ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តមណ្ឌលគិរី ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០២​ខែ​មិ​នា​ឆ្នាំ​២០១៦​លោក​ឧត្តមសេនីយ៍ត្រី តូច យ៉ុ​ន ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា​សភាពការណ៍​សន្តិសុខ បទល្មើស និង​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ខេត្តមណ្ឌលគិរី​ឆ្នាំ​២០១៥​នា​ពេល​កន្លង​មក បទល្មើស​ព្រហ្មទណ្ឌ​បាន​កើតឡើង​ចំនួន​៣២​ករណី​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៤ មានការ​កើនឡើង​ចំនួន​០៧​ករណី ស្មើនឹង​៨២​ភាគរយ​ក្នុង​នោះ​បទឧក្រិដ្ឋ​ចំនួន​១១​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៥​នាក់​របួស​ចំនួន​៣​នឹង​រង​គ្រោះ​ចំនួន​៣​នាក់ ចំណែក​បទល្មើស​ម​ជ្ឈឹ​ម​កើតឡើង​ចំនួន​២១​លើក បណ្តាល​ឲ្យ​រង​របួស​មនុស្ស​ចំនួន​៨​នាក់ បាត់បង​ថវិកា​នឹង​សំភារៈ​មួយ​ចំនួន​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​កម្លាំង​នៃ​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី បាន​ចុះ​បង្ក្រាប​ចំនួន​៣០​ករណី ស្មើនឹង​៩៣​ភាគរយ​(​ស្ទើ​តែ​ទាំងស្រុង​)​ដោយ​ឃាត់​បាន​ខ្លួន​ជនសង្ស័យ​ចំនួន​៥៨​នាក់​ក្នុង​នោះ​ស្លាប់​ចំនួន​១​នាក់ របួសធ្ងន់​ចំនួន​១​នាក់​នឹង​រឹបអូស​វត្ថុ​តាង​បាន​មួយ​ចំនួន​ព្រមទាំង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។ រីឯ​គ្រោះថ្នាក់​ចរាចរ​នៅ​ទូ​ទាំ​ខេត្តមណ្ឌលគិរី មាន​ចំនួន​៥៦​លើក​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៤​មាន​ចំនួន​ស្មើគ្នា ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១៣​នាក់ រង​របួសធ្ងន់​ចំនួន​៥៦​នាក់​រង​របួសស្រាល​ចំនួន​២៥​នាក់ ព្រមទាំង​បណ្តាល​ឲ្យ​ខូច​យានយន្ត​នឹង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ផង​ដែរ ។​ពាក់ព័ន្ធ​ទៅ​នឹង​សភាពការណ៍​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន ដែល​មាន​ខេត្ត​ចំនួន​៣​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ពុំ​មាន​អ្វី​កើតឡើង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាគី​ទាំង​សងខាង​ឡើយ​៕