ​ភាព​ជោគជ័យ​របស់​យើង និង​ជា​ពន្លឺ​នៃ​ក្តី​សង្ឃឹម​សម្រាប់​ភាព​អស្ចារ្យ​ដែល​នឹង​ឈាន​មក​ដល់​។ ខ្ញុំ​យល់​ថា មហាវិថី​ព្រះ​នរោត្តម​នេះ គឺជា​ទីតាំង​មួយ​ក្នុង​ចំណោម​ទីតាំង​ភូមិសាស្ត្រ​នៅរាជធានី​ភ្នំពេញ ដែល​ប្រកបដោយ​ភាព​លេចធ្លោ និង​ជាទី​តាំង​យុទ្ធសាស្ត្រ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម ។ ធនាគារ​របស់​យើង​ពិតជា​មាន​មោទនភាព​យ៉ាង​ក្រៃ​លែង​ជាមួយនឹង​ការ​បន្ថែម​នូវ​ទីតាំង​ភូមិសាស្ត្រ ថ្មី​នេះ » ។

លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​ធនាគារ Maybank បន្ត​ថា ៖ « ស្រប​ពេល​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) កាលពី​ឆ្នាំ​មុន  ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ប្រែ​ក្លាយជា​ច្រក​ចេញចូល​មួយ ដែល​មិនមែន​ត្រឹមតែ​ប្រជាពលរដ្ឋ​កម្ពុជា​១៦​លាន​នាក់​នោះ​ទេ ប៉ុន្តែ​គឺជា​ច្រក​ចេញចូល​សម្រាប់​ប្រជាពលរដ្ឋ​ច្រើន​ជាង​៦០០​លាន​នាក់​នៅ​ទូ​ទាំង​តំបន់​អាស៊ាន​ផង​ដែរ ។ ធនាគារ Maybank ជឿជាក់​ថា កិច្ច​ប្រឹងប្រែង​របស់​យើង​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​ក្នុង​ប្រទេស ពិតជា​ស្រប​នឹង​ទស្សនវិស័យ​របស់ AEC ក្នុង​ការ​ជំរុញ​ឲ្យ​មានការ​ប្រកួតប្រជែង និង​ការ​អភិវឌ្ឍ​ក្នុង​វិស័យសេដ្ឋកិច្ច » ។

លោក​លើក​ឡើង​ថា ៖ « ធនាគារ Maybank មាន​វត្ត​មាននៅ​កម្ពុជា​លើក​ដំបូង​កាលពី​ឆ្នាំ​១៩៩៣ ជាមួយនឹង​ការ​បើក​សាខា​នៅ​រាជធានី​ភ្នំពេញ ហើយ​បើ​គិត​រហូត​មក​ដល់​ពេល​នេះ ធនាគារ​បាន​ពង្រីក​បណ្តាញ​រហូត​ដល់​២១​សាខា​ហើយ​នៅ​ទូ​ទាំង​ប្រទេស​សម្រាប់​បម្រើ​សេវាកម្ម និង​តម្រូវការ​ទីផ្សារ​ក្នុងស្រុក ក៏​ដូច​ជា​អតិថិជន​ក្នុង​តំបន់​ដែល​កំពុង​ប្រកប​អាជីវកម្ម និង​ការ​វិនិយោគ​ក្នុង​ប្រទេស ។ ធនាគារ Maybank បាន​រីក​ចម្រើន​ជា​លំដាប់ ស្រប​នឹង​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ក្នុងស្រុក និង​បាន​ទទួល​រង្វាន់​ជា​ធនាគារ​បុគ្គល​ឆ្នើម និង​ធនាគារ​ឆ្នើម​ផ្នែក​កិច្ចការ​សង្គម​សម្រាប់​ឆ្នាំ​២០១៥ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្រេច​ដោយ​ស្ថាប័ន​ត្រួតពិនិត្យ​ធនាគារ និង​ហិរញ្ញវត្ថុ​ពិភពលោក​នា​ពេល​ថ្មី​ៗ​នេះ ។ រង្វាន់​ទាំងនេះ​បង្ហាញ​ពី​ភាព​ជោគជ័យ​របស់​ធនាគារ Maybank ក្នុង​ការ​សម្រេច​សមិទ្ធផល​ពាណិជ្ជកម្ម ក៏​ដូច​ជា​ការ​ប្តេជ្ញា​ទៅ​លើ​បេសកកម្ម​ប្រកបដោយ​អារ្យធម៌​ផង​ដែរ ។ ដើម្បី​អបអរសាទរ​នៃ​ការ​សម្ពោធ​ជា​ផ្លូវការ​នៃ​អគារ​ការិយាល័យ​ថ្មី​នេះ ធនាគារ Maybank បាន​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សេវាកម្ម​ថ្មី​របស់​ខ្លួន គឺ​ប័ណ្ណ​ឥណ​ពន្ធ​វិ​សារូប​ភាព​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា ដែល​អតិថិជន​អាច​ជ្រើសរើស​រូបភាព​លើ​ប័ណ្ណ​ឥណ​ពន្ធ​វី​សា​ដែល​ខ្លួន​ចូល​ចិត្តបាន » ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​បណ្ឌិត ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​ដែរ​ថា ៖ « ធនាគារ Maybank ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ធនា​គារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ ធ្នូ ឆ្នាំ​១៩៩៣ ដោយ​បង្កើត​ដំបូង​ក្នុង​រូបភាព​ជា​សាខា​ធនាគារ​បរទេស ។ នៅ​ឆ្នាំ​២០១២ ធនាគារជាតិ​នៃ​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ធនាគារ​ផ្លាស់​ប្តូរ​រូបភាព​គតិ​យុ​ត្តរបស់​ខ្លួន​ពី​សាខាបរទេស​ទៅ​ជា​បុត្ត​សម្ព័ន្ធ​ធនាគារ​បរទេស ហើយ​ក៏​បាន​ក្លាយជា​ធនាគារ​មួយ​ដែល​មានការ​អភិវឌ្ឍ​រីក​ចម្រើន​ល្អ ។ ការ​សម្ពោធ​ឲ្យ​ដំណើរ​ការ​​នូវ​ទីតាំង​ថ្មី​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​សុ​ឆន្ទៈ​របស់​សម្ព័ន្ធ​ធនាគារ Maybank គណៈ​គ្រប់គ្រង និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​របស់​ធនាគារ Maybank ភី​អិ​ល​ស៊ី » ។

លោក​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បន្ត​ថា ៖ « កំណើនសេដ្ឋកិច្ច​កម្ពុជា​បាន​បន្ត​កើនឡើង​ប្រកបដោយ​ភាពរឹងមាំ​ក្នុង​អត្រា​ប្រមាណ​៧% នៅ​ឆ្នាំ​២០១៥ ខណៈ​អតិផរណា​បន្ត​មាន​ស្ថិរភាព​ក្នុង​អត្រា​ក្រោម​២% ដែល​ជា​កម្រិត​មួយ​ទាប​អាច​គ្រប់គ្រង​បាន ។ ដោយឡែក វិស័យ​ធនាគារ​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ទាំង​ផ្នែក​វិសាលភាព និង​ទំហំ​ប្រតិបត្តិការ និង​បាន​បន្ត​គាំទ្រ​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ។ ជាក់ស្តែង ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ ទំហំ​ទ្រព្យសកម្ម​ក្នុង​ប្រព័ន្ធ​ធនាគារ​បាន​កើនឡើង​ដល់​ប្រមាណ​២០​ប៊ី​លាន​ដុល្លារ ស្មើនឹង​១០៧%​នៃ​ផលិតផល​ក្នុងស្រុក​សរុប ខណៈ​ប្រាក់​បញ្ញើ​របស់​អតិថិជន និង​ឥណទាន​លើ​វិស័យ​ឯកជន​កើនឡើង​ដល់​១១,៤៤ និង​១១,៦២​ប៊ី​លាន​ដុល្លារ​រៀង​គ្នា » ។

ទន្ទឹម​នឹង​នេះ វិស័យ​ធនាគារ​ក៏​កំពុង​ចូលរួម​ចំណែក​យ៉ាង​ខ្លាំងក្លា​ក្នុង​ការ​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ដើម្បី​បង្កើន​ប្រសិទ្ធភាព​អាជីវកម្ម បង្កើត​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ កាត់​បន្ថយ​គម្លាត​ចំណូល និង​ភាព​ក្រីក្រ​ដែល​មាន​សារសំខាន់​ក្នុង​ការ​គាំទ្រ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​តម្លាភាព ។

តាម​របាយការណ៍​ថ្មី​ៗ​នេះ​បង្ហាញ​ថា ប្រជាពលរដ្ឋ​កម្ពុជា​ដែល​មាន​អាយុ​ពេញវ័យ​ប្រមាណ​៥១% បាន​ទទួល​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ បើ​ធៀប​នឹង​កាលពី​១០​ឆ្នាំ​មុន ស្មើនឹង​៨,៧% ៕