ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តស្វាយរៀង ៖ នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៦ មាន​ករណី​ប្លន់​យក​ម៉ូតូ​ដោយ​ប្រើ​ព្រនង់​វាយ​ទៅ​លើ​ចៅសង្កាត់​ព្រៃ​អ​ង្គញ់ ក្រុង​បា​វិត​ជា​ច្រើន​ព្រនង់​ចំ​កញ្ចឹងក​បណ្តាល​ឲ្យ​ដួល​សន្លប់​ទៅ​លើ​ដី រួច​ជនសង្ស័យ​បាន​អូស​ជន​រង​គ្រោះ​ចូល​ក្នុង​សាលាសង្កាត់​បិទទ្វារ​ហើយ​យក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ស្វាយ​រៀង​1E-1655 របស់​លោក​ចៅ សង្កាត់​ជិះ​គេចខ្លួន​ទៅ​ក្រុង​ស្វាយ​រៀង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​មនុស្ស​ម្នា​ទាំង​ព្រឹក​នៅ​ផ្សារ​ជី​ភូ ។

ក្នុង​ហេតុការណ៍​នោះ​ដែរ សមត្ថកិច្ច​បាន​ដេញ​តាម​ពីក្រោយ ប៉ុន្តែ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ បន្ទាប់​មក​សមត្ថកិច្ច​ធ្វើការ​ស្ទាក់​ចាប់ខ្លួន រួម​នឹង​ម៉ូតូ​របស់​ជន​រង​គ្រោះ នៅ​ចំណុច​គល់​ស្ពាន​កំពង់​ចក ខាងត្បូង ផ្សារ​កំពង់​ចក ស្រុក​រំដួល​។ បើ​តាម​សម្ដី​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹ​ថា ជន​ស​ង្ស​យ័ ឈ្មោះ ជេ​ត កូវ​លី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ចំបក់​កោង ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ​។

ក្រោយ​ពី​សមត្ថកិច្ច​ដេញ​តាម​ប្រមាញ់ និង​ដាក់​កម្លាំង​ស្ទាក់​គ្រប់​ច្រកល្ហក ក៏​ចាប់ខ្លួន​សួរ​ចម្លើយ  ជនសង្ស័យ​បាន​សារ ភាព​ថា ខ្លួន​បាន​ជិះ​រថយន្ត​មក​ពី​ក្រុង​បា​វិត ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ ប៉ុន្តែ​គ្មាន​លុយ​ឲ្យ​ថ្លៃ​ជិះ​រថយន្ត​តាក់ស៊ី ពេល​មក​ដល់​ចំណុច​ផ្សារ​ជី​ភូ ក៏​ចុះ​ដើម្បី​រក​ខ្ចី​លុយ​គេ​ជិះ​រថយន្ត​ទៅ​ផ្ទះ  នៅ​ពេល​ដើរ​ចូល​ទៅ​សាលាសង្កាត់​ព្រៃ​អង្គញ់ ស្ថិត​នៅ​ភូមិ​គោក​ល្វៀង បានឃើញ​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥​មួយ​គ្រឿង ចត​នៅ​មុខ​សាលាសង្កាត់ ហើយ​មាន​លោក​ចៅសង្កាត់​ឈរ​នៅ​ក្បែរ​ម៉ូតូ​ម្នាក់ឯង ឃើញ​ឱកាសល្អ​ក៏​ដើរទៅ​យក​ព្រនង់​វាយ​ទៅ​លើ​លោក​ចៅសង្កាត់​ជា​ច្រើន​ព្រនង់​ចំ​កញ្ចឹងក​ដួល​សន្លប់​ទៅ​លើ​ដី​តែ​ម្ដង រួច​រូបគេ​ក៏​យក​ម៉ូតូ​ជិះ​គេចខ្លួន ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១ មក​ដល់​ចំណុច​ស្ពាន​បូម​ក៏​បើក​ម៉ូតូ​ចុះ​ទៅ​តាម​ផ្លូវលំ​អស់​រយៈពេល​២​ម៉ោង ទើប​រក​ផ្លូវ​ចេញ​មក​ផ្លូវជាតិ​លេខ​១៣ ឡើង​មក​ផ្សារ​កំពង់​ចក​។

លុះ​ម៉ោង​៩​និង​២៥​នាទី​ព្រឹក​ក៏​ត្រូវ​សមត្ថកិច្ច​នគ​បាល​ស្រុក​រំដួល​ដាក់​កម្លាំង​ស្ទាក់​ចាប់​បាន​នៅ​ចំណុច​គល់​ស្ពាន​កំពង់​ចក (​ខាងត្បូង​ផ្សារ​កំពង់​ចក​៥០​ម៉ែត្រ​) ស្ថិត​នៅ​ភូមិ​កំពង់​ចក ឃុំ​កំពង់​ចក ស្រុក​រំដួល​។ បន្ទាប់​ពី​ចាប់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​ជន​ស​ង្ស​យ័​ទៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ព្រៃ​អង្គញ់ ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​មក​មន្ទីរពេទ្យ​ស្រុក​ប្រតិបត្តិ​ជី​ភូ ដើម្បី​ធ្វើការសង្គ្រោះ ចំណែក​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ នៅ​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ដដែល​នេះ ៕