នារី​អភិបាលក្រុង​វ័យក្មេង​ម្នាក់​ចេញ​មុខ​ឱ្យ​គេ​សម្លាប់​សង្គ្រោះ​គ្រួសារ

សាច់ញាតិ​គ្រួសារ​រៀបរាប់​ថា ពេល​ពួក​ជនប្រដាប់អាវុធ​លុក​ចូល​ផ្ទះ​របស់​នាង នារី​អភិបាលក្រុង TEMIXCO នា​ភាគ​ខាងត្បូង​ក្រុង​ម៉ិចស៊ីកូ ដែល​មាន​វ័យក្មេង ក្លាហាន​ចេញ​មុខ​ប្រគល់​ខ្លួន​ឱ្យ​ពួក​នោះ​សម្លាប់ ដើម្បី​ជួយ​សង្គ្រោះ​អាយុជីវិត​គ្រួសារ​នាង ។

នារី​អភិបាលក្រុង​រូប​នេះ​នាង GISELA MOTA ដែល​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​នា​ព្រឹក​ថ្ងៃ​ទី​២ មក​រា នោះ នៅ​ស្លៀក​ពាក់អាវ​ដំណេក​នៅឡើយ ពេល​កង​កុំម៉ង់ដូ​មួយ​ក្រុម​ផ្លោះ​របង​ផ្ទះ​ចូល​មក​ខាងក្នុង ។ ពេល​នោះ​នាង​និយាយ​ទៅ​កាន់​ក្រុម​នេះ​ថា ប្រសិនបើ​ពួក​គេ​ចង់​សម្លាប់​នាង នោះ​អាច​សម្លាប់​នាង​មុនគេ ។ នេះ​ជា​ការ​រៀបរាប់​របស់​លោកស្រី JUANITA OCAMPO ម្តាយ​របស់​នារី​អភិបាលក្រុង​ត្រូវ​គេ​សម្លាប់ ។ ពេល​គោរព​សព​នាង នៅ​ឯ​សភា​រដ្ឋ MORELOS ម្តាយ​រូប​នេះ​រៀបរាប់​ទៀត​ថា ពេល​ពួក​ជនប្រដាប់អាវុធ​ទាំងនេះ​ចូល​មក​ដល់ កូនស្រី​គាត់​និយាយ​ទៅ​កាន់​ពួក​គេ​ថា ខ្ញុំ​គឺ GISELA  ។ ពួក​គេ​តាម​សម្លាប់​នាង ព្រោះតែ​នាង​ក្លាហាន​ខ្លាំង​ពេក ។ ពួក​ជន​ប្រដាប់​អាវុធ​នាំ​នាង​ទៅ​កាន់​សា​ឡុ​ង ហើយ​បាញ់​សម្លាប់​នាង​នៅ​មុខ​ឪពុក​ម្តាយ​នាង ។ ឪពុក​នាង​ដែល​អស់សង្ឃឹម​បាន​រត់​តាម​ពីក្រោយ​ពួក​ឃាតករ ។

ការ​ស្លាប់​របស់​នាង GISELA MOTA ក្លាយជា​និមិត្តរូប​មួយ​នៃ​សោកនាដកម្ម​ដោយសារ​ការ​គំរាមកំហែង​លើ​បណ្តា​អ្នក​ទ​ទួ​ល​ខុស​ត្រូវ​ក្នុង​ប្រទេស​ម៉ិចស៊ិក​ទាំងមូល និង​អំពើ​ហិង្សា​ដែល​តែង​កើត​មាន​ជា​ប្រចាំ​នៅ​រដ្ឋ MORELOS ភាគ កណ្តាល​ប្រទេស​ដែល​នៅ​ទីនោះ​បណ្តា​ក្រុម​រត់ពន្ធ​គ្រឿងញៀន​ធ្វើសង្គ្រាម​សម្លាប់​គ្នា​ឯង ហើយ​ធ្វើការ​ចាប់ពង្រត់ និង​សម្លាប់​ប្រជាជន ៕