ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​រាជ​ធានីភ្នំពេញ​ ៖ មុខសញ្ញា​ចោរឆក់​ម្នាក់ ក្នុង​ចំណោម​២​នាក់​ ​ដែល​ធ្វើ​សកម្មភាព​​ឆក់​ទូរស័ព្ទ​​ពី​យុវសិស្ស​២នាក់​ ត្រូវ​​​ប្រជាពលរដ្ឋដេញចាប់​បាន​​ស្វាគមន៍​​ម្នាក់​មួយ​ដៃ​មួយ​ជើង​​ទ្រោម​ខ្លួន ទើប​ប្រគល់​ឱ្យ​សមត្ថកិច្ច​​បញ្ជូន​ទៅ​ព្យា​បាល​ និង​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ស្រមោល កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៩​ ខែមីនា ឆ្នាំ​២០១៦ នៅ​តាម​ផ្លូវ​វ៉េ​ង​ស្រេង ត្រង់​ចំណុច​ភ្លើងស្តុប​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។

ជនសង្ស័យ​​​​​រូប​នេះ ​​​ឈ្មោះ​ សុខ ចំរើន អាយុ​១៩​ឆ្នាំ ​មុខរបររើស​អេ​ត​ចាយ​ស្នាក់នៅ​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ និង​មានស្រុក​កំណើត នៅ​ក្នុងភូមិ​ក្បាល​ឡាន ស្រុក​អាចម៍​រមាស ខេត្តកំពុងឆ្នាំង ​និង​​ម្នាក់​ទៀត​​ដែល​រត់​​រួច​ឈ្មោះ សួង រ៉​ន អាយុ៣២​ឆ្នាំ​ ​ជា​អ្នក​​រត់​ម៉ូតូឌុប ស្នាក់​នៅ​ជិត​គ្នាជិះ​ម៉ូតូ​ ធុន​សេ​១០០​កូរ៉េ ពណ៌​ក្រហម ១​គ្រឿង មិន​ចាំ​ស្លាក​លេខ ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ​មាន​យុវសិស្ស​២​នាក់​​ជា​នារី​ ​​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហ្វី​ណូ​ឌុ​ប​គ្នា​ទៅ​សាលារៀន ​​ដោយ​ទុក​ទូរស័ព្ទម៉ាក​សាំ​ស៊ុង​កាឡាក់ស៊ី​ណូ​ត មួយ​គ្រឿង ​នៅ​ក្នុង​ឃ្លុប​ម៉ូតូ​ខាង​មុខ ​។ ​លុះ​ពេល​​មក​​ដល់​​ចំណុច​កើតហេតុ​ ស្រាប់តែជន​២​នាក់​​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ស្របគ្នា​មក​អែប​ជិត​​ធ្វើ​សកម្មភាព​លូក​យក​ទូរស័ព្ទ​បាន​ហើយ​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ ។ ​ខណៈនោះ​ ​​​​ម្ចាស់​ទូរស័ព្ទ​ក៏​​ជិះ​ម៉ូតូ​ដេញ​តាម និង​ស្រែ​កថា «​ចោរ​ៗ ​​​មិន​ដាច់​ពី​មាត់» រហូត​មក​ដល់​មុខ​​សាលា​បឋម​សិក្សាគោក​បញ្ជាន់ ​ប្រជាពលរដ្ឋ​ជួយស្ទាក់​ចាប់​បាន​ម្នាក់​​នាំ​គ្នា​​វាយ​ស្ទើ​រស្លាប់ ទើបប្រគល់​ឲ្យ​ប៉ូលិស​ ។ ចំណែក​បក្សពួក​ម្នាក់​ទៀត​​​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​ ៕ ​