ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

ខេត្តតាកែវ ៖ ដើម្បី​ចូលរួម​ចំណែក​លើក​ស្ទួយ​ដល់​ជីវភាព​របស់​ស្ត្រី​នៅ​តាម​សហគមន៍ ក្នុង​ការ​ប្រកប​មុខរបរ​ផលិត និង​តម្បាញ​សូត្រ​ខ្មែរ ឲ្យ​ទទួល​បាន​ចំណូល​សេដ្ឋកិច្ច​ប្រកបដោយ​ភាព​ឯករាជ្យ​របស់​ខ្លួន ព្រមទាំង​ចូលរួម​លើ​កម្ពស់​ការ​ប្រកប​មុខរបរ​ដែល​ជា​ប្រពៃណី​ខ្មែរ​ឲ្យ​មាន​ភាព​រីក​ចម្រើន​ឡើង​វិញ ធនាគារ Maybank បាន​ផ្តល់​មូលនិធិ​សាងសង់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​តម្បាញ​សូត្រ​ដល់​សហគមន៍​នៅ​ភូមិ​កន្ត្រោង​ព្រិច ស្រុក​សំរោង ខេត្តតាកែវ ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​កាលពី​រសៀល​ថ្ងៃ​ទី​៥ មីនា លោក Tan Sri Megat ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​ធនាគារ Maybank មាន​ប្រសាសន៍​ថា៖ « មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​តម្បាញ​សូត្រ​នេះ​កើត​ចេញពី​មូលនិធិ​របស់​ធនាគារ Maybank ដែល​បង្កើត​ឡើង​ក្នុង​គោលបំណង​បន្ត​ជំរុញ និង​លើកកម្ពស់​សមូហភាព​ក្នុង​តំបន់​អាស៊ាន តាម​រយៈ​ការ​ជួយ​លើក​ស្ទួយ និង​គាំពារ​ប្រពៃណី​តម្បាញ » ។

លោក​បន្ដ​ថា ៖ « នៅ​ប្រទេស​កម្ពុជា ជំនាញ​តម្បាញ​សូត្រ គឺជា​សិល្បៈ​បុរាណ​ខ្មែរ​ដែល​មាន​អាយុកាល​យូរលង់​ណាស់​មក​ហើយ និង​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ផ្គត់ផ្គង់​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា ។ ការ​ផលិត​សូត្រ​នៅ​កម្ពុ​ជាមួយ​ភាគ​ធំ​មាននៅ​ក្នុង​ខេត្តតាកែវ ហើយ​យើង​ពិតជា​មាន​សេចក្តី​រីករាយ និង​មាន​កិត្តិយស​យ៉ាង​ខ្ពង់ខ្ពស់​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​វិស័យ​នេះ » ។

« ដោយ​មាន​កិច្ចសហការ​ជាមួយ​អង្គការ​ដៃគូ​សូត្រ​ពណ៌​កម្ពុជា ដែល​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០០៩ ក្នុង​បេសកកម្ម​ជួយ​ជ្រោមជ្រែង​ថែរក្សា និង​ស្តារ​ឡើង​វិញ​នូវ​តម្បាញ​សូត្រ​ដែល​ជា​បេ​តិក​ភ័​ណ្ឌ​ជាតិ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង​នឹង​ជួយ​ជំរុញ​ឲ្យ​ជីវភាព និង​ការ​រស់នៅ​របស់​ស្ត្រី​ក្នុង​សហគមន៍​មាន​ភាពល្អ​ប្រសើរ និង​មាន​ភាព​ឯករាជ្យ​លើ​សេដ្ឋកិច្ច​របស់​ពួក​គេ ។ នៅ​ដើម​ខែមេសា​ខាង​មុខ​នេះ យើង​នឹង​ចាប់ផ្តើម​ជ្រើសរើស​កសិករ​ចំនួន​៥០​គ្រួសារ​ដើម្បី​ដាំ​ដំណាំ​មន ដែល​ជា​ប្រភព​ដ៏​សំខាន់​ក្នុង​ការ​ផលិត​សរសៃសូត្រ » ។ នេះ​បើ​តាម​លោក Tan Sri Megat បាន​បញ្ជាក់ ។

ចំណែក​អ្នកស្រី ង៉​ន វាន់​ថា ស្ថាបនិក​អង្គការ​សូត្រ​ពណ៌​កម្ពុជា មាន​ប្រសាសន៍​ថា ៖ « គិត​មក​ដល់​សព្វ​ថ្ងៃនេះ អង្គការ​សូត្រ​ពណ៌​មាន​សមាជិក​ប្រមាណ​៤៥០​នាក់​នៅ​ខេត្តតាកែវ ដែល​ប្រកប​មុខរបរ​តម្បាញ​សូត្រ​នេះ ។ កន្លង​មក ក៏​ដូច​ជា​បច្ចុប្បន្ន អ្វី​ដែល​អង្គ​ការសូត្រ​ពណ៌​កម្ពុជា​ជួប​បញ្ហា​ប្រឈម​មាន​ដូច​ជា ទីផ្សារ​, តម្លៃ​, វត្ថុធាតុដើម​នាំ​ចូល​មាន​តម្លៃ​ថ្លៃ​, ខ្សែ​សង្វា​ក់​ផលិតកម្ម​នៅ​មាន​កម្រិត (​ផលិត​ដោយ​ដៃ​) នៅ​មិន​ទាន់​អាច​ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ​ជាដើម​» ។

អ្នកស្រី​បន្ត​ថា ៖ « នៅ​ពេល​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ​នេះ​ដាក់​ឱ្យ​ដំណើរការ ខ្ញុំ​ជឿជាក់​ថា វា​នឹង​ផ្ដល់​អត្ថប្រយោជន៍​ច្រើនទៅ​ដល់​ស្ត្រី តាម​រយៈ​ផ្តល់​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​តម្បាញ​សូត្រ​នេះ​ដល់​ពួក​គាត់ ក្នុង​ការ​ទទួល​ប្រាក់​ចំណូល​ដើម្បី​ទ្រទ្រង់​គ្រួសារ​នៅ​ពេល​ខាង​មុខ​។ គម្រោង​បណ្ដុះបណ្ដាល​ជំនាញ​តម្បាញ​សូត្រ​ដែល​គាំទ្រ​ដោយ​ធនាគារ Maybank នេះ មាន​រយៈពេល​៣​ឆ្នាំ ដោយ​ក្នុង​១​ឆ្នាំ​ៗ ធនាគារ Maybank ផ្តល់​ការ​បណ្ដុះបណ្ដាល​ដល់​ស្ត្រី​ដែល​គ្មាន​ជំនាញ​ចំនួន​៥០​នាក់​ផង​ដែរ » ។

ថ្លែង​ក្នុង​ឱកាស​នោះ​ដែរ លោក​ជំទាវ ញ៉ែ​ម មរកត អនុប្រធាន​គណៈកម្មការ​ជំរុញ​សរសៃសូត្រ​កម្ពុជា និង​ជា​អនុរដ្ឋលេខាធិកា​ក្រសួង​កិច្ចការ​នារី បាន​មាន​ប្រសាសន៍​ដែរ​ថា៖ « ជំនាញ​តម្បាញ​សូត្រ គឺជា​ជំនាញ​វិជ្ជាជីវៈ​មួយ​ដែល​អាច​ជួយ​ផ្គត់ផ្គង់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់ ជា​ពិសេស បាន​លើកតម្កើង​ដល់​សិ​ទិ្ធ​ស្ត្រី​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ ។ បច្ចុប្បន្ន ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ និង​កិច្ច​អភិវឌ្ឍន៍​យ៉ាង​លឿន​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​នោះ​ស្ត្រី​ក៏​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​នៅ​សហគមន៍​ផង​ដែរ តាម​រយៈ​ជំនាញ​តម្បាញ​។ ការងារ​តម្បាញ​នេះ គឺជា​ប្រភព​ចំណូល​ទី​២ របស់​ស្ត្រី បន្ទាប់​ពី​ចំណូល​បាន​មក​ពី​ប្រភព​ផ្សេង​ៗ​។ បច្ចុប្បន្ន​នេះ យើង​សង្កេត​ឃើញ​ថា ពុំ​មាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​តម្បាញ​សូត្រ​ជា​ផ្លូវការ​និង​ឯកទេស​ទេ ដែល​ជា​ហេតុ​ធ្វើ​វិស័យ​នេះ​ពុំ​សូវ​បោះ​ជំហាន​ទៅ​មុខ ។ នៅ​តាម​បណ្តា​ខេត្ត​-​ក្រុង​មួយ​ចំនួន​សង្វា​ក់​ផលិតកម្ម​នៃ​តម្បាញ​មានការ​រីក​លូតលាស់​តិចតួច ប៉ុន្តែ​សម្រាប់​នៅ​ខេត្តតាកែវ​យើង​សង្កេត​ឃើញ​ថា សង្វា​ក់​ផលិតកម្ម​មាន​ច្រើន​ជាងគេ​នៅ​ក្នុង​ប្រទេស » ។

« កាលពី​ខែ​កន្លង​ទៅ​នេះ ក្រុមការងារ​ជំរុញ​សរសៃសូត្រ​របស់​រាជរដ្ឋាភិបាល បាន​ចុះ​មក​ខេត្តតាកែវ​នេះ ដើម្បី​សិក្សា​អំពី​ការ​ផលិត ការ​អភិវឌ្ឍ​សរសៃសូត្រ ក្នុង​នោះ​យើង​សង្កេត​ឃើញ​ថា វិស័យ​សូត្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មានការ​ធ្លាក់​ចុះ ។ សូត្រ​ធ្លាប់​ផលិត​បាន​ពី​៥ ទៅ​៦​តោន ឥឡូវ​ធ្លាក់​មក​នៅ​ត្រឹមតែ​ប្រមាណ​៦០០​គីឡូក្រាម ហើយ​ក្រុម​ផលិត​មាន​ប្រហែល​២​ម៉ឺន​នាក់ ឥឡូវ​ធ្លាក់​ចុះ​សល់​តែ​៥.០០០​នាក់ ។ ការ​ធ្លាក់​ចុះ​នៃ​ក្រុម​ផលិត​នេះ ដោយសារ​ពួក​គាត់​ទៅ​ធ្វើការ​នៅ​តាម​រោងចក្រ និង​ទៅ​ធ្វើការ​នៅ​ប្រទេស​ជិតខាង ព្រោះតែ​ការ​ផលិត​របស់​ពួក​គាត់​គ្មាន​ទីផ្សារ ហើយ​ការ​នាំ​ចូល​វត្ថុធាតុដើម​មាន​តម្លៃ​ថ្លៃ » ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ជំទាវ​អនុប្រធាន​គណៈកម្មការ​ជំរុញ​សរសៃសូត្រ​កម្ពុជា ។

លោក​ជំទាវ​បន្ដ​ថា ៖ « ជំនួយ​របស់​ធនាគារ​Maybank ដែល​ផ្តល់​ទៅ​ឱ្យ​អង្គការ​សូត្រ​ពណ៌​កម្ពុជា​ពេល​នេះ គឺ​ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ក៏​ដូច​ជា​ពលរដ្ឋ​នៅ​ខេត្តតាកែវ​ផង​ដែរ ។ ជំនួយ​ថ្ងៃនេះ វា​ស្រប​នឹង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​តាម​រយៈ​ការ​ពង្រឹង​ការ​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ។ ក្រសួង​កិច្ចការ​នារី​មាន​ផែនការ​យុទ្ធសាស្ត្រ​លើកកម្ពស់​ផ្តល់​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី ក្នុង​នោះ​ក្រសួង​បាន​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចំនួន​១៦៤​កន្លែង ដែល​មានការ​ចូលរួម​ជួយ​ពី​អង្គការ​ពាក់ព័ន្ធផ្សេង​ៗ » ។

លោក​ជំទាវ​បន្ថែម​ថា ៖ « នៅ​ប្រទេស​កម្ពុជា ការ​ចូលរួម​របស់​ស្ត្រី​លើ​ការ​ទទួល​បាន​ប្រាក់​កម្រៃ បាន​កើនឡើង​រហូត​ដល់​ជាង​៤២%, នៅ​ក្នុង​វិស័យ​កសិកម្ម​មាន​ជាង​៤៧% និង​ក្នុង​ឧស្សាហកម្ម​មាន​ជាង​៤៥% ។ នៅ​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ជាង​១៥​លាន​នាក់ ក្នុង​នោះ​៧០% ជា​ស្ត្រី​ដែល​ប្រកប​មុខរបរ​ក្នុង​វិស័យ​កសិកម្ម ក្រៅពី​នោះ ប្រកប​មុខរបរ​ជា​សហគ្រិន » ៕