ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្ត​ត្បូងឃ្មុំ​៖ គ្រឿងញៀន​ត្រូវ​បាន​ធ្វើ​សកម្មភាព​លួច​ចែកចាយ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទោះបីជា​ច្បាប់​ត្រូវ​បាន​រឹត​បន្តឹង​យ៉ាងណា​ក្តី  ជាក់ស្តែង​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៥​មីនា  ត្រង់​ចំណុច​ភូមិ​លោ ឃុំ​កំ​ពាន់ ស្រុក​មេមត់ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​ចាប់ខ្លួន​បន្តបន្ទាប់ ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​៣​កញ្ចប់ និង​ម៉ូតូ​១​គ្រឿងដែល​ជា​ក្រុម​សកម្ម​ខាង​ចែកចាយ​ថ្នាំ​ញៀន ។

នគរបាល​ស្រុក​មេមត់​ប្រាប់​ឲ្យ​ដឹង​ថា លោក​វរ​សេនី​យ៏​ត្រី ហុង គឹ​ម​ហឿ​ន អធិការ​នគរបាល​ស្រុក​មេមត់  បាន​តាមដាន​ដឹង​ពីមុខ​សញ្ញា​ចែកចាយ​ថ្នាំ​ញៀន  ក៏​បាន​ប្រើ​កម្លាំង​ទៅ​ទំនាក់ទំនង​ធ្វើ​ជា​ទិញ​ថ្នាំ​២​កញ្ចប់​តម្លៃ​៤​ម៉ឺន​រៀល  ស្រប​ពេល​ដែល​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​ម៉ាកCBR យក​ថ្នាំ​ញៀន​មក​ប្រគល​ឲ្យ​នៅ​ត្រង់​ចំណុច​មុខ​ផ្ទះ​ក្នុងភូមិ​លោ​នោះ ហើយ​ក៏​ឃាត់ខ្លួន​និង​ដកហូត​បាន​ថ្នាំ​ញៀន៣​កញ្ចប់​ពី​ឈ្មោះ លាន ប៉េង​អ៊ា​ន ។

នគរបាល​ស្រុក​មេមត់​បាន​ប្រាប់​បន្ត​ថា ក្រោយ​ពី​ជន​នេះ​បាន​ឆ្លើយ​សារភាព ក៏​ឈាន​ទៅ​ចាប់​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ ងួ​ន រ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ត្បូង​វត្ត ឃុំ​មេមត់ ស្រុក​មេមត់  ដោយ​មានការ​អនុញ្ញាត​ពី​លោកស្នងការ​នគរបាល​ខេត្ត  និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ។  ជន​ទាំង​២​នាក់​ត្រូវ​បាន​នាំ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់   ដើម្បី​សួរនាំ​ស្វែងរក​តាម​ប្រមាញ់​បក្ខពួក​មួយ​ចំនួន​ទៀត​ឱ្យ​យក​ផ្តន្ទាទោស​តាម​ច្បាប់ ។ 

គន​របាល​ស្រុក​មេមត់​បញ្ជាក​ទៀត​ថា នៅ​ថ្ងៃ​ទី​៤ មីនា កន្លង​ទៅ​ជនសង្ស័យ​ឈ្មោះ ជា ជឿន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ក្តុល​ផ្សារ ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់  ត្រូវ​បាន​ចាប់ខ្លួន​តាម​ដីកា​របស់​សាលាដំបូង​ខេត្តកំពង់ចាម ដោយ​ចោទ​ពី​បទ​ជួញដូរ   និង​រក្សា​ទុក​ដោយនូវ​សារធាតុ​ញៀន​ខុសច្បាប់  ។ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នៅ​ភូមិ​មេមត់​ផ្សារ ឃុំ​មេមត់ ស្រុក​មេមត់  ខេត្តកំពង់ចាម កាលពី​ថ្ងៃ​ទី​១៨ តុលា ឆ្នាំ​២០១១  ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ​ឈ្មោះ សម ប៊ុ​ន​ថុ​ន  នៅពេល​​មិន​ទាន់​បំបែកចេញ​ជា​ខេត្ត​ត្បូងឃ្មុំ​នូវឡើយ  ។

​អធិការ​នគរបាល​ស្រុក​មេមត់ លោក​វរ​សេនី​យ៏​ត្រី ហុង គឹ​ម​ហឿ​ន  បាន​បញ្ជាក់​ថា ចំណែក​បក្ខពួក​របស់​ឈ្មោះ ជា ជឿន  ម្នាក់​ទៀត នៅ​ពេល​ដែល​សមត្ថកិច្ច​ដេញ​តាម ក៏​បាន​រត់​ចោល​រថយន្ត​ទំនើប​មួយ​គ្រឿង ម៉ាក​តូ​យូ​តា​ហា​យ​ប្រ៊ី​ត​ផង​ដែរ  ៕