ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តមណ្ឌលគិរី ៖ ជុំវិញ​ករណី​មន្ត្រី​ជំនាញ​ព្រៃឈើ​ការពារ​ខេត្តមណ្ឌលគិរី ប្រទះ​ឃើញ​សាច់សត្វ​ខ្ទីង​ជំទង់​មួយ​ក្បាល​ក្នុង​តំបន់​ព្រៃ​ការពារ ត្រង់​ចំណុច​អូរ​ផ្លា​យ ស្ថិត​ក្នុង​ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក កាលពី​ព្រឹក​ថ្ងៃ​ទី​០៩ មីនា រ​ហូល​មក​ដល់​រសៀល​ថ្ងៃ​ទី​១០ មីនា​នេះ សាច់​ខ្ទីង​ចំនួន​៥០​គីឡូក្រាម ត្រូវ​បាន​ប្រមូល​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​រង​ម្រើ​ច​ដែល​ស្ថិត​នៅ​តំបន់​ព្រៃ​ការពារ ខណៈ​មន្ត្រី​យោធា​ដែល​ពាក់ព័ន្ធ​ករណី​នោះ ក៏​ត្រូវ​មេបញ្ជាការ​ហៅ​មក​សាកសួរ​បំភ្លឺ​នៅ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​១០៣​។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មន្ត្រី​យោធា​ដែល​ជាប់​ពាក់​ព័​ន្ឋ​នឹង​ករណី​បាញ់​សម្លាប់សត្វ​ខ្ទីង​ខាងលើ​នោះ មានឈ្មោះ អ៊ុ​ក សា​រុន​, ឯក សំពៅ និង​ឈ្មោះ សុខ មក​រា ទាំង​៣​នាក់​ជា​មន្ត្រី​យោធា​ប្រចាំ​នៅ​កងអនុសេនាធំ​លេខ​៣​ចំណុះ​ឲ្យ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​១០៣ ចំណែក​ពីរ​នាក់​ទៀត​មានឈ្មោះ លាង នឹង​ឈ្មោះ យ៉ើ​ល ចេក ជា​ប្រជាពលរដ្ឋ​។ ប្រភព​បាន​បន្ត​ថា ក្រោយ​ប្រទះ​ឃើញ​សាច់​ខ្ទីង​ដែល​គេ​ព្រលះ​សាច់​ហាល​ពេញ​គុម្ព​ឬ​ស្សី ខាង​មន្ដ្រី​ជំនាញ​មេព្រៃ​បាន​ធ្វើការ​ប្រមូល​សាច់​ទាំងនោះ ទៅ​រក្សា​ទុក​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​។

ចំណែក​ជនសង្ស័យ​ទាំង​៥​នាក់ ដែល​ស្ថិត​នៅ​កន្លែង​សត្វព្រៃ​នោះ មន្ត្រី​ជំនាញ​មិន​បាន​ឃាត់ខ្លួន​ភ្លាម​ៗ​ទេ ព្រោះ​ត្រូវ​ធ្វើការ​ស៊ើបអង្កេត​ជា​បន្តបន្ទាប់ ដើម្បី​វែកមុខ​រក​ជន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​។ ប្រភព​ពី​មន្ត្រី​ជំនាញ​បាន​បង្ហើប​ឱ្យ​ដឹង​ថា ចំពោះ​មន្ត្រី​យោធា​ទាំង​បី​នាក់​ដែល​ស្ថិត​នៅ​ចំណុច​កើតហេតុ ទោះបី​មិន​ទាន់​មាន​ភស្តុ​តាង​បញ្ជាក់​ថា ជា​អ្នក​ប្រព្រឹត្ត​ពិតមែន តែបើ​តាម​សាក្សី​បាន​និយាយ​ថា គឺ​ពួក​គេ​ទាំង​បី​នាក់​ជា​អ្នក​ផ្សំ​គំនិត​ជាមួយ​ប្រជាពលរដ្ឋ​ពីរ​នាក់​ទៀត បាន​បាញ់​សត្វ​ខ្ទីង​មួយ​ក្បាល​នោះ​។

លោក យិ​ន ចាន់​ទី មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​១០៣ បាន​ឲ្យ​ដឹង​ថា​លោក​កំពុង​កោះហៅ​មន្ត្រី​យោធា ទាំង​បី​នាក់​នោះ​មក​សាកសួរ​នៅ​ទីបញ្ជាការ​ហើយ តែ​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែមីនា​នេះ ពួក​គេ​មិន​ទាន់​មក​ដល់​ទេ ព្រោះ​ផ្លូវ​ធ្វើ​ដំណើរ​ឆ្ងាយ​ពេក​។ លោក ឃិ​ន ម៉េ​ង​ស្រេង មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តមណ្ឌលគិរី បាន​ថ្លែង​យ៉ាង​ខ្លី​ថា ប្រសិនបើ​មន្ត្រី​តុលាការ​ពិតជា​រក​ឃើញ​ថា យោធា​ទាំង​បី​នាក់​នោះ​ពិតជា​មាន​កំហុល​ពិតមែន សូម​ឲ្យ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​។

ប្រភព​ក្រៅផ្លូវការ​មួយ​បាន​ឲ្យ​ដឹង​ថា កាំភ្លើង​AK​ពីរ​ដើម​ដែល​ប្រើប្រាស់​សម្រាប់​បាញ់​សត្វ​ខ្ចី​ង គឺជា​របស់​ឈ្មោះ សុខ មក​រា មន្ត្រី​យោធា​កងអនុសេនាធំ​លេខ​៣ ឲ្យ​ទៅ​ឈ្មោះ យ៉ើ​ត ចេក ទៅ​បាញ់​សត្វ​ដើម្បី​ចែក​គ្នា​។ យ៉ាងណា​ក៏​ដោយ​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១០ ខែមីនា​នេះ មន្ត្រី​ជំនាញ​ដែល​ចុះ​ទៅ​បង្ក្រាប​ករណី​ខាងលើ​មិន​ទាន់​ចាក​ចេញពី​កន្លែង​កើតហេតុ​នៅឡើយ​ទេ ដោយ​រង់ចាំ​ប្រមូល​របាយការណ៍​បន្ថែម ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​ ៕       ​