ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ក្រោមផ្ទះ និង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៩ ខែមីនា នៅ​ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន ។

ស្ត្រី​ឈ្មោះ យឺន ស្រី​ណែ​ត អាយុ​៣៩​ឆ្នាំ ដែល​ត្រូវជា​បងស្រី​របស់​បុរស​ខាងលើ បានឱ្យ​ដឹង​ថា ប្អូនប្រុស​គាត់​ដែល​ចង​.​ក​សម្លាប់​ខ្លួន​នេះ​ឈ្មោះ យឺន វុ​ទ្ធី អាយុ​៣៣​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុងភូមិ​ខាងលើ ។ នៅ​មុន​ពេល​មានការ​ភ្ញាក់ផ្អើល​ពី​ការ​ធ្វើ​អត្តឃាត​នេះ គាត់​ឃើញ​ប្អូនប្រុស​ដេក​ក្នុង​អង្រឹង​មើល​ទូរទស្សន៍​ជា​ធម្មតា​នៅ​ខាងក្រោម​ផ្ទះ ចំណែក​រួប​គាត់​ដេក​លើ​គ្រែ​នៅ​ចម្ងាយ​ពី​គ្នា​ប្រហែល​៥​ម៉ែត្រ ។ លុះ​ដេក​លក់​មួយស្របក់ គាត់​ភ្ញាក់​ដឹងខ្លួន​ចេញពី​ក្នុង​មុង រួច​បើកភ្លើង​ក្រឡេក​រក​មើល​ប្អូន  ស្រាប់តែ​ឃើញ​ចង​.​ក​នឹង​ធ្នឹម​ក្រោមផ្ទះ​ទៅ​ហើយ ។ ពេល​ឃើញ​បែប​នេះ ធ្វើ​ឱ្យ​រូប​គាត់​ភ័យ​ស្លន់ស្លោរ​ត់ទៅ​ហៅ​ប្អូនថ្លៃ​ប្រុស​មក​ជួយ​កាត់​ខ្សែ​ទម្លាក់​ដើម្បី​សង្គ្រោះ តែ​គេ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

ចំណែក​ស្ដ្រី​ជា​ម្តាយ​ឈ្មោះ គង់ សុខា អាយុ​៥៧​ឆ្នាំ បានឱ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​កើតហេតុ​កូនប្រុស​គាត់​នេះ បាន​អង្គុយ​ផឹកស្រា​ជាមួយ​បងថ្លៃ​នៅ​ក្រោមផ្ទះ​ជា​ធម្មតា​ទេ ហើយ​ក៏​មិន​មាន​ទំនាស់​អ្វី​នឹង​គ្នា​ដែរ ។ លុះដល់​យប់​ងងឹត ពួក​គេ​ក៏​ឈប់​ផឹក ហើយ​ដេក​មើល​ទូរទស្សន៍​សើច​លេង​ជា​ធម្មតា លុះ​នៅ​ម៉ោង​ប្រមាណ​១០​យប់ ស្រាប់តែ​ឮ​កូនស្រី​ស្រែក​ប្រាប់​ថា វុ​ទ្ធី ចង​.​ក​ស្លាប់​បាត់​ហើយ ។

ក្រោយ​ពេល​កើតហេតុ សម្ថ​កិច្ច​ជំនាញ​បាន​ចុះ​ទៅ​ដល់​និង​ធ្វើ​កោសល្យវិច័យ​បង្ហាញ​ថា បុរស​រូប​នវ​ពិតជា​ស្លាប់​ដោយសារ​ចង​.​ក​មែន និង​បាន​ប្រគល់​សព​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕