កូរ៉េ​ខាងជើង​ប្រកាស​ពី​ជោគជ័យ​នៃ​ការ​សាកល្បង​គ្រាប់បែក​អីុ​ដ្រូ​ហ្សែ​ន​ជា​លើក​ដំបូង

ប្រទេស​កូរ៉េ​ខាងជើង​អះអាង​ថា​បាន​ធ្វើការ​សាកល្បង​ដោយ​ជោគជ័យ​ជា​លើក​ដំបូង​នូវ​គ្រាប់បែក​អីុ​ដ្រូ​ហ្សែ​ន​ដែល​នោះ​ជា​ការ​ប្រកាស​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត ហើយ​បើ​ពិតមែន​នោះ​មុខជា​នាំ​ឱ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​ដែល​ហាមឃាត់​សម្រាប់​ប្រទេស​កុំ​មុ​យ​នី​ស្ត​នេះ ។

ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​កូរ៉េ​ខាងត្បូង​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​សាកល្បង នេះ ។ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ី​ន ហ្សូ​អា​​បេ អះអាង​ថា នេះ​ជា​ការ​ផ្គើន​យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពិភពលោក ដើម្បី​កុំឱ្យ​មានការ​សាយភាយ​នុយក្លេអ៊ែរ ហើយ​វា​ជា​ការ​គំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​ប្រឆាំង​ជប៉ុន ។

ការ​ប្រកាស​ពី​ការ​សាកល្បង​គ្រាប់បែក​អីុ​ដ្រូ​ហ្សែ​ន​នេះ​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល ។ ក្រុង​ព្យុ​ង​យ៉ាង​អះអាង​ថា មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន ជា​អ្នក​ចេញ​បញ្ជា​ដោយ​ផ្ទាល់​ឱ្យ​ធ្វើការ​សាកល្បង​នេះ ខណៈ​សល់​ពេល​២​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​ខួបកំណើត​របស់​លោក ។

ទូរទស្សន៍​ផ្លូវការ​កូរ៉េ​ខាងជើង​ប្រកាស​ថា ការ​សាកល្បង​គ្រាប់បែក​អីុដ្រូ​ហ្សែ​ន​លើក​ដំបូង​របស់​កូរ៉េ​ខាងជើង​បាន​ធ្វើ​ប្រកបដោយ​ជោគជ័យ​នា​វេលា​ម៉ោង​១០​ព្រឹក​ម៉ោង​ក្នុង​ស្រុក ។ ទូរទស្សន៍​នេះ​បញ្ជាក់​ថា គ្រាប់បែក​នេះ​មាន​ទំហំ​តូច ។ ជាមួយ​ជោគជ័យ​ឥត​ខ្ចោះ​នៃ​ការ​សាកល្បង​គ្រាប់បែក H ជា​ប្រវត្តិសាស្ត្រ​ប្រទេស​យើង​ត្រូវ​ចាត់​បញ្ចូល​ក្នុង​ចំណោម​បណ្តា​រដ្ឋ​ដែល​មាន​នុយក្លេអ៊ែរ​រីក​ចម្រើន ។

ការ​សាង​ល្បង​ប្រព្រឹត្ត​ទៅ​នៅ​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ PUNGGYE-RI ។  វិទ្យាស្ថាន​ភូ​គ្គ​ម្ភ សាស្ត្រ​ធ​អា​មេ​រិ​ក និង​ទី​ភ្នា​ក់​ងារ​ឧតុនិយម​កូរ៉េ​ខាងត្បូង កត់សម្គាល់​ឃើញ​ការ​រញ្ជួយ​ដី​មួយ​មាន​កម្លាំង​រវាង​ពី​៤,២​ទៅ​៥,១​វី​ស្ទ័​រ នៅ​កន្លែង​នោះ ។

គ្រាប់បែក​អីុ​ដ្រូ​ហ្សែ​ន​ហៅ​កាត់​ថា គ្រាប់បែក H ឬ​គ្រាប់បែក​ទែ​រ​ម៉ូ​នុយក្លេអ៊ែរ​ជា​ការ​ប្រើប្រាស់​បច្ចេកទេស​នៃ​ការ​លាយ​បញ្ចូល​គ្នា​នូវ​នុយក្លេអ៊ែរ និង​ផលិតផល​ផ្ទុះ​មួយ ដែល​ខ្លាំង​ជាង​ការ​ផលិត​គ្រាប់បែកនុយក្លេអ៊ែរ ប្រើ​តែ​អ៊ុយ​រ៉ា​នី​ញ៉ូ​ម ឬ​ផ្លុ​យ​តូ​នី​ញ៉ូ​ម​តែ​មួ​យមុខ ។

ក្រុង​ព្យុ​ង​យ៉ាង​បាន​ធ្វើការ​សាកល្បង​៣​លើក ហើយ​នូវ​គ្រាប់បែកបរមាណូ A ដែល​ប្រើ​សារធាតុ​តែ​មួយ​កាលពី​ឆ្នាំ​២០០៦ ២០០៩ និង​២០១៣ ដែល​ញ៉ាំង​ឱ្យ​មានទណ្ឌ​កម្ម​អន្តរជាតិ​នានា ។

កាលពី​ខែ​មុន​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន ធ្លាប់​បាន​ប្រាប់​ថា ប្រទេស​របស់​លោក​បាន​បង្កើត​គ្រាប់បែក H ដែល​ការ​ប្រកាស​នេះ បណ្តាល​ឱ្យ​មានការ​សង្ស័យ​ពី​សំណាក់​ពួក​អ្នកឯកទេស​អន្តរជាតិ ។

ទោះបី​នោះ​ជា​គ្រាប់បែក H ឬ​ពុំ​មែន​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៤​របស់​កូរ៉េ​ខាងជើង គឺជា​ការ​ផ្គើន​ជាក់ស្តែង​មួយ​ចំពោះ​បណ្តា​សត្រូវ ក៏​ដូច​ជា​សម្ព័ន្ធមិត្ត​របស់​ក្រុង​ព្យុ​ង​យ៉ាង​ដែល​បាន​ព្រមាន​ថា តម្លៃ​ដែល​ត្រូវ​បង់​ដោយសារ​ការ​បន្ត​កម្មវិធី​នុ​​យ​ក្លេ​អ៊ែ​រ​នេះ​នឹង​មាន​ខ្ពស់​បំផុត ។ ប្រការ​ដែល​ទណ្ឌកម្ម​អន្តរជាតិ​លើក​មុន​ៗ​ពុំ​អាច​រារាំង​កូរ៉េ​ខាងជើង​មិន​ឱ្យ​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៤ ប្រតិកម្ម​លើក​នេះ​ពិតជា​ខ្លាំងក្លា​បំផុត ។

ប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា សន្យា​ដាក់​ទណ្ឌកម្ម​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ក្នុង​ករណី​មានការ​សាកល្បង​នុយក្លេអ៊ែរ​ថ្មី ។

អ្នកនាំពាក្យ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​នៃ​សេត​វិមាន​លោក NED PRICE ក្នុង​សេចក្តី​ប្រកាស​មួយ​ចេញផ្សាយ​នា​យប់​ថ្ងៃ​ទី​៥ មក​៦ មក​រា ថ្លែង​ថា យើង​ពុំ​ទាន់​អាច​បញ្ជាក់​ច្បាស់​នា​ពេល​នេះ​អំពី​ការ​សាកល្បង​នេះ​នៅឡើយ ក៏​ប៉ុន្តែ​យើង​ថ្កោលទោស​រាល់​ការ​រំលោភ​បំពាន​លើ​បណ្តា​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ហើយ​អំពាវនាវ​ជា​ថ្មី​ឱ្យ​កូរ៉េ​ខាងជើង​គោរព​បណ្តា​កាតព្វកិច្ច និង​ការ​សន្យា​ទាំងឡាយ​របស់​ខ្លួន ។

ប្រទេស​កូរ៉េ​ខាងត្បូង​នា​ថ្ងៃ​ទី​៦ មក​រា ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រកាស​នេះ​របស់​កូរ៉េ​ខាងជើង ហើយ​សន្យា​ចាត់​រាល់​វិធានការ​ចាំបាច់​ដើម្បី​ឱ្យ​ក្រុង​ព្យុ​ង​យ៉ាង​ត្រូវ​បង់​តម្លៃ​ខ្ពស់​។ ក្នុង​សេចក្តី​ប្រកាស​មួយ​អាន​តាម​ទូរទស្សន៍​ដោយ​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​គូសបញ្ជាក់​ថា យើង​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​បំផុត​ចំពោះ​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៤​របស់​កូរ៉េ​ខាងជើង​ដែល​ជា​ការ​រំលោភ​បំពាន​យ៉ាង​ច្បាស់​លើ​បណ្តា​ដំណោះស្រាយ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ អ​.​ស​.​ប ទោះបី​មានការ​ព្រមាន​ផ្ទួន​ៗ​របស់​យើង និង​របស់​សហគមន៍​អន្តរជាតិ​ក៏​ដោយ ៕