ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្ត​មណ្ឌ​ល​គិរី ​៖ ក្រុម​អ្នក​តវ៉ា មាន​គ្នា​ប្រមាណ​ជា​៤០​ទៅ​៥០​នាក់​បាន​នាំ​គ្នា​ទៅ​តវ៉ា​នៅ​មុខ​ស្នាក់​ការ​អង្គការ​មួយ​កន្លែង ដើម្បី​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​មនុស្ស​ពីរ​នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន និង​ឃុំ​ទុក​អស់​រយៈ​ពេល​មួយ​ថ្ងៃ​មក​ហើយ​នោះ ។ ការ​តវ៉ា​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​០៦ មីនា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ មុខ​ទីស្នាក់ការ​អភិរក្ស​ជីវចម្រុះ​សីមា ស្ថិត​ក្នុងភូមិ​អូរ​រណា ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

ការ​ឃាត់ខ្លួន​មនុស្ស​២​នាក់​យក​មក​ស្នាក់​ការ​អភិរក្ស​ក្នុង​ពេល​នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃ​០៥ មីនា កន្លង​ទៅ ខណៈ​ពួក​គេ​កំពុង​តែ​ធ្វើការ​កាប់​រាន​ដី​ព្រៃ​ក្នុង​តំបន់​ព្រៃ​កា​ពារ ដែល​គ្រប់គ្រង​ដោយ​ក្រសួងកសិកម្ម​ចុះ​អនុវត្តន៍​ផ្ទាល់​ពី​សំណាក់ អង្គការ​អភិរក្ស​ខាងលើ ដោយ​សហការ​ជាមួយ​កង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។ ពាក់ព័ន្ធ​ជាមួយ​និង​ការ​តវ៉ា​នេះ​ដែរ សេចក្តី​រាយ​ការ​ណ៍បានឱ្យ​ដឹង​ថា ក្រុម​អ្នក​តវ៉ា​បាន​ទាមទារ​ឱ្យ​សមត្ថកិច្ច​ដោះ លែង​មនុស្ស​ចំនួន​២​នាក់​ខាងលើ​ឱ្យ​មាន​សេរីភាព​វិញ ជា​ថ្នូរ​នឹង​ការ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​ការ​រុករាន​ដី​ព្រៃ​ក្នុង​ចំណុច​ខាងលើ​បន្ត​ទៀត ។

អភិបាលស្រុក​កែវ​សីមា​លោក ស៊ិ​ន វណ្ណ​វុ​ឌ្ឍ​ន៍ ថ្លែង​ថា រាល់​សកម្មភាព​របស់​បងប្អូន​ដែល​កាប់​រុករាន​ដី​ព្រៃ ជា​អំពើ​មួយ​ផ្ទុយ​នឹង​ផ្លូវច្បាប់ ហើយ​លោក​បាន​ស្នើឱ្យ​មានការ​ប​ញ្ឍ​ប់​រាល់​ការ​រុករាន​ដី​ព្រៃ​នានា ក្នុង​តំបន់​ព្រៃ​កា​ពារ​ព្រោះ​ប្រសិនបើ​មានការ​ចាប់​បង្ក្រាប​នោះ បងប្អូន​អាច​នឹង​ប្រឈម​មុខ​ចំពោះ​ផ្លូវច្បាប់ ។ លោក​ថា លោក​នឹង​ស្នើ​ទៅ​ខាង​ប្រព័ន្ធ​តុលាការខេត្ត​មណ្ឌលគិរី សូម​ឱ្យ​ដោះ​លែង​មនុស្ស​ចំ​នួ​​ន​២​នាក់​ដែល​បាន​ចាប់ខ្លួន​នោះ ប្រសិនបើ​មានការ​ផ្តិត​មេដៃ​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​ចូល​កាប់​ព្រៃ​ថា ឈប់​កាប់​រុក​រា​ន្ត​បន្ត​ទៀត ។ លោក​បន្ត​ថា បង​ប្អួ​ន​គួរតែ​ធ្វើ​ជា​លិខិត សំណើ​មក​អ​ជ្ញា​រ​សុំ​ដី​សម្បទាន​សង្គមកិច្ច ក្នុង​លក្ខណ​ថា បងប្អូន​ពិតជា​គ្មាន​ដី​បង្ករ​បង្កើន​ផល​ពិតមែន​នោះ ។

មន្ត្រី​ព្រៃឈើ​និយាយ​ថា កន្លង​មក​ពួក​គេ​កាប់​រាន​ដី​ព្រៃ​ខាងក្រោយ​ស្នាក់​ការ​អភិរក្ស​ជីវចំរុះ និង​ដុត​ភ្លើង​ឆេះ​រាលដាល​ស្ទើរនឹង​ឆេះ​ស្នាក់​ការ​ទៅ​ហើយ ។ មន្ត្រី​ព្រៃឈើ​ដដែល​បន្ត​ថា បើ​មិន​មាន​វិធានការ​ទេ​នោះ ក្រុម​អ្នក​កាប់​ព្រៃ និង​កាប់​រុករាន​ដី​របស់​រដ្ឋ​អស់​ជាក់​ជា​មិន​ខាន ។ បុរស​ម្នាក់​តំណាង​ឱ្យ​ក្រុម​អ្នក​តវ៉ា បាន​ស្នើរ​ឱ្យ​មានការ​ដោះ​លែង​មនុស្ស​២​នាក់​វិញ និង​ព្រម​ផ្តិត​មេដៃ​ជួន​ទៅ​អ​ជ្ញា​ធរ​តាម​ការ​ស្នើរ​សុំ ។

តែ​ពួក​គាត់​ស្នើ​ទៅ​អ​ជ្ញា​រ​ធរ​សុំ​ឱ្យ​ពួក​គាត់​អាច​ដាំ​ដុះ លើ​ដី​ដែល​ពួក​គាត់ បាន​កាប់​រុករាន​ពី​ពេល​មុន ទោះបី​មិន​មានការ​ចុះ​វាស់វែង​ធ្វើ​ប្លង់​កម្ម​សិទ្ធ​ក៏​ដោយ ។ ក្រុម​អ្នក​តវ៉ា បាន​រំសាយ​វិញ​នៅ​ម៉ោង​ប្រមាណ​ជា​១០​ព្រឹក​ថ្ងៃ​ដដែល ក្រោយ​ការ​សន្យា​ថា​នឹង​ដោះ​លែង​អ្នក​កាប់​ព្រៃ​២​នាក់ ខាងលើ​វិញ​នៅ​ល្ងាច​ថ្ងៃ​ដដែល ។ សូម​បញ្ជាក់​ថា បើ​តាម​សេចក្តី​រាយ​ការ​ពាក់ព័ន្ធ និង​ការ​កាប់​រុ​ករា​នដី​ព្រៃ​យក​ធ្វើ​កម្ម​សិទ្ធិ​ផ្ទាល់ខ្លួន​នោះ ខេត្តមណ្ឌលគិរី អាច​នឹង​មាន​ចំនួន​ច្រើន​ជាង​គេ​បើ​ធៀប នឹង​បណ្តា​ខេត្ត​ផ្សេង​ទៀត​ដែល​មាន​ព្រៃឈើ​ច្រើន​ក្នុង​ប្រទេស​កម្ពុជា ។ហើយ​ការ​រុករាន​ដី​ព្រៃ​នោះ គេ​សង្កេត​ឃើញ​ថា ម្ចាស់​កម្ម​សិទ្ធិ​ភាគច្រើន​ជា​មន្ត្រី​មូលដ្ឋាន​ដែល​មាន​អំណាច​ក្នុង​ខេត្តមណ្ឌលគិរី​នេះ​ផ្ទាល់ ។ សេចក្តីរាយការណ៍​បញ្ជាក់​ថា ការ​រុក​រា​នដី​ព្រៃ​ក្នុង​ខេត្ត​មួយ​នេះ​ស្ទើរតែ​គ្រប់​ស្រុក​ទៅ​ហើយ នៅ​ទូ​ទាំង​ខេត្តមណ្ឌលគិរី​នេះ តែ​លទ្ធផល​នៃ​ការ​បង្ក្រាប​ហាក់​នៅ​មាន​កម្រិតនៅឡើយ ៕