កងទ័ព​រដ្ឋាភិបាល​យេ​ម៉ែ​ន​វាយ​យក​បាន​ទីក្រុង​កំពង់​ផែ​មួយ​ពី​ពួក​ឧទ្ទាម

ប្រមុខ​យោធា​ម្នាក់​គូសបញ្ជាក់​ថា កងទ័ព​ដែល​ស្មោះត្រង់​នឹង​ប្រធានាធិបតី​យេ​ម៉ែ​ន លោក​អាប​ដ៍ រ៉ា​បូ ម៉ា​ន​សួរ​ហា​ឌី បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​កាលពី​ថ្ងៃ​ទី​៦ មក​រា ដណ្តើម​យក​បាន​ទីក្រុង​កំពង់​ផែ​មួយ​នៅ​ភាគ​ពាយ័ព្យ​យេ​ម៉ែ​ន​ត្រួតត្រា​ដោយ​ពួក​ឧទ្ទាម​ស៊ី​អីុត​ហ៊ូ​ធី ។

ឧត្តមសេនីយ៍ ADEL AL QUMAIRI មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥​ថ្លែង​ថា យើង​ដណ្តើម​ត្រួតត្រា​កំពង់​ផែ និង​ទីក្រុង​មី​ឌី​ទាំងស្រុង​រួម​ទាំង​វិមាន​ប្រវត្តិសាស្ត្រ​នៃ​ទីក្រុង​នៅ​ជាប់​សមុទ្រ​ក្រហម​នេះ ។

ពួក​ឧទ្ទាម​ស៊ី​អីុត​កាលពីមុន សង្ស័យ​ប្រើប្រាស់​កំពង់​ផែ​នេះ ដើម្បី​បញ្ជូន​អាវុធ​ទៅ​កាន់​បណ្តា​ទីតាំង​ពួក​គេ​នៅ​ភាគ​ខាងជើង​ប្រទេស ។

មានការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​ក្នុង​តំបន់​ក្រុង​មី​ឌី ចាប់តាំងពី​កងទ័ព​រដ្ឋាភិបាល​ទទួល​ការ​ហ្វឹកហ្វឺន​នៅ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត វិល​ចូល​ប្រទេស​វិញ​ពី​ពាក់កណ្តាល​ខែធ្នូ​មក​ហើយ ដណ្តើម​កាន់កាប់​ទីក្រុង HARADH ។

ទោះបី​ត្រូវ​បាត់បង់​ទីក្រុង​កំពង់​ផែ​មី​ឌី​ក៏​ពួក​ឧទ្ទាម​ហ៊ូ​ធី និង​សម្ព័ន្ធមិត្ត​ជា​អតីត​កង​យោធា​នៅ​តែ​ស្មោះត្រង់​នឹង​អតីត​ប្រធានាធិបតី​យេ​ម៉ែ​ន លោក​អា​លី​អាប់​ឌុ​ល ឡា​ហ៍​សា​ឡេ​ហ៍ បន្ត​ត្រួតត្រា​តំបន់ឆ្នេរ​សមុទ្រ​យ៉ាង​វែង​ជាប់​សមុទ្រ​ក្រហម​ដែរ ៕