ការ​ប្រយុទ្ធ​គ្នា​នៅ​លី​ប៊ី​អាង​ស្តុក​ប្រេងកាត​ជា​ច្រើន​ត្រូវ​ភ្លើង​ឆាបឆេះ

ក្រុមហ៊ុន​ប្រេងកាត​ជាតិ​លី​ប៊ី NOC គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៦ មក​រា ថា អាង​ស្តុក​ប្រេង​ឆៅ​យ៉ាងតិច​៤​នៅ​ភា​គា​ខាងជើង​លី​ប៊ី​ត្រូវ​ភ្លើង​ឆាបឆេះ​ដោយសារ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​រវាង​កង​ឆ្មាំ​ការពារ​ទីតាំង​ប្រេង​ទាំងឡាយ និង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

ការ​ប៉ះទង្គិច​គ្នា​ទាំងនេះ​កើត​មាន​កាលពី​ថ្ងៃ​ទី​៤ និង​ទី​៥ មក​រា ពេល​ដែល អ​.​ស​.​ប ខិតខំ​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​មួយ​ក្នុង​ប្រទេស​នេះ​ដែល​ធ្លាក់​ក្នុង​ភាព​ជ្រួលច្របល់​មាន​អាជ្ញាធរ​ដល់​ទៅ​២​ដណ្តើម​អំណាច​គ្នា ដោយ​អាជ្ញាធរ​មួយ​មា​នទី​តាំងនៅ​ភាគ​ខាងកើត​ប្រទេស​ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ ហើយ​អាជ្ញាធរ​មួយទៀត​មា​នទី​តាំងនៅ​រដ្ឋធានី​ក្រុង​ទ្រី​ប៉ូ​លី ។

បេសកជន អ​.​ស​.​ប លោក MARTIN  KOBLER គូសបញ្ជាក់​ជា​ថ្មី​ពី​ភាព​ចាំបាច់​សម្រាប់​សភា​ស្របច្បាប់​លី​ប៊ី​មាន​មូលដ្ឋាន​នៅ​ភាគ​ខាងកើត​ប្រទេស​អនុម័ត​ដោយ​ឆាប់​រហ័ស ការ​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​នេះ​ដោយ​ព្រមាន​ថា រាល់​ការ​យឺតយ៉ាវ​នឹង​ជា​ការ​ផ្តល់​ឱកាស​ដល់​ក្រុម​ជ្រុលនិយម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​ត្រួតត្រា​រួច​ហើយ​នូវ​ទីក្រុង SYRTE ចម្ងាយ​៤៥០​គីឡូម៉ែត្រ​ខាងកើត​ក្រុង​ទ្រី​ប៉ូ​លី ។

យោង​តាម​សេចក្តី​ប្រកាស​មួយ​របស់ NOC ចំណុះ​ឱ្យ​អាជ្ញាធរ​ភាគ​ខាងកើត​ប្រទេស​ចុះ​ថ្ងៃ​ទី​៦ មក​រា ថា អាង​ស្តុក​ប្រេង​ឆៅ​៤​ត្រូវ​ភ្លើង​ឆាបឆេះ​កាលពី​ថ្ងៃ​ទី​៤ មក​រា ដោយ​សារ​ការ​ប្រយុទ្ធ​គ្នា​នានា​នៅ​ជុំវិញ​ទីតាំង​ប្រេង AL SEDRA ជាទី​តាំង​ស្តុក​ប្រេង​ធំ​ជាងគេ​បំផុត​នៅ​លី​ប៊ី និង​ទីតាំង​ប្រេង RAS LANOUF នា​ភាគ​ខាងកើត​ក្រុង SYRTE។

អ្នក​ទទួលខុសត្រូវ​ខាង​សន្តិសុខ​ម្នាក់​របស់​ក្រុមហ៊ុន SYRTE OIL COMPANY គូសបញ្ជាក់​ប្រាប់​AFP ថា អាង​ស្តុក​ប្រេង​៤​ត្រូវ​ភ្លើង​ឆាបឆេះ​នា​ថ្ងៃ​ទី​៦ មក​រា នៅ​AL SEDRA ។ រួច​អ្នកនាំពាក្យ​ម្នាក់​របស់​កង​ឆ្មាំ​ការពារ​ទីតាំង​ប្រេងកាត​នៅ AL SEDRA និយាយ​ថា យើង​បាន​បាត់បង់​មនុស្ស​របស់​យើង​១០​នាក់ តាំងពី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ចាប់ផ្តើម​វាយប្រហារ​ពី​ថ្ងៃ​ទី​៤ មក​រា មក សំដៅលើ​បណ្តា​ទីតាំង​ប្រេងកាត ។

ចំណែក​អ្នកនាំពាក្យ​របស់ NOC លោក​ម៉ូ​ហា​ម៉ា​ដ អាល់​ម៉ា​ន​ហ្វី រៀបរាប់​កាលពី​ថ្ងៃ​ទី​៦ មក​រា ថា ភាព​ស្ងប់ស្ងាត់​កើត​មាន​វិញ​ហើយ បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​២​ថ្ងៃ​ក្នុង​តំបន់​ប្រេងកាត​នោះ ដែល​រួម​មាន​កំពង់​ផែ​ប្រេង AL SEDRA RAS LANOUF និង BREGA ។

ចំណែក​អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​កងទ័ពអាកាស​នៅ​មូលដ្ឋាន​អាកាសចរណ៍​ក្រុង MISRATA ចម្ងាយ​២០០​គីឡូម៉ែត្រ​ខាងកើត​ក្រុង​ទ្រី​ប៉ូ​លី​និយាយ​ថា កង​ឆ្មាំ​ការពារ​បណ្តា​ទីតាំង​ប្រេងកាត​ទទួល​ការ​ជួយ​ទ្រទ្រង់​របស់​កងទ័ពអាកាស​នៃ​មូលដ្ឋាន​នេះ ។ មូលដ្ឋាន​នោះ​គ្រប់គ្រង​ដោយ​ក្រុមចម្រុះ FAJR LIBYA ជា​ក្រុម​ជីវពល​ចម្រុះ​កាន់កាប់​ក្រុង​ទ្រី​ប៉ូ​លី​ពី​រដូវក្តៅ​ឆ្នាំ​២០១៤​មក ហើយ​បង្កើត​រដ្ឋាភិបាល​មួយ​ប្រឆាំង​រដ្ឋាភិបាល​ដែល​នីរ​ទេស​ទៅ​កាន់​ភាគ​ខាងកើត​ប្រទេស ដែល​មាន​កងទ័ព​របស់​ខ្លួន​ផ្ទាល់ ។

លោក MUSTAFA SANALLA ប្រមុខ​របស់ NOC ចំណុះ​ឱ្យ​អាជ្ញាធរ​ក្រុង​ទ្រី​ប៉ូ​លី​បាន​ថ្កោលទោស​ការ​វាយប្រហារ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដោយ​សង្ឃឹមថា អំពើ​ហិង្សា​ទាំង​ឡាយ​​នឹង​អាច​ជំរុញ​ឱ្យ​បណ្តា​មេដឹកនាំ​នយោបាយ​គ្រប់​ជាន់ថ្នាក់​គិតគូរ​ដល់​ទំហំ​នៃ​ការ​គំរាមកំហែង ។ ក្នុង​សេចក្តី​ប្រកាស​មួយ​លោក​និយាយ​ថា ខ្ញុំ​សូម​ស្នើ​ដល់​បណ្តា​មេ​ដឹកនាំ​នយោបាយ​ឱ្យ​ផាត់​ទុក​ទំនាស់​គ្នា​មួយ​ឡែក ។ យើង​ត្រូវការ​ឱ្យ​មានការ​រួបរួម​គ្នា​ប្រឆាំង​សត្រូវ​រួម​នោះ ពុំ​មែន​ចាំ​ថ្ងៃស្អែក ឬ​ស​ប្តា​ហ៍​ក្រោយ​ឡើយ តែ​ពេល​នេះ​តែ​ម្តង ។

ប្រទេស​លី​ប៊ី​មាន​ប្រេងកាត​ច្រើន​ជាងគេ​បំផុត​នៅ​អាហ្វ្រិក​គឺ​ប្រមាណ​ជា​៤៨​ពាន់​លាន​ធុង ។ ផលិតកម្ម​ប្រេង​ក្នុង​ប្រទេស​នេះ​មាន​១,៦​លាន​ធុង​ក្នុង​មួយ​ថ្ងៃ កាលពី​ឆ្នាំ​២០១១ តែ​ក្រោយមក​ដោយសារ​ជម្លោះ​ធ្លាក់​ចុះ​១​ភាគ​៣ ៕