ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តព្រៃវែង ៖ បុរស​ចំណាស់​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​​បន្ទាប់​ពី​​ដឹក​ដល់​មន្ទីរពេទ្យ ដោយសារ​​ត្រូវ​ម៉ាស៊ីន​ច្រូតស្រូវ​បើក​ថយក្រោយ​បុក​អោយ​ដួល​ រួច​កិន​ពីលើ​ថែម​ទៀត ខណៈ​ពេល​ដែល​រូប​គាត់​កំពុង​ប្រមូល​ចំបើង​នៅ​ពីក្រោយ​ម៉ាស៊ីន​ច្រូតស្រូវ​នោះ ។

ហេតុការណ៍​ដ៏​គួរ​អោយ​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៩​ព្រឹក ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​វាលស្រែ​ប្រាំង​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ភ្នំ​គង់ ឃុំ​មេបុណ្យ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។ ជន​រង​គ្រោះ​ឈ្មោះ អ៊ី អ៊​ន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ។

ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ថ្ងៃ​កើតហេតុ​នោះ​អ្នកស្រុក​បាន​ជួល​ម៉ាស៊ីន​ច្រូតស្រូវ​មួយ​គ្រឿង​របស់​ឈ្មោះ គង់ ប៊​ន អោយទៅ​ច្រូតស្រូវ​នៅ​ចំណុច​កើតហេតុ ហើយ​ម្ចាស់​ម៉ាស៊ីន​បាន​ចេញ​ទៅ​ច្រូត​អោយ​តាំងពី​ព្រលឹម​ស្រាង​ៗ ដោយ​អោយឈ្មោះ ហួ​ន សីហា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​អ្នកបើកប​ញ្ជា​ម៉ាស៊ីន ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ច្រូតស្រូវ​បាន​ប្រមាណ​ជាង​២​ហិ​កតា គេ​ក៏​ឃើញ​ជន​រង​គ្រោះ​ឈ្មោះ អ៊ី អ៊​ន រួម​ជាមួយ​អ្នក​ភូមិ​ប៉ុន្មាន​នាក់​ទៀត​បាន​នាំ​គ្នា​ចូល​ទៅ​ប្រមូល​កើប​ចំបើង ដែល​បូត​ចេញពី​ម៉ាស៊ីន​ដើម្បី​យក​ទុក​ឱ្យ​គោ​ស៊ី ។ ​នៅ​ពេល​ដែល​ជនរ​គ្រោះ​កំពុង​ប្រមូល​ចំបើង​នោះ មិនដឹង​ជា​យ៉ាងម៉ិច បានជា​អ្នក​បើក​ម៉ាស៊ីន​ច្រូត​នោះ​បើក​ថយក្រោយ​បណ្ដាល​ឱ្យ​បុក​ជន​រង​គ្រោះ​ចំ​ដើមទ្រូង​ដួល​ទៅ​លើ​ដី ហើយ​កិន​ពីលើ​ថែម​ទៀត ធ្វើ​ឲ្យ​អោយ​អ្នក​ផ្សេង​ៗ​ទៀត​ដែល​នៅ​ជាមួយ​គ្នា​នោះ ស្រែក​ផ្អើល​ឆោឡោ​ឡើង និង​នាំ​គ្នារ​ត់ទៅ​លើក​ជន​រង​គ្រោះ ហើយ​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ​ទៅ​ដឹក​ភ្លាម​ៗ ប៉ុន្តែ​ជា​អកុសល​ពេល​ដឹក​ដល់​មន្ទីរពេទ្យ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ដែរ ប៉ុន្តែ​បាន​ត្រឹមតែ​ឃាត់​យក​ម៉ាស៊ីន​ច្រូតស្រូវ ដែល​កិន​ជន​រង​គ្រោះ​យក​មក​រក្សា​ទុក​ប៉ុណ្ណោះ ចំណែក​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ទៅ​ហើយ ប៉ុន្តែ​ទោះជា​យ៉ាងណា​យើង​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ ហើយ​ក៏​កំពុង​តាម​រក​ចាប់ខ្លួន​ដែរ ៕