ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​អាច​បាត់បង់​40%​នៃ​ដែនដី​ដែល​ខ្លួន​កាន់កាប់​នៅ​អីុ​រ៉ា​ក់

ក្រុមចម្រុះ​អន្តរជាតិ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នាំមុខ​ដោយ​សហរដ្ឋ​អា​មេ​រិ​ក​អះអាង​កាលពី​ថ្ងៃ​ទី​៥ មក​រា ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​បាត់បង់​៤០% នៃ​ដែនដី​ដែល​ខ្លួន​កាន់កាប់​នៅ​អីុរ៉ា​ក់ ខណៈ​កងកម្លាំង​សន្តិសុខ​អីុ​រ៉ា​ក់​វាយ​ដណ្តើម​យក​បាន​តំបន់​មួយ​ស្ថិត​នៅ​ជិត​ទីក្រុង HADITHA ខេត្ត​អាល់​អាន​បា​ខាងលិច ។

អ្នកនាំពាក្យ​របស់​ក្រុមចម្រុះ​វរសេនីយ៍ឯក STEVE WARREN ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រុង​បា​ដា​ដ គូសបញ្ជាក់​ថា ក្រៅពី​ដែនដី​អីុ​រ៉ា​ក់​ទាំងនេះ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក៏​បាត់បង់​ផង​ដែរ ២០%​នៃ​ដែនដី​ដែល​ខ្លួន​ត្រួតត្រា​នៅ​ស៊ី​រី​។ ប្រសិនបើ​គិត​បញ្ចូល​គ្នា​ទាំង​អីុ​រ៉ា​ក់ ទាំង​ស៊ី​រី ពួក​រដ្ឋ​អ៊ិ​ស្លា​ម​បាត់បង់​ដែនដី​ក្រោម​ការ​ត្រួតត្រា​របស់​ពួក​គេ​៣០% ។

អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ការពារ ហើយ​ក្រុម​នេះ​លែង​អាច​ដណ្តើម​កាន់កាប់​ដែនដី​មួយ​ច​ង្អា​ម​ណា​ឡើយ​នៅ​អីុ​រ៉ា​ក់​ចាប់តាំងពី​ខែឧសភា​មក ។

ទោះ​រង​ការ​បាត់បង់​ទាំងនេះ​ក្តី ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ពេល​នេះ​ផ្តោត​លើ​បណ្តា​តំបន់​ស្ថិត​នៅ​ក្បែរ​ទីក្រុង HADITHA ចម្ងាយ​ប្រមាណ​ជា​២០០​គីឡូម៉ែត្រ​ខាងលិច​ក្រុង​បា​ដា​ដ រយៈពេល​៤៨​ម៉ោង​ចុង​ក្រោយ​នេះ បន្ទាប់​ពី​បាត់បង់​ការ​ត្រួតត្រា​ក្រុង​រ៉ា​ម៉ា​ឌី​ទីប្រជុំជន​ខេត្ត​អាល់​អាន​បា ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​១១០​គីឡូម៉ែត្រ​ខាងលិច​ក្រុង​បា​ដា​ដ ។

ប្រភព​ជិតដិត​នឹង​កងកម្លាំង​សន្តិសុខ​ខេត្ត​អាល់​អាន​បា និយាយ​ថា កងកម្លាំង​សន្តិសុខ​អីុ​រ៉ាក់​ជួយ​ទ្រទ្រង់​ដោយ​កង​យន្តហោះ​អីុរ៉ា​ក់ និង​អន្តរជាតិ​បាន​ធ្វើការ​វាយលុក​មួយ​នា​ថ្ងៃ​ទី​៥ មក​រា ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ហើយ​អាច​ដណ្តើម​ត្រួតត្រា​តំបន់ BARWANA និង​ភូមិ AL SAKRAN ជិត​ក្រុង HADITHA បន្ទាប់​ពី​ពួក​ជី​ហា​ដ​វាយ​កាន់កាប់​តំបន់​ទាំង​២​នេះ ក្នុង​ឱកាស​នៃ​ការ​វាយប្រហារ​ដ៏​សំខាន់​មួយ​នា​ពេល​មុន​នេះ​មក ។

ប្រភព​នោះ​បន្ត​ថា ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​យ៉ាងតិច​២២​នាក់​ស្លាប់ និង​ជា​ច្រើន​សិប​នាក់​ទៀត​រង​របួស​កាលពី​យប់​ថ្ងៃ​ទី​៥ មក​រា ពេល​កង​យន្តហោះ​ក្រុមចម្រុះ​អន្តរជាតិ​វាយប្រហារ​លើ​ក្បួន​រថយន្ត​មួយ​ខ្សែ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ជិត​តំបន់ BARWANA ។ ចំណែក​ពួក​ជី​ហា​ដ​ជា​ច្រើន​សិប​នាក់​ទៀត​ស្លាប់ ឬ​របួស​នា​ពេល​ថ្ងៃ​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​លើ​បណ្តា​ទីតាំង និង​រថយន្ត​របស់​ពួក​គេ​មក ៕