ការ​សាកល្បង​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​ជា​ការ​វាយបក​មួយ​លើ​យុទ្ធសាស្ត្រ​អាមេ​រិ​ក

ការ​ប្រកាស​របស់​កូរ៉េ​ខាងជើង​ពី​ការ​សាកល្បង​គ្រាប់បែក​អីុ​ដ្រូ​ហ្សែ​ន ហៅ​គ្រាប់បែក H ចាត់ទុកជា​ការ​វាយបក​មួយ​លើ​យុទ្ធសាស្ត្រ​មិន​សាយភាយ​នុយក្លេអ៊ែរ​របស់​សហរដ្ឋ​អា​មេ​រិ​ក​ដែល​ខិតខំ​អនុវត្ត​ទន្ទឹម​គ្នា​នឹង​ការ​អនុវត្ត​ជាមួយ​អីុ​រ៉​ង់​នូវ​កិច្ចព្រមព្រៀង​ស្តី​ពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ក្រុង​តេ​ហេ​រ៉​ង់ ។

លទ្ធភាព​នៃ​ការ​សាកល្បង​គ្រាប់បែក H នោះ​ដែល​ញ៉ាំង​ឱ្យ​មានការ​កោះ​ប្រជុំ​បន្ទាន់​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប កាលពី​ថ្ងៃ​ទី​៦ មក​រា កើត​មាន​ពេល​ដែល​ដំណើរការ​ខាង​ការទូត​អន្តរជាតិ​ជាមួយ​របប​កូរ៉េ​ខាងជើង​ជិត​ស្លាប់ ។

ការ​រំសាយ និង​ការ​មិន​សាយភាយ​នុយក្លេអ៊ែរ​ជា​មុំ​ចង្ក្រាន​មួយ​នៃ​នយោបាយ​ការ​បរទេស​ពហុភាគី​របស់​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​បាន​សន្យា​ក្នុង​សុន្ទរកថា​មួយ​របស់​លោក​នៅ​ទីក្រុង​ប្រាក កាលពី​ខែមេសា ឆ្នាំ​២០០៩ ដើម្បី​កសាង​ពិភពលោក​មួយ​គ្មាន​អាវុធ​នុយក្លេអ៊ែរ ។ ដោយសារ​គំនិត​នេះ​ធ្វើ​ឱ្យ​ប្រធានាធិបតី​អា​មេ​រិ​ក​រូប​នោះ​ទទួល​បាន​ពានរង្វាន់​ណូបែល​សន្តិភាព ។

ចាប់តាំងពី​ពេល​នោះ​មក​រដ្ឋការ​លោក​អូ​បា​ម៉ា អាច​ឈាន​ដល់​ការ​ចុះហត្ថលេខា​នៅ​ទីក្រុង​វី​យែ​ន​នា​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១៥ រួម​ជាមួយ​មហាអំណាច​ឯទៀត​ៗ លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​អីុ​រ៉​ង់​ដែល​សន្យា​ថា មិន​បំពាក់អាវុធ​នុយក្លេអ៊ែរ​ជា​ថ្នូរ​នឹង​ការ​លុប​ចោល​បណ្តា​ទណ្ឌកម្ម​អន្តរជាតិ ។

ចាប់តាំងពី​ការ​ប្រកាស​របស់​កូរ៉េ​ខាងជើង​ពី​ជោគជ័យ​នៃ​ការ​សាកល្បង​គ្រាប់បែក H លើក​ដំបូង គូប្រជែង​លោក​អូ​បា​ម៉ា នៃ​ក្រុម​សាធារណរដ្ឋ​បាន​ប្រឆាំង​នឹង​យុទ្ធសាស្ត្រ​របស់​លោក​ចំពោះ​ក្រុង​ព្យុ​ង​យ៉ាង ។ លោក ED ROYCE ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​របស់​សភា​អា​មេ​រិ​ក​អះអាង​ថា នេះ​ជា​បរាជ័យ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​របស់​លោក​អូ​បា​ម៉ា ។ លោក​ទាមទារ​ឱ្យធ្វើ​ជា​បន្ទាន់ការ​គាបសង្កត់​ខ្លាំង​ថែម​ទៀត ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​គំរាមកំហែង​របស់​កូរ៉េ​ខាងជើង ។

ពេល​ដែល​អីុ​រ៉​ង់​រៀបចំ​ខ្លួន​ប្រមូលប្រាក់​ជា​ច្រើន​ពាន់​លាន​ដុល្លារ​ដោយសារ​ការ​សម្រាល​ទណ្ឌកម្ម លោក ED ROYCE និយាយ​ថា កូរ៉េ​ខាងជើង​គិត​ចង់​បំភ័យ​រដ្ឋការ​លោក​អូ​បា​ម៉ា របៀប​គ្នា​ដែរ ខណៈ​ដែល​កាល​លោក​ច​ច ដាប់​ប៊​ល​យូ​ប៊ូ​ស ធ្វើ​ប្រធានាធិបតី (២០០១-២០០៩) បាន​បញ្ចូល​ប្រទេស​ទាំង​២​ក្នុង​ក្រុម​ប្រ​ទស​បិសាច​ដូច​គ្នា ។

រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​ច​ន ឃ័​រ​រី បាន​ឆ្លើយ​តប​វិញ​ថា សហរដ្ឋអាមេរិក​ដាច់ខាត​មិន​យល់ព្រម​ឱ្យ​កូរ៉េ​ខាងជើង​មាន​អាវុធ​នុយក្លេអ៊ែរ ហើយ​ក្រុមប្រឹក្សាសន្តិសុខ អ.​ស​.​ប បាន​តបត​តាម​រយៈ​ការ​គំរាម​ពង្រឹង​ទណ្ឌកម្ម​ប្រឆាំង​ក្រុង​ព្យុ​ង​យ៉ាង ។

កិច្ចប្រជុំ​បន្ទាន់​ជា​សម្ងាត់​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប នា​ព្រឹក​ថ្ងៃ​ទី​៦ មក​រា បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ចាត់​ទុក​ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុ​ង​យ៉ាង​ថា ជា​សភាពការណ៍​ធ្ងន់ធ្ងរ​មួយ ។

ក្រុមប្រឹក្សាសន្តិសុខ​គ្រោង​ចាត់វិធានការ​ថ្មី​ៗ​ក្នុង​ដំណោះស្រាយ​ថ្មី​មួយទៀត​ដែល​នឹង​អនុម័ត​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ អាច​មុន​ដំណាច់​ខែមករា​នេះ​ផង ៕