សភា​អង់គ្លេស​នឹង​ពិភាក្សា​ករណី​លោក TRUMP

បណ្តា​សមាជិក​សភា​អង់គ្លេស​នឹង​ពិភាក្សា​ដេញដោល​គ្នា​នា​ថ្ងៃ​ទី​១៨ មក​រា លើ​ញត្តិ​មួយ​ដែល​ទាមទារ​ឱ្យ​ហាមឃាត់​លោក DONALD TRUMP ស្នាក់​នៅ​អង់គ្លេស បន្ទាប់​ពី​សេចក្តីថ្លែងការណ៍​នានា​របស់​បេក្ខជន​ប្រធានាធិបតី​សម្រាំង​នៃ​គណបក្ស​សាធារណរដ្ឋ​រូប​នេះ​ស្នើ​ឱ្យ​រារាំង​បណ្តោះអាសន្ន​មិន​ឱ្យ​បណ្តា​សាសនិក​អ៊ិ​ស្លា​ម​ចូល​ក្នុង​សហរដ្ឋ​អា​េ​ម​រិ​កមក ។

គណៈកម្មការ​ខាង​ទទួល​ញត្តិ​របស់​សភា​អង់គ្លេស​បាន​សម្រេច​កាលពី​ថ្ងៃ​ទី​៥ មក​រា ឱ្យ​មានការ​ពិភាក្សា​ដេញដោល​គ្នា​នោះ ។ ក៏​ប៉ុន្តែ​នេះ​ពុំ​មែន​ជា​ការ​ពិភាក្សា​គ្នា​ក្នុង​សភា​ផ្ទាល់​ទេ តែ​ក្នុង​បន្ទប់​មួយ​របស់​សភា​រួច​នឹង​ពុំ​មានការ​បោះ​ឆ្នោត​អនុម័ត​នៅ​ចុងបញ្ចប់​ដែរ ។

យោង​តាម​បែបបទ​ជា​ធរមាន​គណៈកម្មការ​នេះ​ត្រូវ​ឱ្យ​មានការ​ពិភាក្សា​គ្នា​ពេល​ញត្តិ​មួយ​មាន​អ្នក​ចុះហត្ថលេខា​លើស​ពី​១០០.០០០​នាក់​ឡើង​ទៅ ។ ញត្តិ​ប្រឆាំង​លោក DANALD TRUMP មាន​អ្នក​ចុះហត្ថលេខា​ប្រមាណ​ជា​៥៦៨.០០០​នាក់​រួច​ហើយ ។

មហាសេដ្ឋី​អា​មេ​រិ​ក​រូប​នេះ​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​លើ​ពិភពលោក​ទាំងមូល បន្ទាប់​ពី​ស្នើ​ឱ្យ​រារាំង​អ្នក​កាន់សាសនា​អ៊ិ​ស្លា​ម​ចូល​ក្នុង​សហរដ្ឋ​អា​េ​ម​រិ​ក បន្ទាប់​ពី​ការ​ស្លាប់​មនុស្ស​១៤​នាក់ ដោយសារ​ការ​បាញ់ប្រហារ​នៅ​ទីក្រុង SAN BERNARDINO រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ាម​ក ។ លើស​ពី​នេះ​ទៀត លោក TRUMP អះអាង​ថា នៅ​ក្រុងប៉ារីស និង​នៅ​ទីក្រុង​ឡុ​ង​ដ៍​មាន​តំបន់​រ៉ា​ឌី​កាល់​នានា ដែល​ប៉ូលិស​បដិសេធ​មិន​ចូល​ទៅ តែ​ពាក្យ​នេះ​ត្រូវ​បាន​បារាំង និង​អង់គ្លេស​បដិសេធ​ភ្លាម​ៗ ។

នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក​ដេ​វី​ដ កា​មី​រ៉ូ​ន ចាត់​ទុក​ការ​អះអាង​បែប​នេះ​ថា ភ្លើ​ៗ និង​ខុស ។ លោក​ពោល​ថា ប្រសិនបើ​លោក TRUMP មក​កាន់​ប្រទេស​យើង​នោះ​យើង​គ្រប់​គ្នា​នឹង​រួម​គ្នា​ប្រឆាំង​ហើយ ៕