ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​សំណុំរឿង​បែកធ្លាយ​រឿង​ខ្សែអាត់​សំឡេង​មួយ​ឈុត​ ដែល​គេ​សង្ស័យ​ថា​ ជា​សំឡេង​សន្ទនា​​របស់​លោក កឹ​ម សុខា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ស្ត្រី​មា្ន​ក់​​ កាល​ពី​ថ្ងៃ​ទី​៩ មីនា ​ត្រូវ​​ស្ត្រី​ម្នាក់​ឈ្មោះ​ខំ ចាន់​ដា​រា​ទី ​ហៅ​ស្រី​មុំ​ បាន​​អះអាង​​​​ចេញ​​មក​បកស្រាយ​តាម​រយៈ​អង្គការ​អា​ដ​​ហុ​ក ដោយ​បាន​បដិសេធ​ថា​ មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ស្នេហា​ជាមួយ​លោក កឹ​ម សុខា​ ទេ​ ។

កញ្ញា​​ឈ្មោះ​ខំ ចាន់​ដា​រា​ទី ហៅ​ស្រី​មុំ អាយុ​២៥​ឆ្នាំ​ ជា​​ជាងកាត់សក់ លាប​សក់ និង​កាត់​ក្រចក​នៅ​ហាង​ «​ខ្មែរ​អង្គរ​កាត់សក់​» ​ដែល​ត្រូវ​បាន​​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) បង្ហោះ​ខ្សែអាត់​សំឡេង​​ថា នាង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ស្នេហា​​ជាមួយ​​បុរស​ម្នាក់ ឆ្លើយឆ្លង​សម្ដី​ជាមួយ​​នាង​ដែល​អ្នក​បង្ហោះ​អះអាង​ថា ​ជាមួយ​លោក​កឹ​ម សុខា នោះ​ចេញ​មុខ​នៅ​ថ្ងៃ​ទី​៩ ​មីនា​ នេះ​បដិសេធ​ថា​ នាង​មិន​បាន​ពាក់ព័ន្ធ​រឿងរ៉ាវ​ស្នេហា​ជាមួយ​លោក កឹ​ម សុខា ដូច​ការ​ចោទប្រកាន់​ឡើយ​ ។

កញ្ញា​ស្រី​មុំ​ បាន​​និយាយ​ប្រាប់​​ក្រុម​អ្នកកាសែត​ កាលពី​ល្ងាច​ថ្ងៃ​ទី​៩ មីនា ២០១៦ ​និង​បាន​ចាក់​ផ្សាយ​​ដោយ​វិទ្យុ​អាស៊ី​សេរី​ថា ​នាង​ជា​បុគ្គលិក​បម្រើ​​ការងារ​នៅ​ក្នុង​ហាង​កាត់សក់​ ដែល​លោក កឹ​ម សុខា ​តែងតែ​ទៅ​ទីនោះ​ផង​ដែរ​ ។​ តែ​កញ្ញា​រូប​នេះ​ បាន​និយាយ​ថា​ នាង​មិន​បាន​និយាយ​សាសង​ស្នេហា​ជាមួយ​​លោក កឹ​ម សុខា​ ដូចដែល​គេ​បង្ហោះ​សំឡេង​សាសង​នោះ​ទេ​ ។

នៅ​ល្ងាច​ថ្ងៃ​ទី​៩​ មីនា​ នេះ​ នាង​បាន​ទៅ​កាន់​អង្គការ​អា​ដ​ហុ​ក​ ដើម្បី​ស្វែងរក​ការ​អន្តរាគមន៍​ ដោយ​មានការ​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​ និង​សន្តិសុខ​ផ្ទាល់ខ្លួន​នាង​ ។​ កញ្ញា​ស្រី​មុំ​​បាន​និយាយ​ថា​ នាង​មិន​ទាន់​បានដឹង​ថា​ មាន​អ្វី​កើតឡើង​ចំពោះ​នាង​នៅឡើយ​ទេ រ​ហូត​ដល់​ពេល​នេះ​ ។ ​តែ​បន្ទាប់​លាក់​​មួយ​រយៈ​នាង​បាន​ចេញ​មុខ​បកស្រាយ​តប​នូវ​អ្វី​ដែល​សារព័ត៌មាន ​និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស
​ប៊ុ​កបាន​ផ្សាយ​សំឡេងសង្ស័យ​ថា ​ជា​សំឡេង​​របស់​នាង ​និង​លោក កឹ​ម សុខា​ ។

កញ្ញា​ស្រី​មុំ​ បាន​និយាយ​ថា​ នាង​ចង់​ឱ្យ​​​​អង្គការ​អា​ដ​ហុ​ក​ជួយ​រក​យុត្តិធម៌​ដល់​នាង ​ព្រោះ​នាង​មិនដឹង​ថា ​មាន​អ្វី​អាច​នឹង​មាន​​ចំពោះ​នាង​ឬ​គេ​អាច​នឹង​ធ្វើ​អ្វី​ទេ ​។ ​កញ្ញា​ស្រី​មុំ​ បាន​និយាយ​ថា​ «​ខ្ញុំ​ចង់​និ​យា​យ​បដិសេធ​ថា​ សំឡេង​​នោះ​មិនមែន​ជា​សំឡេងរបស់ខ្ញុំ​ទេ​ ព្រោះ​ខ្ញុំ​អត់​​មាន​ពេលវេលា​ណា​​ទៅ​និយាយ​សាសង​ស្នេហា​ជាមួយ​គាត់​ទេ​» ​។

នាង​​បាន​និយាយ​ថា ​នាង​មិន​ដែល​បាន​គិត​ថា សំឡេងនោះ​ស្រ​ដៀង​នឹង​សម្លេង​របស់​នាង​​ ។ ​នាង​អះអាង​ថា​ «បើ​ខ្ញុំ​និយាយ​ថា​ សំឡេង​​ស្រ​ដៀង​សំឡេង​ខ្ញុំ ​មាន​ន័យ​ថា ​ខ្ញុំ​ទទួលស្គាល់​ថា ​វា​ជាសំឡេង​​របស់ខ្ញុំ​ តែ​ខ្ញុំ​មិន​ដែល​បាន​គិត​ផង» ​។ ​នាង​លើក​ឡើង​ថា​ នាង​មាន​ស្គាល់​​លោក កឹ​ម សុខា​ មែន​ គឺ​ស្គាល់​នៅ​ពេល​​​លោក​​បាន​អញ្ជើញ​ទៅ​ហាង​កាត់សក់​ ក្នុង​នាម​ជា​ភ្ញៀវ​ មុន​នឹង​គាត់​ទៅ​គាត់​បាន​តេ​ (​ទូរស័ព្ទ​) ​ទៅ​សួរ​ថា​ ជាងកាត់សក់​ទំនេ​រ ឬ​អត់? ។

កញ្ញា​ស្រី​មុំ​ បាន​និយាយ​ទៀត​ថា​ តាម​នាង​ដឹង​ លោក​កឹ​ម ​សុខា​ ធ្លាប់​កាត់សក់​នៅ​ហាង​នេះ​​ប្រមាណ​១០​ឆ្នាំ​មក​ហើយ ​តែ​នាង​ទើបតែ​មក​បម្រើ​ការ​ងារ​ទេ ​។ ​នាង​បាន​អះអាង​ថា​ នាង​បាន​មក​ធ្វើ​ការងារ​ប្រហែល​១​ឆ្នាំ​ តែ​ពីរ ​បី​ខែ​នេះ​ មិន​បាន​ស្គាល់​លោក​កឹ​ម សុខា​ទេ​។ ​នាង​​និយាយ​ថា​ «​ខ្ញុំ​បានឮ​​គេ​និយាយ​ថា ​បន្តិចទៀត ​លោក​កឹ​ម សុខា​ មក​កាត់សក់​ ។​ ពេល​នោះ​ខ្ញុំ​មិន​បាន​ស្គាល់​ថា ​លោក​កឹ​ម សុខា​ជា​នរណា​គេ​ទេ​? ​។​ គេ​បាន​ស្គាល់​លោក​កឹ​ម សុខា​ ទាំងអស់​​នៅ​ក្នុង​ហាង​នេះ​ ព្រោះ​គាត់​ជា​ភ្ញៀវ​ ។​ ហាង​កាត់សក់​នេះ​ មានឈ្មោះ​
«​ខ្មែរ​អង្គរ​កាត់សក់​» ​ម្តុំ​វិមាន​ឯករាជ្យ ​។

ឆ្លើយ​សំណួរ​របស់​អ្នកកាសែត​​ កញ្ញា​ស្រី​មុំ​​បាន​និយាយ​ថា​ នាង​មិនមែន​ជា​ជាងកាត់សក់​ឱ្យ​​លោក​​កឹ​ម សុខា​ ទេ​ មាន​ជាង​បុរស​ដទៃ​ទៀត​​ជា​អ្នក​​កាត់ ​។ ​តែ​នាង​ជា​អ្នក​លាប​សក់ កក់សក់​ និង​កាត់​ក្រចក​ ។​ តែ​នាង​និយាយ​ថា​ លោក​កឹ​ម សុខា​ មិន​ដែល​បាន​ទូរស័ព្ទ​ហៅ​នាង​ទៅ​ផ្ទះ ​ឬ​សណ្ឋាគារ​ គាត់​កក់សក់​ ឬ​លាប​សក់ និង​កាត់​ក្រចក​នោះ​ គឺ​នាង​មិន​ដែល​ទៅ​តែ​ម្តង ​។

កញ្ញា​​ស្រី​មុំ​ បាន​និយាយ​ប្រាប់​អ្នកកាសែត​ថា​ លោក​កឹ​ម សុខា​ ធ្លាប់​បាន​ទូរស័ព្ទ​ណាត់​​ទៅ​កក់សក់​ ឬ​កាត់សក់ ​តែ​មិន​បាន​កំណត់​​ថា​មួយ​ខែ ​ឬ​ពីរ​ទៅ​ម្តងនោះ​ទេ​ ។​ នាង​និយាយ​ថា​ «​ពេល​ខ្លះ​ មាន​រយៈពេល​១​ខែ​កន្លះ​ ឬ​រយៈពេល​ពីរ​ខែ​ ឬ​២០​ថ្ងៃ​ទៅ​ម្តង​ ។​ តែ​និយាយ​ទៅ​មិន​ទៀង​ សម្រាប់​គាត់​ ខ្ញុំ​បានដឹង​តែ​ប៉ុណ្ណឹង ឬក៏​​គាត់​តេ​ថា ​ជាងកាត់សក់​ទំនេ​ឬ​អត់​»​។

នាង​​បាន​និយាយ​ថា ​ពេល​ខ្លះ​ លោក​កឹ​ម ​សុខា បាន​ទៅ​កាត់សក់​មែន​ តែ​មិន​បាន​លាប​សក់​ទេ​ និង​ពេល​ខ្លះ​ ទៅ​​លាប​តែ​មិន​បាន​កាត់​សក់​​ទេ ​។ ​នាង​និយាយ​ថា​ នៅ​ពេល​បំពេញការងារ​ជា​អ្នក​លាប​សក់ ​និង​កាត់​ក្រចក​ជូន​​លោក​កឹ​ម សុខា​ នាង​មិន​អាច​ដឹង​ពី​ច​រិក​​លក្ខណៈ​​ណាមួយ​​របស់​បុគ្គល​លោក​កឹ​ម សុខា​ ដែរ ​ព្រោះ​នាង​មិនមែន​ជា​អ្នក​ជំនិត ​ឬ​ជា​ស្ត្រី​កំណាន់​របស់​លោក​ទេ​ ។​ តែ​គ្រាន់​ថា ​រាល់​​ការ​និយាយ​ស្តី​របស់​លោក​កឹ​ម សុខា​ មិន​អាច​ធ្វើ​ឱ្យ​​នាង​វិនិច្ឆ័យ​បាន​ទេ ​។

នាង​​បាន​ឆ្លើយ​តប​ជាមួយ​​សំណួរ​ជា​ច្រើន​របស់​អ្នកកាសែត​ថា ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ «​ម៉​ន​ស្រី​» ​ជា​របស់​នាង ​និង​រូប​នៅ​​ក្នុង​នោះ​ពិត​រូបថត​របស់​នាង​​មែន​ នាង​ទទួលស្គាល់​ ។​ តែ​ចំពោះ​ខ្លឹមសារ​​ក្នុង​ហ្វេ​ស​ប៊ុ​ក​នោះ​ នាង​មិន​បាន​សរសេរ​ និង​គ្មាន​សមត្ថ​ភាព​​សរសេរ​ដែល​​ថា​លោក​កឹ​ម ​សុខា​ មិន​ទទួលខុសត្រូវ​ចំពោះ​ស្នេហា​ទេ​ ។​ ព្រោះ​នាង​រៀន​មិន​បាន​ចប់​ថ្នាក់​ទី​៤​ផង ​(​បឋម​សិក្សា​) ​។ ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​បាន​លេង​​រយៈពេល​២​ឆ្នាំ​មក​​ហើយ​ ។

នាង​​និយាយ​ទៀត​​ថា​ មាន​គេ​វាយលុក​ក្នុង​​គណនី​ហ្វេ​ស​ប៊ុ​​ក​របស់​នាង​ និង​មាន​គេ​ប្តូរ​លេខ​កូដ​​របស់​នាង​ ។​ ពេល​ដឹង​ភ្លាម​ នាង​ចង់​បក​ស្រាយ​រឿង​នេះ​​ដែរ តែ​នាង​មាន​អារម្មណ៍​ភ័យ​​ខ្លាច មាន​អារម្មណ៍​ខ្មាស់​គេ មាន​អារ​ម្ម​ណ៍​កត់​ស្លុត​ មិនដឹង​ថា​ ធ្វើ​របៀប​ណា​និយាយ​​មិន​ចេញ​នៅ​ពេល​មានរឿង​នេះ​​កើតឡើង​ ។​ នាង​និយាយ​ថា​ «​នៅ​ពេល​ដឹង​រឿង​នេះ​ភ្លាម ​នាង​និ​យាយ​មិន​ចេញ ​មានការ​តក់ស្លុត​ខ្លាំង​ណាស់» ​។

នាង​និយាយថា ​នាង​គ្មាន​​គំនុំ​អ្វី​ជាមួយ​នរណា​​ទេ គ្មាន​នរណា​ស្អប់​នាង​​ទេ ហេតុ​អ្វី​បានជា​គេ​យក​រឿង​របស់​នាង​​បង្ហោះ​ពេញ​ហ្វេ​ស​ប៊ុ​ក​បែប​ហ្នឹង ​។ ​នាង​បាន​បញ្ជាក់​ថា​ នាង​មានការ​ខ្មាស់​គេ​​នៅ​កន្លែងធ្វើការ​ងារ​ និង​ខាតបង់​ពេលវេលា​របស់​នាង​ទៀត​ ។​ ក្រោយ​ពេល​កើត​ហេតុ​ និង​រហូត​ដល់​ពេល​នេះ ​នាង​មិន​បាន​ទាក់​ទូរស័ព្ទ​ទៅ​​​លោក​​កឹ​ម សុខា​ ទេ​ ។

នាង​​និយាយ​ថា ​នៅ​ពេល​នាង​បាន​ទៅ​កាន់អង្គការ​អា​ដ​ហុ​ក ​កាលពី​​ល្ងាច​ថ្ងៃ​ទី​៩​ មីនា​ គោលបំណង​បំភ្លឺ​រឿង​នេះ​ នាង​មិន​បាន​ទៅ​ធ្វើ​អ្វី​មួយ ​ដែល​សង្គម​ស្អប់ខ្ពើម​ និង​មិន​បាន​ប្រព្រឹត្ត​រឿងអាស្រូវ​ស្នេហា​ជាមួយ​លោក​​កឹ​ម សុខា​ និង​ថា​នាង​មិនមែន​ជា​ស្រីកំណាន់​របស់​គាត់​ទេ​ ។ ​នាង​នៅ​តែ​អះអាង​ថា ​គណនី​ហ្វេ​ស​ប៊ុ​ក​នោះ ​ពិតជា​របស់​នាង​មែន​ ។

កញ្ញា​ស្រី​មុំ ​បាន​និយាយ​ថា ​នាង​សូមឱ្យ​​អង្គការ​អា​ដ​ហុ​ក ​ជួយ​រក​យុត្តិធម៌​ និង​ទាមទារ​នូវ​ភាព​ស្អាត​ស្អំ​​របស់​នាង​ យក​មក​វិញ ​ព្រោះ​នាង​មិន​​បាន​​ប្រព្រឹត្ត​ទេ​ ។​ នាង​បាន​និយាយ​ថា​ រឿង​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៩ កុម្ភៈ​ រហូត​ដល់​ថ្ងៃ​ទី​៩ មីនា​ គ្មាន​នរណា​ម្នាក់​បាន​ទាក់​ទង​មក​នាង​តាម​រយៈ​ទូរស័ព្ទ​ ក្រៅ​តែ​ពី​ព័ត៌មាន​ដែល​អ្នកកាសែត​ផ្សាយ​ និង​ចង់​​ដឹង​ ។

នាង​និ​យា​ថា​ «​ខ្ញុំ​បាន​លាក់ខ្លួន​មួយ​រយៈ​​ អត់​មាន​ពេល​មក​បកស្រាយ​រឿង​បែប​អីចឹង​ទេ ​។ ​តែ​មាន​តែ​បងប្អូន​ខ្ញុំ​ទេ ​ដែល​គេ​ស្វែងរក​យុត្តិធម៌​​សម្រាប់​នាង​» ​។ ​តែ​នាង​បាន​អះអាង​ថា​ ក្រសួងមហាផ្ទៃ​បាន​កោះហៅ​នាង​ទៅ​បំភ្លឺ​ ពី​បញ្ហា​នេះ​ដែរ​ តាម​រយៈ​លិខិត​ចំនួន​២​ដង​ ។ ​នាង​បាន​ទទួល​លិខិត​ចំនួន​២​មក​​ហើយ​ ។​ នាង​នឹង​ចូលខ្លួន​បំភ្លឺ​ចំពោះ​បញ្ហា​នេះ​នៅ​ថ្ងៃ​ទី​១១  មីនា វេលា​ម៉ោង​៧​ព្រឹក​ ។