ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តសៀមរាប ៖ ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ម្នាក់​ត្រូវ​ជន​លោភ​កាម​ចាប់រំលោភ​បាន​សម្រេច​ហើយ​សម្លាប់​យ៉ាង​ព្រៃផ្សៃ ។ ហេតុការណ៍​ចាប់រំលោភ​ក្មេង​ស្រី​នោះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​ប្រយុទ្ធ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ។

លោក​វរសេនីយទោ ដួង សុខា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​​ធ្ងន់​ខេត្ត​បាន​ឲ្យដឹងថា ករណី​ចាប់​ក្មេង​ស្រី​រំលោភ​ហើយ​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ពី​ជន​អគតិឈ្មោះ សរ កុសល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​សិស្សសាលា មាន​ទីលំនៅ​ភូមិ​វាល សង្កាត់​គោក​ចក ក្រុង​សៀមរាប បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​កើតហេតុ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាម​ៗ​បញ្ជូន​មក​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ទើបតែ​អាយុ​១១​ឆ្នាំ ជា​សិស្សសាលា ដែល​មានស្រុក កំណើត​នៅ​ភូមិ​វាល សង្កាត់​គោក​ចក ក្រុង​សៀមរាប បច្ចុប្បន្ន​ស្នាក់​នៅ​ស្រុក​ពួក ខេត្តសៀមរាប ។

លោក​វរសេនីយទោ ដួង សុខា បញ្ជាក់​ថា ឃាតករ​ដៃដល់​​ចាប់​ក្មេង​ស្រី​ជា​អនីតិជន​រំលោភ​រួច​សម្លាប់​យ៉ាង​ព្រៃផ្សៃ ខណៈ​ពេល​ដែល​ក្មេង​ស្រី​រង​គ្រោះ​បាន​ដើរ​ចេញពី​សាលា​រៀន​នៅ​ម៉ោង​ប្រមាណ​ជា​២​រសៀល ហើយ​ត្រូវ​បាន​ជនសង្ស័យ​ឃើញ​ឱកាសល្អ រួច​ដើរ​តាម​ដល់​កន្លែង​ស្ងាត់​ក៏​ធ្វើ​សកម្មភាព​ចាប់រំលោភ​ហើយ​សម្លាប់​យ៉ាង​ព្រៃ​ផ្សៃ​តែ​ម្តង ។

បច្ចុប្បន្ន ជនសង្ស័យ​លោភ​កាម​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ចំណែក​សព​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕