ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ធំ ៖ គ្រឿងចក្រ​ធុន​ធំ​៣​គ្រឿង​ត្រូវ​បាន​លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ ដឹកនាំ​កម្លាំង​កិច្ច​ជំនាញ ឃាត់​ចាប់​កាលពី​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៦ បន្ទាប់​ពី​គ្រឿងចក្រ​ខាងលើ​នេះ​បាន​ធ្វើ​សកម្មភាព​ឈូស​ឆាយដី​ព្រៃ​គ្មាន​ច្បាប់​អនុញ្ញាតិ​ចំនួន​ជាង​៣០០​ហិច​តា នៅ​តំបន់​ចាក់​វ៉ា​យ ភូមិសាស្ត្រ​ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ខេត្តកំពង់ធំ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា គ្រឿងចក្រ​ខាងលើ​នេះ​បាន​ធ្វើ​សកម្មភាព​ឈូស​ឆាយ រយៈពេល​ជិត​២​ខែ​មក​ហើយ ក្នុង​គម្រោង​ស្នើ​សុំ​ឈូស​ឆាយដី​កម្មសិទ្ធិ ។ ប៉ុន្តែ​អ្វី​ជា​ភាព​មិន​ប្រក្រតី​នោះ​គឺ រហូត​មក​ដល់​ថ្ងៃនេះ​ការ​ហាមឃាត់ គ្មាន​លិខិត​ស្នាម​អ្វី​ជា​ផ្លូវការ​នោះ​ឡើយ ក្រៅពី​លិខិតស្នើ​សុំ​ដែល​មានឈ្មោះ តាំង គឹ​ម​ម៉េ​ង ជា​តំណាង​អ្នក​ស្នើ​សុំ និង​អ្នក​រត់ការ​កាន់​លិខិត​ឈ្មោះ ឈុ​ន ណា​វី ហៅ​ចែ​ពៅ និង​ឈ្មោះ​សៀ ជា​អ្នក​មើល​ការ​ខុស​ត្រូវ ហើយ​ជា​ម្ចាស់​គ្រឿងចក្រ​ទៀត​នោះ ។

ការ​ស្នើ​សុំ​ទៅ​អភិបាលខេត្ត និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ដោយ​យោង​ការ​ចុះហត្ថលេខា​យល់ព្រម​ឯកភាព​ពី​លោក ពេ​ជ សុធា អតីត​អភិបាល​ស្រុ កស​ន្ទុ​ក និង​ហត្ថលេខា​ឯកភាព​លក់​ទិញ​ដី​របស់​មេឃុំ​ក្រយា  ដែល​គិត​មក​ដល់​ថ្ងៃនេះ គឺ​គ្មាន​លិខិត ឬ​ចំណារ​ឯកភាព​ពី​ឯកឧត្តម​អភិបាលខេត្ត ឬ​មន្ទីរ​ជំនាញ​ណា​ឡើយ ។ មន្ត្រី​ដដែល​បាន​បន្ត​ថា ជុំវិញ​ការ​បំពាន​ដាក់​គ្រឿងចក្រ​មក​ឈូស​ឆាយ​នេះ គឺ​កន្លង​មក​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម ធ្លាប់​បាន​ធ្វើការ​ហាមឃាត់​មិន​អនុញ្ញាតិ​ឲ្យ​ឈូស​ឆាយ​ទេ ប៉ុន្តែ​ឈ្មោះ​សៀ ជា​មេការ និង​ឈ្មោះ​ចែ​ពៅ បាន​អះអាង​ដី​នេះ​ជា​ដី​របស់ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សា​ហ៏​កម្ម និង​សិប្បកម្ម កន្លង​មក អ្នក​ទាំង​ពីរ​ខាងលើ​ក៏​ធ្លាប់​រត់ការ​យកឈ្មោះ​ឯកឧត្តម​មក​គំរាម​មន្ត្រី​ជំនាញ​ផង​ដែរ ។

ទាក់ទិន​ការ​លើក​ឡើង​ខាងលើ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​យោង លិខិតស្នើ​សុំ​ឈូស​ឆាយដី​ចំនួន​ជាង​៣០០​ហិច​តា នៅ​តំបន់​ចក្រ​វ៉ា​យ ឃុំ​ក្រយា ឯកឧត្តម​អភិបាលខេត្ត អ៊ុត សំ​អន មិន​បាន​អនុញ្ញាតិ ឬ​ឯកភាព​ឡើយ ដោយ​គ្រាន់តែ​ចំណារ​ស្នើ​សុំ យោបល់​លម្អិត​ពី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​តែ​ប៉ុណ្ណោះ ហើយ​រហូត​មក​ដល់​ពេល​នេះ​ជិត​២​ខែ​ហើយ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ មិន​បាន​ឆ្លើយ​តប​ឡើយ ដោយ​លោក តឹ​ប ញាតា បាន​បញ្ជាក់​ថា លោក​មិន​ឯកភាព ឬ​ចុះហត្ថលេខា​ឡើយ ដោយ​រង​ចាំ​ពិនិត្យ មើល​ជាក់ស្ដែង​សិន ព្រោះ​ក្នុង​លិខិតស្នើ​សុំ​ឈូស​ឆាយដី គឺ​មាន​ប័ណ្ណ​កម្ម​សិទ្ធ​របស់ ប្រជាពលរដ្ឋ​(​ប​ប្រមាណ​តែ​ជាង​២០%​ប៉ុណ្ណោះ ក្រៅពី​នោះ​គឺជា​ដី​ព្រៃរបស់​រដ្ឋ​សុទ្ធ សាធ ។

ហើយ​ម្យ៉ាង​លោក​ក៏​បាន​ឲ្យ​នាយ​រង​ខណ្ឌ​ចុះ​ពិនិត្យ​ម្ដង​ជា​ពីរ​ដង រូ​ច​ហើយ គឺ​ដី​ព្រៃ​ប៉ះពាល់​ចំណី​អូរ មានព្រៃ​ដើម​ស្រល់ និង​មាន​ផល​ប៉ះពាល់​មួយ​ចំនួន​ទៀត ដែល​ត្រូវ​កាត់​ចេញ​។ សរុបសេចក្ដី​ទៅ​ការ​ប្រើប្រាស់​គ្រឿងចក្រ​ឈូស​ឆាយដី​ព្រៃ​ខាងលើ​នេះ​គឺ​គ្មាន លិខិតអនុញ្ញាត​ឡើយ ប៉ុន្តែ​អ្នក​រៀបចំ​ដី​ដើម្បី​លក់​បន្ត គឺ​ឈ្មោះ​សៀ និង​ចែ​ពៅ ព្រមទាំង​ឈ្មោះ​តាំង គឹ​ម​ម៉េ​ង បំពាន​ដោយ​យកឈ្មោះ​ឯកឧត្តម មក​កាង ជាក់ស្ដែង​កន្លង មក​មេការ​ឈ្មោះ​សៀ បាន​និយាយ​ពេញ​ម៉ាត់​ថា បើ​ចង់​ជួប​ឯកឧត្តម​ម្ចាស់​ដី គាត់​នឹង​ជួន​ទៅ​ជួប ហើយ​បើ​កិច្ចការ​នោះ​រាំងស្ទះ​ត្រឹម​ថ្នាក់​ណា​នោះ ឯកឧត្តម នឹង​ចេញ​មុខ​អន្តរាគមន៍​ភ្លាម ។

ប៉ុន្តែ​នៅ​ចំពោះ​មុខ​នេះ ខណៈ​លោក​ព្រះរាជអាជ្ញា បាន​ដឹកនាំ​កម្លាំង​ឃាត់​ចាប់ គ្រឿងចក្រ ឈ្មោះ​សៀ និង​ឈ្មោះ​ចែ​ពៅ មិន​បាន​ឲ្យ​ជួប​ឯកឧត្តម​ណា​នោះ​ឡើយ ស្រប​ពេល​ដែល​អ្នក​សារព័ត៌មាន​ចង់​ជួប​ឯកឧត្តម​ពិតប្រាកដ ។ ក្នុង​ករណី​នោះ​មហាជន​ដែល​ស្គាល់​ចែ​ពៅ ច្បាស់​ជា​បាន​និយាយ​ថា ចែ​ម្នាក់​នេះ​គឺ​ឈ្មួញ​រកស៊ី និង​ធ្លាប់​មាន​ប្រវត្តិ​ឆបោក​ជាក់​ជា​ពុំខាន ។ បច្ចុប្បន្ន​គ្រឿងចក្រ​ទាំង​បី​ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​រក្សា​ទុក​ដើម្បី​រង់ចាំ​ឯកសារ​ពាក់ព័ន្ធ​មក​ដល់​ដៃ ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕​