ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តសៀមរាប ៖ លោក​វរសេនីយ៍ឯក ភឹង ចិន្តា​រ៉េត នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​​កម្រិត​​ស្រាល​ខេត្ត​​ ​ដឹក​នាំ​​​កម្លាំងក្រោម​ឱវាទចុះ​ស្រាវជ្រាវ​និង​​ស៊ើប​​អង្កេត​រហូត​ឈាន​​ទៅ​ឃាត់​​ខ្លួន​​​​ជន​សង្ស័យ២នាក់​​​​ជាប់​​ពាក់​ព័ន្ធ​​លួច​​ម៉ូតូ​​ធំ​ខ្លុ​ប​មួយ​គ្រឿង​​​ពី​រាជ​ធានី​ភ្នំពេញ បម្រុង​យក​មក​លក់​នៅ​ខេត្តសៀម​រាប ​កាល​ពី​​វេលា​ម៉ោង១០ព្រឹក​​ថ្ងៃទី​៧ មីនា ២០១៦ ស្ថិត​នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លរ​ក្រាម​ ក្រុង​សៀមរាប ។

​​លោក​ ភឹង ចិន្តារ៉េត បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ទាំង​​២​នាក់ ​ម្នាក់​​ ​ឈ្មោះ ម៉ៅ សុភា អាយុ​១៨​ឆ្នាំ និង​ម្នាក់​ទៀត​​​ឈ្មោះ​ ងុ​ន ភឿន អាយុ​៣៦​ឆ្នាំ​ ទាំង​២នាក់​រស់នៅ​ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន​ ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ ​។​

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​​ជន​សង្ស័យ​​ទាំង​២នាក់​បាន​សារ​ភាព​ថា ​ខ្លួន​​ពិត​ជា​បាន​​លួច​ម៉ូតូ​​មួយ​គ្រឿង​​ពី​ភ្នំពេញ​ ​បម្រុង​យក​មក​លក់​នៅ​​ខេត្ត​សៀម​រាប​ ​ប្រាកដ​មែន ហើយ​​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​តែ​ម្តង ។​

​ជន​សង្ស័យ​ត្រូវ​បាន​​សមត្ថកិច្ច​​​កសាង​​​សំណុំរឿង​បញ្ជូន​ទៅ​​សាលា​ដំបូង​ខេត្ត​ ដើម្បី​អនុវត្ត​​តាម​នីតិវិធី​​ ​។​ ចំណែក​​ត្រូវ​បាន​សមត្ថកិច្ច​រក្សា​ទុក​​ និង​​បាន​​ទាក់ទង​​ទៅ​ខាង​​នគរបាល​ព្រហ្មទណ្ឌ​​រាជ​ធានី​ភ្នំពេញ ​ដើម្បី​​ស្វែងរក​ម្ចាស់​​​ដើមប្រគល់​ជូន​​វិញ​ ៕