ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​០៩​មីនា​ម្សិលមិញ បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​ស្តី​ពី​ប្រាក់​បំណាច់​ចៅក្រម និង​ព្រះរាជអាជ្ញា ។

បើ​តាម​អនុក្រឹត្យ​លេខ​៣៩​អន​ក្រ​.​បក បាន​ឲ្យ​ដឹង​ថា អនុក្រឹត្យ​នេះ​មាន​គោលបំណង​រៀបចំ​និង​កំណត់​ប្រាក់​បំណាច់​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ដើម្បី​ធានា​បាន​នូវ​ប្រ​សិ​ទ្ឋ​ភាព​និង​ការ​បង្កើន​ផលិតភាព​ក្នុង​ប្រ​ព័​ន្ឋ​យុ​ត្តិ​ធ៌​ម ព្រមទាំង​ការ​ធានា​នូវ​សម​ធ៌​ម​និង​សង្គតិភាព​ក្នុង​ប្រ​ព័​ន្ឋ​បៀវត្ស​អនុលោម​ច្បាប់​ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន ។

ប្រាក់​បំណាច់​ចៅក្រម​និង​ព្រះរាជអាជ្ញា​រួម​មាន​៖ ប្រាក់​បំណាច់​មុខងារ​ចៅក្រម​និង​ព្រះរាជអាជ្ញា ប្រាក់​បំណាច់​ឈ្នួល​ផ្ទះ ប្រាក់​បំណាច់​អធិមូល​ជីវភាព ប្រាក់​បំណាច់​សម្រាប់​ផ្លាស់​ប្តូរ​ទីតាំង​ការងារ ប្រាក់​ថ្លៃ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ និង​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ព្យាបាល​ជំងឺ​ប្រចាំ​កាយ​រយៈពេល​យូរ​របស់​ចៅក្រម​និង​ព្រះរាជអាជ្ញា ។

ប្រាក់​បំណាច់​ចៅក្រម និង​ព្រះរាជអាជ្ញា ដែល​ចាប់​អនុវត្តន៍​ពី​ថ្ងៃ​ទី​០១ មេ​សា ២០១៦​តទៅ​រួម​មាន​៖

០១-​ប្រធាន​តុលាការ​កំពូល​និង​អគ្គ​ព្រះរាជអាជ្ញា​អម​តុលាការ​កំពូល ១០​លាន​រៀល

០២-​អនុប្រធាន​តុលាការ​កំពូល ប្រធាន​សភា​នៃ​តុលាការ​កំពូល អគ្គ​ព្រះរាជអាជ្ញា​រង​អម​តុលាការ​កំពូល ប្រធាន​សាលា​ឧ​ទ្ឋ​រណ៍ និង​អគ្គ​ព្រះរាជអាជ្ញា​អម​សាលា​ឧ​ទ្ឋ​រណ៍ ៤​លាន​៥​សែន​រៀល

០៣-​ចៅក្រម​តុលាការ​កំពូល ព្រះរាជអាជ្ញា​អម​តុលាការ​កំពូល អនុប្រធាន​សាលា​ឧ​ទ្ឋ​រណ៍ ប្រធាន​សភា​នៃ​សាលា​ឧ​ទ្ឋ​រណ៍​និង​អគ្គ​ព្រះរាជអាជ្ញា​រង​អម​សាលា​ឧ​ទ្ឋ​រណ៍ ៤​លាន​រៀល

០៤-​ចៅក្រម​សាលា​ឧ​ទ្ឋ​រណ៍ ប្រធាន​សាលាដំបូង ព្រះរាជអាជ្ញា​អម​សាលា​ឧ​ទ្ឋ​រណ៍ ព្រះរាជអាជ្ញា​អម​សាលាដំបូង​និង​ព្រះរាជអាជ្ញា​បម្រើ​ការងារ​នៅ​ក្រសួង​យុ​ត្តិ​ធ៌​ម ៣​លាន​៥​សែន​រៀល

០៥-​អនុប្រធាន​សាលាដំបូង ប្រធាន​តុលាការ​ជំនាញ​នៃ​សាលាដំបូង និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង ៣​លាន​២​សែន​រៀល

០៦-​ចៅក្រម​សាលាដំបូង ៣​លាន​រៀល

០៧-​ចៅក្រម​កម្មសិក្សា​និង​ព្រះរាជអាជ្ញា​រងកម្ម​សិក្សា ១​លាន​៥​សែន​រៀល ៕