ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

* រឿងរ៉ាវ​អាស្រូវ​មួយ ដែល​ក្រុមហ៊ុន​ខិលខូច បាន​លួច​បន្លំ​នាំ​ចូល​កាក​សំណល់​កម្ទេច​បារី សរុប​ប្រមាណ​៦០​តោន ដោយ​ដាក់​ថា ជី​កសិកម្ម​អាចម៍គោ​មេ​ស្អី​គេ​នោះ  មក​ដល់​ថ្ងៃនេះ​មាន​រយៈពេល​ច្រើន​ឆ្នាំ​ហើយ នាំ​គ្នា​ស្ងាត់ឈឹង​ទាំង​ខាង​សមត្ថកិច្ច ទាំង​ខាង​ផ្លូវច្បាប់ នៅ​ខេត្តឧត្តរមានជ័យ ក៏​ដូច​ជា​ចាប់​បាន​នៅ​រាជធានី​ភ្នំពេញ​...​ស្ងាត់​ដូច​គ្នា បែប​លាក់​ទុក​ចម្រាញ់​ធ្វើ​ប៊ី​ចេ​ង​ហើយ​មើលទៅ ។

* ដោយសារ​ស្ងាត់​ដូច​ចោរលួច​សេះ​នេះ​ហើយ ធ្វើ​ឱ្យ​មន្ទីរ​កសិកម្ម​ខេត្តឧត្តរមានជ័យ​យក​ឃ្លាំង​ដ៏​ធំ​មួយ​ស្តុក​ទុក​យ៉ាង​ស្ងៀមស្ងាត់ ប្រមាណ​៣០​តោន អត់​ហ៊ាន​បើក​ឃ្លាំង​ឱ្យ​អ្នកកាសែត​បានឃើញ បាន​ថត​ទុកជា​អនុស្សាវរីយ៍​ឡើយ ព្រោះ​គេ​ប្រាប់​ថា​ជា​បញ្ជា​ពី​មេ ។

* តាម​ផ្លូវច្បាប់​ដែល​គេ​បាន​និយាយ​ប្រាប់​កាលពី​ចាប់​បាន​ដំបូង​ថា នាំ​ចូល​ពី​ប្រទេស​ណា ត្រូវ​នាំ​ចេញ​ទៅ​ប្រទេស​នោះ​វិញ នោះ​គឺ​នាំ​មក​ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង ដែល​លាក់​ទុក​នៅ​ភ្នំពេញ ក៏​រាប់​សិប​តោន​ដែរ ។

* ប៉ុន្តែ មាន​ឱ្យ​នាំ​ចេញ​ទៅ​អាហ្វ្រិក​វិញ​ឯណា ? គឺ​ស្ងាត់ឈឹង ប្រៀប​ដូច​ចាត់​ទុក​កាក​សំណល់​បារី ដែល​ពោរពេញ​ទៅ​ដោយ​ជាតិពុល​នេះ ជា​មាស ជា​ពេជ្រ ចាក់សោ​ក្នុង​ឃ្លាំង​ទុក​ធ្វើ​កេរ​តែ​ម្តង ទំនង​មាន​ខ្នង​ធំ​ណាស់ បានជា​នាំ​គ្នា​លាក់​ទុក ជិតឈឹង​បែប​នេះ ។

* ឱ ! ស្រុក​ខ្មែរ​យើង​អើយ​... យប់​ខែភ្លឺ​ថ្លា​ទៅ​ហើយ នៅ​តែង​ងិ​ត​សូន្យសុង​ដដែល​... ទោះ​ពេល​នេះ រដូវ​ខែភ្លឺ​ពេញ​បូរ​មី​ក៏​ដោយ វា​នៅ​តែ​មាន​ពពក​ខ្មៅ​ទាំង​ផ្ទាំង​ៗ មក​បិទ​បាំង ។

* តើ​ពេល​ណា ទើប​មាន​ខ្យល់កំបុតត្បូង ជួយ​បោកបក់​រនាំង​ខ្មៅ​នេះ ឱ្យ​ចេញ​ផុត​ពី​វេហាស៍​ដ៏​ធំ​ល្វឹងល្វើយ​ទៅ​ហ្ន៎ ?