ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តព្រៃវែង ៖ ផ្ទះក្បឿង​១​ខ្នង និង​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ជា​ច្រើន​ទៀត​មាន​តម្លៃ​សរុប​ជិត​១០០​លាន​ត្រូវ​បាន​ព្រះ​អគ្គី​លេប​ត្របាក់​រហូត​ក្លាយទៅជា​ផេះ​ផង់​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០១៦ ។ ​ហេតុការណ៍​អគ្គី​ភ័យ​នេះ​កើតឡើង​នៅ​ភូមិ​អ្នកតា​ជ័យ ឃុំ​គោក​គង់​លិច ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ដែល​ម្ចាស់ផ្ទះ​​មាន​ឈ្មោះ ស៊ា​ន សេង អាយុ​៤៤​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ស៊ា​ម ចាន់​ថូ អាយុ​៤២​ឆ្នាំ ។

លោក ប៊ិ​ន ជីវ​ន្ត័ អភិបាលស្រុក​កញ្ជ្រៀច បាន​ឲ្យ​ដឹង​ថា អគ្គី​ភ័យ​នេះ​ឆាបឆេះ​ឡើង​ដោយសារ​តែ​ស្ត្រី​ជា​ម្ចាស់ផ្ទះ​បាន​អុជ​ធូប​បែរបន់​បារមី​ស័ក្តិសិទ្ធិ​សុំ​ជួយ​ចៅ​គាត់​ដែល​មាន​ជំងឺ​ឲ្យ​ឆាប់​ជា​សះស្បើយ​ឡើង​វិញ ប៉ុន្តែ​ពេល​ដែល​អុជ​ធូប​រួច​ហើយ​ក៏​បាន​ចុះ​មក​ក្រោមផ្ទះ ពេល​នោះ​ប្រហែលជា​កម្ទេច​​ធូប​បាន​ធ្លាក់​មក​ត្រូវ​មុង​ដែល​ចង​នៅ​ពីក្រោម បណ្តាល​ឲ្យ​ឆាបឆេះ​កើត​ទៅ​ជា​អគ្គី​ភ័យ​តែ​ម្តង ។

សមត្ថកិច្ច​នគរបាល​ស្រុក​កញ្ជ្រៀច​បាន​ឲ្យ​ដឹង​ថា ពេល​ដែល​ដឹង​ថា​មាន​អគ្គី​ភ័យ​កើតឡើង​ភ្លាម ម្ចាស់ផ្ទះ​បាន​ស្រែកហៅ​អ្នកស្រុក​ឲ្យ​មក​ជួយ​ពន្លត់​​ ហើយ​​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក៏​បាន​ចេញ​ទៅ​ជួយ​ពន្លត់​ជិត​៣០​នាក់​ដែរ ប៉ុន្តែ​ពន្លត់​មិន​ឈ្នះ​ឡើង ព្រោះ​ភ្លើង​ឆាបឆេះ​លឿន​ពេក គឺ​ត្រឹមតែ​កន្លះ​ម៉ោង​ប៉ុណ្ណោះ ផ្ទះ​ទាំងមូល​ត្រូវ​ព្រះ​អគ្គី​លេប​ត្របាក់​អស់ទាំង​ស្រុង​ដោយ​មិន​អាច​ចូល​ទៅ​យក​ទ្រព្យសម្បត្តិ​អ្វី​ចេញ​បាន​នោះ​ទេ ។

សមត្ថកិច្ច​បន្ត​ទៀត​ថា ម្ចាស់ផ្ទះ​បាន​អះអាង​ថា ទ្រព្យសម្បត្តិ​ទាំងអស់​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​សរុប​ជា​ទឹកប្រាក់​ប្រហែល​ជិត​១០០​លាន​រៀល​ឯណោះ ។

ក្រោយ​កើត​មាន​ហេតុការណ៍​គ្រោះ​អគ្គី​ភ័យ​នេះ លោក ប៊ិ​ន ជីវ​ន្ត័ អភិបាលស្រុក​ក៏​បាន​នាំ​យក​ជំនួយ​សង្គ្រោះ​បន្ទាន់ ជា​ថវិកា​មួយ​ចំនួន​ទៅ​ជូន​ក្រុម​គ្រួសារ​ម្ចាស់ផ្ទះ​រង​គ្រោះ​ផង​ដែរ ហើយ​ទន្ទឹម​នឹង​នោះ​លោក​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ពេល​ដាំបាយ​ធ្វើ​ម្ហូប ពេល​អុជ​ធូប​ទាន​ សូម​នៅ​មើល ឬ​ពន្លត់​ឲ្យ​អស់​មុន​នឹង​ចាក​ចេញ​ពីផ្ទះ ព្រោះ​ខែ​នេះ​ជា​រដូវក្តៅ​ខ្លាំង ដែល​ងាយ​នឹង​ឆាបឆេះ​កើត​ទៅ​ជា​អគ្គី​ភ័យ​ខ្លាំង​ណាស់ ៕