ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តមណ្ឌលគិរី ៖ បំណែក​សាច់សត្វ​ខ្ទីង​​មួយ​ក្បាល ត្រូវ​បាន​ក្រុម​មន្ត្រី​​ព្រៃការពារ​​មណ្ឌលគិរី​ល្បាត​ប្រទះ​ឃើញ​កណ្តាល​ព្រៃ ក្នុង​តំបន់​ព្រៃ​ការពារ​មណ្ឌលគិរី ​ហើយ​ការ​សម្លាប់សត្វ​ដ៏​កម្រ​នេះ​ ត្រូវ​បាន​ក្រុម​មន្ត្រី​ជំនាញ​សង្ស័យ​ថា មានការ​បាញ់​សម្លា​ប់​ដោយ​គ្រាប់កាំភ្លើង ​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ មីនា​ ត្រង់​ចំណុច​អូរ​ផ្លា​យ ​ស្ថិត​ក្នុង​ឃុំស្រែ​ហ៊ុយ ស្រុក​កោះ​ញែក ​។​

លោក​ ឡុ​ង ប៊ុ​ង ប្រធាន​ព្រៃ​ការពារ​មណ្ឌលគិរី​ បាន​​ឲ្យ​ដឹង​ថា​ លោក​មានការ​សោកស្តាយ​យ៉ាងខ្លាំង​នៅ​ពេល​ដែល​សត្វ​កម្រ​​​​នេះ ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ជា​បន្តបន្ទាប់​បែប​នេះ ហើយ​ករណី​នេះ​ត្រូវ​បាន​មន្ត្រី​ព្រៃ​ការពារ​មណ្ឌលគិរី ដាក់​ការ​សង្ស័យ​​ទៅ​លើ​ក្រុម​យោធា​កងអនុសេនាធំ​ទី​៣ ​​​​ហៅ​ថា​គ​៣ ក្នុងស្រុក​កោះ​ញែក​ជា​អ្នក​បាញ់ប្រហារ ព្រោះ​បំណែក​សាច់សត្វ​ខ្ទីង​នោះ មាន​ទាំង​ក្បាល មាន​ទាំង​គ្រឿងក្នុង ​និង​សាច់​ត្រូវ​បាន​គេ​ប្រលាក់​ហាល​ព្រោងព្រៀត​នៅ​ក្បែរ​កន្លែង​​ក្រុម​យោធា​​នេះ​ស្នាក់​នៅ ​​​។ ចម្ងាយ​ពី​កន្លែង​យោធា​ស្នាក់​នៅ និង​កន្លែង​ដែល​មាន​ហាល​សាច់សត្វ​ខ្ទីង​នោះ ​​ត្រឹមតែ​៨៥​ម៉ែត្រ​ពី​គ្នា​ប៉ុណ្ណោះ ។​

លោក​ប្រធាន​ព្រៃ​ការពារ​មណ្ឌលគិរី​ បាន​​បន្ត​​ថា ករណី​សម្លាប់សត្វ​ខ្ទីង​នេះ​លោក​សន្និដ្ឋាន​ថា​ មិន​មែន​ក្រុម​ព្រានព្រៃ​ជា​អ្នក​សម្លាប់​នោះ​ទេ​ ព្រោះ​នៅ​ចំណុច​​កើត​ហេតុ​មាន​​​មន្ត្រី​យោធា​យាមកាម ​ដូច​ច្នេះ​មិន​អាច​មាន​ជន​ណា​​ម្នាក់​ហ៊ាន​បាញ់​សម្លាប់សត្វ​ខ្ទីង​​​យក​សាច់​ទៅ​ហាល​នៅ​ក្បែរ​កន្លែង​យោធា​ស្នាក់​នៅ​បាន​ទេ ។

លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​​ បាន​ឲ្យ​ដឹង​ថា ​​ករណី​​​បាញ់​សម្លាប់សត្វ​ខ្ទីង​ខាងលើនេះ លោក​​​ស្នើឱ្យ​ប្រធាន​អង្គភាព​ដែ​ល​មាន​ប្រដាប់​អាវុធ​ទូ​ទាំង​ខេត្តមណ្ឌលគិរី​ ជួយ​ស្រាវជ្រាវ​រក​ឱ្យ​ឃើញ​អ្នក​ជាប់​ពាក់ព័ន្ធ​​នឹង​ការ​បាញ់​សម្លាប់សត្វ​ខ្ទីង​នេះ​ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

ព័ត៌មាន​លម្អិត​មានផ្សាយជូននៅលើ​ទំព័រ​កាសែត​កោះសន្តិភាព​