ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកណ្ដាល ៖ ចោរ​គាស់​ផ្ទះ​មេ​យោធា​ស្រុក​កោះធំ​ចូល​រើ​កកាយ​យក​លុយ មាស និង​គ្រឿងអលង្ការ​សរុប​ជាង​១​ម៉ឺន​ដុល្លារ​កាលពីដើម​ខែកុម្ភៈ​កន្លង​ទៅ​នេះ ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ​តាម​ប្រមាញ់​រហូត​ដល់​ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ រហូត​ចាប់ខ្លួន​បាន​ម្នាក់​ទៀត​ហើយ​កាលពី​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០១៦​ ។

លោក ឈឿ​ន ប៊ុ​ន​ឆ​ន អធិការ​នគរបាល​ស្រុក​កោះ​កោ​ធំ បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​មានឈ្មោះ អ៊ុ​ល សុ​ខន ហៅ​ក្រាញ់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ​តា​មេ​ម ឃុំ​កោះធំ​(​ខ​) ស្រុក​កោះធំ ។ ការ​ចាប់ខ្លួន​ជនសង្ស័យ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ប៉ុ​ល ស៊ី​ដេ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ​តា​មេ​ម ឃុំ​កោះធំ​(​ខ​) ស្រុក​កោះធំ មុខរបរ​មិន​ពិតប្រាកដ កាលពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ ហើយ​ឆ្លើយ​សារភាព​ថា ឈ្មោះ អ៊ុ​ល សុ​ខន ជា​បក្សពួក​ធ្វើ​សកម្មភាព​ជាមួយ​គ្នា ។

លោក​អធិការ​នគរបាល​ស្រុក​កោះធំ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ដឹង​ថា​បក្សពួក​របស់​ខ្លួន​ត្រូវ​នគរបាល​ចាប់ខ្លួន ឈ្មោះ អ៊ុ​ល សុ​ខន បាន​គេច​ទៅ​សម្ងំ​លាក់ខ្លួន​នៅផ្ទះ​ខាង​ប្រពន្ធ​នៅ​ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។ ពេល​ចាប់​ខ្លួន​បាន​ជន​នេះ​បាន​សារភាព​ដែរ​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​​គាស់​ផ្ទះ​​លួច​ទ្រព្យសម្បត្តិ​ពិតមែន​ជាមួយ​បក្សពួក​បី​នាក់​ទៀត ។ ចំណែក​ជន​រង​គ្រោះ​ម្ចាស់ផ្ទះ ជា​មេ​យោធា​ស្រុក​កោះធំ​ឈ្មោះ កែវ សំ​អាន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ស្វាយ​តា​មេ​ម ឃុំ​កោះធំ​(​ខ​) ស្រុក​កោះធំ ខេត្តកណ្ដាល ។

លោក ឈឿ​ន ប៊ុ​ន​ឆ​ន បានឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​មាន​ករណី​លួច​ទ្រព្យសម្បត្តិ​ជន​រង​គោះ​កាលពី​យប់​ថ្ងៃ​ទី​៥ កុម្ភៈ បាត់បង់​អស់​​ប្រាក់​ដុល្លារ​ចំនួន​៤​ពាន់​ដុល្លារ ខ្សែ​ក​មាស ផ្លា​ក​ទី​ន និង​ស្លា​កដៃ​ដាំ​ត្បូង​ពេជ្រ សរុប​ជា​ទឹកប្រាក់​ទាំងអស់​ចំនួន​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ​រួច​មក នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​សកម្ម និង​យកចិត្តទុកដាក់​ រហូត​ដល់កំណត់​មុខសញ្ញា​ជនសង្ស័យ​ឈាន​ដល់​ចាប់ខ្លួន​បាន​ម្នាក់​ឈ្មោះ ប៉ុ​ល ស៊ី​ដេ​ត ។ ក្រោយ​ពី​ចាប់ខ្លួន​យក​មក​សាកសួរ ជន​ស​ង្ស័​បាន​ឆ្លើយ​សារភាព​ថា ខ្លួន និង​បក្សពួក​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ ក្នុងផ្ទះ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ។

គួរ​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​៥ កុម្ភៈ ជន​រង​គ្រោះ និង​ក្រុម​គ្រួ​សារបាន​ចេញពីផ្ទះ​ទៅ​ភ្នំពេញ ដើម្បី​ទៅ​ពិនិត្យ​ជម្ងឺ​ដោយ​បាន​បិទទ្វារ​ចាក់សោរ​ផ្ទះ និង​របង​ទុក​ចោល ពុំ​មាន​នរណា​ម្នាក់​ចាំផ្ទះ​នោះ​ទេ  ។ លុះដល់​វេលា​ម៉ោង​១០​ និង​៣០​នាទី​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល ជន​រង​គ្រោះ​ក៏​បាន​ត្រឡប់​ពី​ភ្នំពេញ​មក​ដល់​ផ្ទះ​វិញ ពេល​បើកទ្វារ​ចូល​ផ្ទះ​ក៏​បានឃើញ​មាន​ស្នាម​គាស់​បង្អួច​ដាច់​របើក​ដែក ។ នៅ​ពេល​ទៅ​មើល​បន្ទប់​ជាន់​ទី​១ ឃើញ​បន្ទប់​ជន​រង​គ្រោះ និង​បន្ទប់​កូនស្រី​គាស់រ​បើកទ្វារ​អស់ ហើយ​ឃើញ​សម្ភារៈ​ទាំងឡាយ​ក្នុង​បន្ទប់រប៉ាត់រប៉ាយ​គ្មាន​សល់ ។ ជន​រង​គ្រោះ​បាន​ពិនិត្យ​មើលឃើញ​បាត់​សម្ភារៈ​លុយ​៤​ពាន់​ដុល្លារ និង​គ្រឿងអលង្ការ មាន​តម្លៃ​សរុប​ជា​ទឹ​ប្រាក់​ប្រមាណ​៧​ពាន់​ដុល្លារ​ទៀត សរុប​ជាង​មួយ​ម៉ឺន​ដុល្លារ ៕