កំពុង​ឈរ​មើល​គេ​រាំ​ធុងបាស់ ត្រូវគេ​លួច​កាប់​ក្បាល​៤​កាំបិត រងរបួស​ធ្ងន់​

កណ្តាល:
បុរស​ម្នាក់ កំពុង​ឈរ​មើល​គេ​រាំ​ធុងបាស់ ក៏ត្រូវ​ជនសង្ស័យ​លួច​កាប់​ពីក្រោយ​ត្រូវចំក្បាល​៤​កាំបិត បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ។ ករណីនេះ​បានកើត​ឡើង​កាលពី​វេលាម៉ោង ១០​និង​១៥​នាទី​យប់​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៦ ស្ថិតនៅក្នុង​ភូមិធំ ឃុំ​ធំ ស្រុកកៀនស្វាយ ។

​ជនរងគ្រោះ ឈ្មោះ សំ ផានិត អាយុ​២៧​ឆ្នាំ ជា​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​យកបាត្រ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ រងរបួស​ធ្ងន់ ។ ចំណែកជនដៃដល់ ត្រូវបាន​គេ​ស្គាល់ ឈ្មោះ ទិ​ត ធីវ៉ាន់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរមិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​រត់​គេចខ្លួនបាត់ ។​

​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​មកឈរ​មើល​គេ​រាំ​ធុងបាស់​នៅក្នុង​ពិធីបុណ្យ​ជូនលោកយាយ ចុង​ភូមិ​ភូមិធំ លុះដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ ស្រាប់តែជនដៃដល់​លួច​កាប់​ជនរងគ្រោះ​ពីក្រោយ​ចំក្បាល​ចំនួន ៤​កាំបិត បណ្តាល​ឲ្យរងរបួស​។​

​ក្រោយពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យផ្សារ​គគីរ ។ ទោះបីជា​បែបណា កម្លាំង​សមត្ថកិច្ច បាន​កំពុង​ស្រាវជ្រាវ និងចាប់​ជនដៃដល់ ដើម្បី​យកមក​ចាត់ការ​តាមច្បាប់​៕

កំពុង​ឈរ​មើល​គេ​រាំ​ធុងបាស់ ត្រូវគេ​លួច​កាប់​ក្បាល​៤​កាំបិត រងរបួស​ធ្ងន់​