ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកំពង់ចាម ៖ ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ដ៏​សកម្ម​ល្បី​ខាង​ប្លន់​តាម​បណ្តា​ខេត្ត​ដូច​ជា ព្រៃវែង ត្បូងឃ្មុំ កណ្តាល និង​តាម​ខេត្ត​ផ្សេង​ៗ​ទៀត ដោយ​បាន​បម្រុង​នឹង​ធ្វើ​សកម្ម​ភាព​ប្លន់​នៅ​ទឹកដី​ខេត្តកំពង់ចាម តែ​សមត្ថកិច្ច​បានដឹង​ពី​ផែនការ​មុន ក៏​រៀបចំ​ជើងការ​ប្រុង​ជា​ស្រេច​គ្រប់​ច្រកល្ហក​នៅ​តាម​ផ្ទះ​វេរ​លុយ និង​ផ្ទះ​លក់​មាស និង​ប្តូរ​ប្រាក់ នៅ​ជុំវិញ​ផ្សារ​ក្រុង​កំពង់ចាម ។ ទីបំផុត​មេចោរ​ប្លន់​ល្បីឈ្មោះ និង​មាន​ប្រវត្តិ​ជាប់គុក​ជា​ច្រើន​លើក​ឈ្មោះ ផា​ន់ គឹ​ម​យន់ ហៅ​ក្រៃ​ថោ​ង ហៅ ហ៊ុ​ល សុធី មានស្រុក​កំណើត​នៅ​ភូមិ​ស្ពានឈើ ឃុំ​បឹង​ព្រួល ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ រួម​នឹង​បក្សពួក​៦​នាក់​ទៀត​ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ដោយ​ដកហូត​បាន​ម៉ូតូ​៣​គ្រឿង អាវុធ​ខ្លី K59​មួយ​ដើម​ផង​ដែរ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ដំណឹង​សម្ងាត់​ថា ក្រុម​កំពូល​មេចោរ​ប្លន់​ដ៏​ល្បី​ខាងលើ​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ចូល​មក​ទឹកដី​ខេត្តកំពង់ចាម ដើម្បី​ធ្វើ​សកម្ម​ភាព​នៅ​តាម​ទីតាំង​ណាមួយ​ដែល​ក្រុម​នោះ​អាច​ឆក់​ឱកាស​បាន​នោះ លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​ក៏​ដាក់​កម្លាំង​សមត្ថកិច្ច​គ្រប់​ទីកន្លែង​ចាប់ពី​ស្រុក​បា​ធា​យ​ពង្រាយ​តាម​ផ្លូវជាតិ​លេខ​៦ និង​លេខ​៧ រហូត​មក​ដល់​ក្រុង​កំពង់ចាម ដើម្បី​តាម​ឃ្លាំមើល​ក្រុម​ចោរ ពិសេស​នៅ​ជុំវិញ​ផ្សារ​ធំ​ក្រុង​កំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០១៦ ក្នុង​លក្ខណៈ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត និង​ឲ្យ​ជី​វករ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​សំណាក់​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​មានការ​ណែនាំ​ពី​លោក លន់ លឹ​ម​ថៃ អភិបាលខេត្ត រូប​លោក និង​លោក​វរសេនីយ៍ឯក ហេង វុ​ទ្ធី ស្នងការ​នគរបាល​ខេត្ត ទទួល​ផែន​កណ្តាល​យុ​តិ្ត​ធម៌ បាន​ត្រៀមកម្លាំង​សមត្ថកិច្ច​ក្រោម​ឱវាទ​គ្រប់​ទិស​ទី​ដើម្បី​តាម​ប្រមាញ់​កំពូល​មេចោរ​ប្លន់​មាន​រហ័ស​នាម​ថា «​ក្រៃ​ថោ​ង​» និង​បក្សពួក​របស់​គេ ។ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​៤​មីនា ទីបំផុត​ក្រុម​នេះ​បាន​ចូល​មក​ក្នុង​ស៊ង​របស់​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​ស្រុក​ជើងព្រៃ ត្រូវ​បាន​ឡោម​ព័ទ្ធ​ចាប់ខ្លួន​ឈ្មោះ ហ៊ុត ហាន ។ តាម​ចម្លើយ​សារភាព​ទើប​ឈាន​ទៅ​ចាប់​បក្សពួក​៦​នាក់​ទៀត​បានជា​បន្តបន្ទាប់​នៅ​ស្រុក​ព្រៃឈរ និង​ស្រុក​ស្ទឹង​ត្រង់ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ផង​ដែរ ។

ប្រភព​ពី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ទទួល​បាន​នូវ​ព័ត៌មាន​សម្ងាត់​មក​ថា មាន​ក្រុម​ចោរ​ដ៏​ល្បី​ខាងលើ​បាន​រៀបចំ​ផែនការ​ដើម្បី​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ម្តុំ​ផ្សារ​ស្គន់ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម បន្ទាប់​មក​លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត បាន​រៀបចំ​ដាក់​កម្លាំង​ពួនស្ទាក់​គ្រប់​ច្រកល្ហក  លុះ​នៅ​ពេល​រសៀល​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០១៦ បាន​ប្រទះ​ឃើញ​មុខសញ្ញា​ម្នាក់​ឈ្មោះ ហុត ហាន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ កំពុង​តែ​ជិះ​ម៉ូតូ​ត្រង់​ចំណុច​ខាងកើត​ស្គន់ ក៏​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ដកហូត​បាន​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ មួយ​គ្រឿង ។ តាម​រយៈ​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​នោះ និង​ក្រោម​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​នគរបាល​ខេត្ត រហូត​មក​ដល់​វេលា​ម៉ោង​១០ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ភ្នំ​មន្ទីរ ក្នុងភូមិ​ព្រែក​កក់ ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹង​ត្រង់ ក៏​បាន​ឃាត់​បាន​ក្រុម​ចោរ​ចំនួន​៤​នាក់​ទៀត​ក្នុង​នោះ​មាន ១-​ឈ្មោះ ឆៃ ណា​នភា​រម្យ ហៅ​ណា​ល់ នឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ដូនតី ឃុំ​ដូនតី ស្រុក​ពញាក្រែក បច្ចុប្បន្ន​ស្នាក់​នៅ​ភ្នំពេញ ម្តុំ​កា​ណា​ឌី​យ៉ា​, ២-​ឈ្មោះ ជឿន ចិន្តា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ប្រ​សំ ឃុំ​រអាង ស្រុក​កំពង់សៀម ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​កា​ណា​ឌី​យ៉ា រាជធានី​ភ្នំពេញ​, ៣-​ឈ្មោះ ឡាំ ឡូត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មានស្រុក​កំណើត​ភូមិ​ចន្ទី ឃុំ​តាំងក្រសាំង ស្រុក​បា​ធា​យ ខេត្តកំពង់ចាម សព្វថ្ងៃ​នៅ​ស្រុក​ព្រៃ​ក​ប្រសព្វ​ខេត្តក្រចេះ និង ៤-​ឈ្មោះ ហ៊ុ​ល សុធី ហៅ ផា​ន់ គឹ​ម​យន់ ហៅ​ក្រៃ​ថោ​ង អាយុ​៤៣​ឆ្នាំ មានស្រុក​កំណើត​ភូមិ​ស្ពានឈើ ឃុំ​បឹង​ព្រួល ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន​តែងតែ​ចេញចូល​ត្រង់​ចំណុច​ខ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ ដែល​ជា​មេខ្លោង​ក្រុម​ចោរប្លន់​ល្បីល្បាញ​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​ជា​ច្រើន ព្រមទាំង​ដកហូត​ម៉ូតូ​៣​គ្រឿង បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០១៦ ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​នោះ បក្សពួក​ក្រុម​ចោរប្លន់​២​នាក់​ទៀត​ត្រូវ​បាន​ចាប់ខ្លួន ក្នុង​នោះ​មាន ១-​ឈ្មោះ ហិន ថា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ      នៅ​ភូមិ​តា​សែន ឃុំ​សូ​ទិ​ព្ធ ស្រុក​ជើងព្រៃ និង ២-​ឈ្មោះ ហ៊ា​ង សុ​ផា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ។

ក្រោយ​ពី​បាន​សួរនាំ​ក៏​បាន​ឆ្លើយ​សារភាព​ថា ពួក​គេ​បាន​លាក់​អាវុធ​ខ្លី​១​ដើម​ម៉ាក K59 ក្នុង​នោះ​មាន​គ្រាប់​៤​គ្រាប់  កប់​នៅ​ក្នុង​ដី​ម្តុំ ក្រោយ​ហាង​សួន​ត្រជាក់ ស្ថិត​នៅ​ភូមិ​ឈើទាល ឃុំ​ផ្តៅ​ជុំ ស្រុក​ជើងព្រៃ បន្ទាប់​មក​ក៏​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​គ​របាល​ស្រុក​ជើងព្រៃ ដើម្បី​សួរនាំ​បន្ថែម និង​តាម​ចាប់​បក្សពួក​មួយ​ចំនួន​ទៀត ។

យោង​តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ ហ៊ុត ហាន បាន​ឲ្យ​ដឹង​ថា ក្រុម​របស់​គេ​មាន​គ្នា​ទាំងអស់​៦​នាក់ ដោយនៅ​ថ្ងៃ​ទី​៤ ខែមីនា រៀបចំ​គម្រោង​ប្លន់​ផ្ទះ​លក់​គ្រឿងសំណង់​នៅ​ខាងកើត​ផ្សារ​ស្គន់ ស្រុក​ជើងព្រៃ ដែល​បាន​ដឹកនាំ​ដោយ​ឈ្មោះ ក្រៃ​ថោ​ង ដោយ​បាន​នាំ​គ្នា​ចេញពី​រាជធានី​ភ្នំពេញ ដើម្បី​ណាត់គ្នា​មក​ជួបជុំ​នៅ​ស្គន់ ស្រុក​ជើងព្រៃ តៃ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​រូបគេ​(​ហ៊ុត ហាន ) បាន​នៅ​ថ្ងៃ​ទី​៤​មីនា តែ​ម្តង ៕