ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ អគ្គស្នងការ​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ លោកនាយ​ឧត្តមសេនីយ នេ​ត សា​វឿ​ន បាន​បញ្ជា​ឲ្យ​ស្នងការ​និង​អធិការ​នគរបាល​ស្រុក​ខណ្ឌ​ទាំងអស់ បើក​យុទ្ធនាការ​ទ្រុងទ្រាយ​ធំ​ត្រូ​ត​ពិនិត្យ​គ្រប់​ច្រកល្ហក​ទាំងអស់​ស្រាវជ្រាវ​រក​ឲ្យ​ឃើញ​ការ​ប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ​ខុសច្បាប់ ។

លោក​មេ​ប៉ូលិស​ជាតិ​បញ្ជា​ខាងលើ​បែប​នេះ បាន​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​០៩ មីនា ២០១៦ ខណៈ​លោក​បាន​អញ្ជើញ​ជា​អធិបតី​បើក​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ​២០១៥  និង​លើក​ទិស​ដៅ​ឆ្នាំ​២០១៦ របស់​គណៈ​បញ្ជាការ​ដឹកនាំ​អនុវត្តន៍​ផែនការ​យុទ្ធសាស្ត្រ​កាត់​បន្ថយ​គ្រោះថ្នាក់​ដោយ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។

បើ​តាម​លោកនាយ​ឧត្តមសេនីយ នេ​ត សា​វឿ​ន គ្រប់​អាវុធ​ជាតិ​ផ្ទុះ​ដែល​ប្រើប្រាស់​នៅ​ក្នុង​អង្គភាព​ជួរ​កងកំលាំង​នគរបាល កង​យោធពលខេមរភូមិន្ទ និង​កងរាជអាវុធហត្ថ មានច្បាប់​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ត្រឹមត្រូវ​គឺ​យើង​គ្រប់គ្រង​បាន ប៉ុន្តែ​អាវុធ​ជាតិ​ផ្ទុះ​ខុសច្បាប់​ដែល​កំពុង​បាន​ប្រើប្រាស់​ដោយ​ក្រុម​ជនល្មើស រហូត​ដល់​មានការ​ប្លន់​ប្រដាប់​អាវុធ បាញ់​សម្លាប់​គឺ​យើង​មិន​ទាន់​គ្រប់គ្រង​បាន​ទេ ៕