ឆេះ​រថយន្ត​បឺស​មួយ​នៅ​ចិន​ស្លាប់​14​នាក់​របួស​32​នាក់

យោង​តាម​ស៊ី​ន​ហួ អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​ថា មនុស្ស​១៤​នាក់​ស្លាប់ ហើយ​៣២​នាក់​រង​របួស​ដោយសារ​ភ្លើង​ឆាបឆេះ​រថយន្ត​បឺស​មួយ​គ្រឿង កាលពី​ព្រឹក​ថ្ងៃ​ទី​៥ មក​រា ក្នុង​តំបន់​ស្វយ័ត HUI នៅ NINGXIA ភាព​ពាយ័ព្យ​ប្រទេស​ចិន ។

ការិយាល័យ​សន្តិសុខ​សាធារណៈ​ខេត្ត NINGXIA បាន​តាម​រក​ចាប់ខ្លួន​បុរស​ឈ្មោះ MA YONGPING ជា​អ្នក​ដុត​រថយន្ត​បឺស​នេះ ។ ឧប្បត្តិហេតុ​នោះ​កើត​មាន​នា​វេលា​ម៉ោង​៧​និង​៨​នាទី​ព្រឹក ពេល​រថយន្ត​បឺស​លេខ​៣០១​ត្រូវ​ភ្លើង​ឆេះ​នៅ​ក្បែរ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លក់​គ្រឿង​សង្ហា​រឹម​មួយ​ក្នុងស្រុក HELAN ទីក្រុង YINCHUAN ទីប្រជុំជន​តំបន់ ។ បណ្តា​អ្នក​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​ឯ​មន្ទីរពេទ្យ​មួយ ។

រថយន្ត​បឺស​នេះ​ជា​របស់​ក្រុមហ៊ុន​រដ្ឋ YINCHAUN PUBLIC TRANSPORT CO.LTD ។ យោង​តាម​រូបភាព​ទាំងឡាយ​ចេញផ្សាយ​តាម SINA WEIBO គេ​ឃើញ​រថយន្ត​បឺស​នេះ​ត្រូវ​ភ្លើង​ឆេះ​ទាំងស្រុង ៕