ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តសៀមរាប ៖ សព​នារី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​នៅ​ក្នុង​ព្រៃ​សល់​តែ​គ្រោង​ឆ្នឹ​ង​ក្បាល រួច​រាយការណ៍​ឲ្យ​សមត្ថកិច្ច​អាវុធហត្ថ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ដើម្បី​យក​ទៅ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ ដោយ​ដាក់​ការ​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា ត្រូវ​សង្សារ​រំលោភ​ហើយ​សម្លាប់ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ឈ្មោះ ហួ​ន វុន អាយុ​៤១​ឆ្នាំ មុខរបរ​ធ្វើ​ចំការ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ខ្នា​សង្គ្រាម ឃុំ​បា​ឡាំង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​ប្រទះ​ឃើញ​សាកសព​នារី​រង​គ្រោះ​ម្នាក់​នៅ​ចំណុច​ក្នុងភូមិ​សាស្ត្រ​ភ្នំ​រុន ភូមិ​អង្កាញ់ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប កាល​ពី​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងែ​ទី​៤ ខែមីនា ឆ្នាំ​២០១៦​ថា ខណៈ​ពេល​ដែល​គាត់​បាន​ទៅ​ធ្វើ​ចម្ការ​បាន​រយៈពេល​៣​ថ្ងៃ ។

លោក​អនុសេនីយ៍ឯក អ៊ុយ ច​យ នាយការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​«​កោះសន្តិភាព​»​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​ករណី​ខ្មោច​ស្លាប់​ក្នុង​ព្រៃ​នៅ​សល់​តែ​គ្រោងឆ្អឹង ទើប​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ និង​កម្លាំង​បច្ចេកទេស​វិទ្យាសាស្ត្រ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ត្រួតពិនិត្យ​ទៅ​លើ​សាកសព​ឃើញ​មាន​សល់​លោហៈធាតុ​ពណ៌​លឿង​(​កងដៃ​)​ចំនួន​៧​កង មាន​ខ្សែ​ចង្កេះ​ប្រាក់​ចំនួន​១ ឆ្អឹងលលាដ៍ក្បាល ។

លោក​បញ្ជាក់​ថា បន្ទាប់​ពី​ពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​នារី​រង​គ្រោះ​មិន​ស្គាល់​សាវតា​នៅ​ក្នុង​ព្រៃ ស្ថិត​នៅ​ភូមិ​អង្កាញ់ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ត្រូវ​គេ​សម្លាប់​ចោល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ដោយនៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ ។ ចំណែក​ឆ្អឹង​សាកសព និង​របស់របរ​សព ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ ។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត​បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ស្វាយ​លើ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ កំពុងធ្វើការ​ស្រាវជ្រាវ និង​ស្វែងរក​ចាប់​ជន​ដៃដល់​ដើម្បី​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ៕