ក្រុមហ៊ុនមួយនៅឥណ្ឌា លក់ទូរស័ព្ទស្មាតហ្វូន តម្លៃមិនដល់ ៤ដុល្លារផង ក្នុងមួយគ្រឿង

ឥណ្ឌា៖ កាលពីពេលថ្មីៗនេះ មនុស្សជាច្រើន កំពុងមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើទូរស័ព្ទស្មាតហ្វូនមួយប្រភេទ ដែលត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនមួយរបស់ប្រទេសឥណ្ឌា និងមានការដាក់លក់ក្នុង តម្លៃថោកសមរម្យបំផុត។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Ringing Bells ដែលជាក្រុមហ៊ុនមួយ របស់ប្រទេសឥណ្ឌា បានសម្រេចដាក់លក់នូវទូរស័ព្ទស្មាតហ្វូនមួយប្រភេទនឈ្មោះថា Freedom 251 ដែលមានតម្លៃថោកជាងគេបំផុត នៅលើពិភពលោក ដោយក្នុង១គ្រឿង លក់ត្រឹមតែ ២៥១រូពី (ស្មើនឹង៣.៦៧ដុល្លារអាមេរិក) ប៉ុណ្ណោះ។

ក្រុមហ៊ុនមួយនៅឥណ្ឌា លក់ទូរស័ព្ទស្មាតហ្វូន តម្លៃមិនដល់ ៤ដុល្លារផង ក្នុងមួយគ្រឿង
ទូរស័ព្ទស្មាតហ្វូន Freedom 251 តម្លៃថោកសមរម្យបំផុត ត្រូវបានដាក់តាំងបង្ហាញ និងចេញលក់

បើតាមការបញ្ជាក់បន្ថែមបានឲ្យដឹងថា Freedom 251 ត្រូវបានគេដាក់ចរាចរណ៍លក់នៅក្នុងប្រទេសឥណ្ឌា កាលពីព្រឹកថ្ងៃព្រហស្បត៍ម្សិលមិញនេះ ហើយមិនបានប៉ុន្មានម៉ោងផង ក្រុមហ៊ុន Ringing Bells បានបញ្ឈប់ការទទួលកុម្ម៉ង់ទិញ បន្ទាប់ពីវេបសាយក្រុមហ៊ុនជាប់គាំង ដោយសារតែការកក់ និងកុម្ម៉ង់ទិញពីអតិថិជនឡើងដល់ ៦សែនដងក្នុង១វិនាទី។

ថ្វីបើ Freedom 251 មានតម្លៃថោកបំផុត ក៏ពិតមែន តែវាក៏មានមុខងារ និងលក្ខណៈពិសេស មិនចាញ់ទូរស័ព្ទស្មាតហ្វូនទូទៅឡើយ ដោយក្នុងនោះ វាមានអង្គចងចាំ 8GB និងកាមេរ៉ាមុខក្រោយ ហើយម៉ូដែល និងរូបរាងរបស់វាមើលទៅដូចជា iPhone 4 អញ្ចឹងដែរ រួមមានទាំងប៊ូតុង Home Button និងរូប icon ជាដើម។

គូសបញ្ជាក់ផងដែរថា ទីផ្សារក្នុងប្រទេសឥណ្ឌា មានលំដាប់ថ្នាក់លេខ២ ធំបំផុតលើពិភពលោក ដោយក្នុងនោះ មានអ្នកប្រើប្រាស់ទូរស័ព្ទដៃ ដល់ទៅជាង ១ពាន់លាននាក់ឯណោះ។ បន្ថែមពីនេះទៀត ក្រុមហ៊ុន Ringing Bells បានធ្វើការសន្យាថា ខ្លួននឹងដាក់លក់ទូរស័ព្ទស្មាតហ្វូនប្រភេទនេះ ទៅកាន់ប្រទេសក្រៅទៀត ក្នុងរយៈពេល ៤ខែបន្ទាប់៕

ក្រុមហ៊ុនមួយនៅឥណ្ឌា លក់ទូរស័ព្ទស្មាតហ្វូន តម្លៃមិនដល់ ៤ដុល្លារផង ក្នុងមួយគ្រឿង
ក្រុមហ៊ុនមួយនៅឥណ្ឌា លក់ទូរស័ព្ទស្មាតហ្វូន តម្លៃមិនដល់ ៤ដុល្លារផង ក្នុងមួយគ្រឿង
រូបរាងរបស់ទូរស័ព្ទ Freedom 251

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត