ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកណ្ដាល ៖ ជនសង្ស័យ​២​នាក់​ជា​មុខសញ្ញា​ចោរប្លន់​ប្រដាប់​អាវុធ​កក្រើក​នៅ​ខេត្តកណ្ដាល និង​ខេត្ត​ផ្សេង​ទៀត​ត្រូវ​បាន​នគរបាល​ខេត្តកណ្ដាល សហការ​ជាមួយ​នគរបាល​ក្រសួងមហាផ្ទៃ​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​២ ខែមីនា នៅ​ឃុំ​រកា​កោង​ទី​២ ស្រុក​មុខកំពូល ខេត្តកណ្ដាល ខណៈ​ដែល​ក្រុម​ជនសង្ស័យ  និង​បក្សពួក​២​នាក់​ទៀត ត្រៀម​ធ្វើ​សកម្មភាព​ប្លន់ ផ្ទះ​មួយ​នៅ​ក្នុង​ឃុំ​នេះ​។ ក្នុង​ប្រតិបត្តិការ​ចាប់​មុខសញ្ញា​ចោរប្លន់​នេះ​ក៏​មានការ​ផ្ទះ​អាវុធ​ច្រើន​គ្រាប់​តតាំង​គ្នា​រវាង​សមត្ថកិច្ច និង​ក្រុម​ចោរ​បណ្ដាល​ឲ្យ​ជនសង្ស័យ​ម្នាក់​រង​របួស ។

លោក រឿ​ន ណា​រ៉ា ស្នងការ​រង​នគរបាល​ខេត្តកណ្ដាល​បានឱ្យ​ដឹង​ថា​ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​មានឈ្មោះ ស្រី ស្រា​ន់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ ស្រុក​គង​ពីសី ខេត្តកំពង់ស្ពឺ ម្នាក់​ទៀត​ឈ្មោះ ហ៊ីង នី ហៅ​បេន ហៅ​អា​មមីស ភេទ​ប្រស អាយុ​៣៥​ឆ្នាំ មានស្រុក​កំណើត នៅ​ខេត្តព្រៃវែង មុខរបរ មិន​ពិត​ប្រាកដជា​មេខ្លោង​ក្នុង​អំពើ​ប្លន់​ប្រដាប់​អាវុធ​។ តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ឃាត់ខ្លួន​នគរបាល​បាន​ដកហូត​បាន​អាវុធ វែង​ខ្លី​មួយ​ចំនួន​ទៀត​។

លោកស្នងការ​រង​បាន​បញ្ជាក់​ទៀត​ថា​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែមីនា ដោយ​ទទួល​បាន​ព័ត៌មាន​ជំនាញ​ក្ដាប់​បាន​ថា ក្រុម​បក្ខពួក​ចោរប្លន់​បាន​ប្រមូលផ្ដុំ​កម្លាំង​របស់​វា មក​ជួបជុំ​គ្នា​នៅ​ចំណុច ទឹកថ្លា ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ​មាន​អាវុធ​វែង​ខ្លី ដែល​ដឹកនាំ​ដោយ​.​ឈ្មោះ ហ៊ីង នី ហៅ ប៉េ​ន ហៅ មមីស ជា​មេខ្លោង និង​ឈ្មោះ ស្រី ស្រា​ន់ និង​មាន​បក្ខពួក​ពីរ​នាក់​ទៀត​។ ក្រុម​នេះ​បាន​ប្រមូលផ្ដុំ​កម្លាំង​មក​ជួបជុំ​គ្នា​ធ្វើ​ដំណើរ​ទៅ​មើល​ភូមិសាស្ត្រ​ឃុំ​កោះ​ចូ​រ៉ា​ម ស្រុក​ខ្សាច់កណ្ដាល បម្រុង​ធ្វើ​សកម្មភាព​ប្លន់ និង​មក​ពិនិត្យ​មើល​ភូមិសាស្ត្រ​ឃុំ​រកា​កោង​២ ស្រុក​មុខកំពូល និង​បន្ត​មក​មើល​ព្រែក​ក្ដាម​ឃុំ​វិហារ​លួង ស្រុក​ពញា​ឭ ។

នៅ​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០១៦ ក្រុម​នេះ​បាន​មក​ជួបជុំ​គ្នា​ស៊ីផឹក​ពេល​យប់ នៅ​ផ្លូវជាតិ​លេខ​៣ ផ្ទះ​ខា​រា​អូ​ខេ  ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​ដើម្បី​រៀបចំ​គម្រោងការ​ប្លន់​នៅ​ឃុំ​រកា​កោង​២ ស្រុក​មុខកំពូល ។​បន្ទាប់​មក​នៅ​ព្រឹក ថ្ងៃ​ទី​២ មីនា ឆ្នាំ​២០១៦ ក្រុម​មុខសញ្ញា​ប្លន់​ដែល​ដឹកនាំ​ដោយ​ឈ្មោះ ហ៊ីង នី ហៅ​អា​មមីស បាន​ឲ្យ​បក្ខពួក​ជនសង្ស័យ​មក​ព្រែក​ក្ដាម ស្រុក​ពញា​ឭ ដើម្បី​មក​យក​អាវុធ​វែង ដឹក​តាម​រថយន្ត​មក​គោលដៅ​ផ្សារ​រកា​កោង​២ ដើម្បី​ធ្វើ​សកម្មភាព​ប្លន់​ម្ចាស់ផ្ទះ​ឈ្មោះ ស៊ុ​ក សុវណ្ណ​នី ភេទ​ស្រី ជនជាតិ​ខ្មែរ​មុខរបរ​គ្រូបង្រៀន នៅ​ភូមិ​ព្រែក​ជ្រៃ​ឃុំ​រកា​កោង ស្រុក​មុខកំពូល​ខេត្តកណ្ដាល ។

បន្ទាប់​មក​សមត្ថកិច្ច​ជំនាញ​ក្រសួងមហាផ្ទៃ និង​ជំនាញ​ខេត្តកណ្ដាល​និង​ស្រុក  បាន​រៀបចំ​ផែនការ​ត្រៀម​ពួនស្ទាក់​ចាប់​មុន​ពេល​ធ្វើ​សកម្មភាព​សមត្ថកិច្ច​បាន​កំណត់​ស្គាល់​ភិនភាគ​មុខសញ្ញា​ពាក់មួក​សុវត្ថិភាព ពាក់​ម៉ាស និង​មាន​កាបូប​ដាក់​នៅ​រាន​ម៉ូតូ​ខាង​មុខជា​ម៉ូតូ​សង្ស័យ​២​គ្រឿង​នៅ​ចំណុច​ផ្លូវបំបែក​ច្រកចូល​ទៅ​ឃុំ​រកា​កោង​១ ហើយ​បាន​ឃាត់​មុខសញ្ញា​ហៅ​ឲ្យ​ឈប់​ប៉ុន្តែ​មុខសញ្ញា​ជនសង្ស័យ​ម៉ូតូ​២​គ្រឿង C125​ពណ៌​ខ្មៅ ផ្លា​ក​លេខ​កំពង់ចាម 1F-9405  ជិះ​គ្នា​១​នាក់​ត្រូវ​បាន​ចាប់ខ្លួន និង​មូ​តូ​មួយ​គ្រឿង​ទៀត ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1FA-2128 ជិះ​គ្នា​០២​នាក់ មិន​ព្រម​ឈប់​ហើយ​បាន​បើក​គេច​បក​ក្រោយ​ឆ្ពោះ​ឡើង​មក​ផ្លូវជាតិ​លេខ​៦​វិញ ពេល​នោះ​សមត្ថកិច្ច​បាន​ផ្ទុះអាវុធ​ត្រូវ​ជនសង្ស័យ​ម្នាក់ ហើយ​ជនសង្ស័យ​ទាំង​២​នាក់ បាន​ផ្ដួល​ម៉ូតូ​ចោល រត់គេច​បំបែក​គ្នា​ចុះ​មក​ខាងលិច​ផ្លូវជាតិ​លេខ​៦​ខាងក្រោយ​ភូមិ​ផ្ទះ​ប្រជាពលរដ្ឋ​។

តាម​រយៈ​ដាន​ឈាម​ដែល​ពួក​វា​ត្រូវ​របួស បន្ទាប់​មក​ត្រូវ​បាន​សមត្ថកិច្ច​បន្ត​តាម​រុករក​ព័ទ្ធ​ចាប់​បាន​០១​នាក់​ឈ្មោះ ហ៊ីង នី ហៅ​អា​មមីស ហៅ​ប៉េ​ន ដែល​បាន​រត់គេច​ខ្លួន​សំងំ​នៅ​ក្បែរ​គុម្ព​ឬ​ស្សី និង​ម្នាក់​ទៀតរ​ត់ទៅ​ពួន​នៅ​ក្បែរ​បឹង ក៏​ត្រូវ​នគរបាល​ឡោម​ព​ទ្ធ័​ចាប់ខ្លួន​បាន ។  ចំណែក​បក្សពួក​២​នាក់​បាន​គេច​ចេញ​មក​តាម​បណ្ដា​យ​ផ្លូវជាតិ​លេខ​៦​ចូល​មក​ក្នុង​ទិស​ដៅ​ភ្នំពេញ ឯ​ម្នាក់​ទៀត​បន្ត​រត់គេច​ខ្លួន​ចុះ​ទៅ​ក្នុង​ព្រៃ​វាល​បឹង​ខាងក្រោយ​ភូមិ ត្រូវ​សមត្ថកិច្ច​ឡោម​ព​ទ្ធ័​ចាប់​បាន​នាំ​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ដើម្បី​សាកសួរ​បន្ត​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា នៅ​រសៀល​ថ្ងៃ​ទី​៣ ខែមីនា មាន​នគរបាល​ជំនាញ មក​ពី​ស្នងការ​ខេត្ត​ចំនួន​៥ មក​ធ្វើការ​សួរ​ចម្លើយ​ជនសង្ស័យ ទាក់ទិន្ន​និង​ករណី​ប្លន់​ប្រដាប់​អាវុធ​នៅ​ក្នុង​ខេត្ត​នោះ​។ តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា​ក្រុម​ម​ជនសង្ស័យ​នេះ​ធ្លាប់​ធ្វើ​សកម្មភាព​ប្លន់ កក្រើក​នៅ​ខេត្តកណ្ដាល ខេត្តព្រៃវែង និង​នៅ​ខេត្តតាកែវ ៕​