បុរស​ម្នាក់​កាន់​កូន​ពូថៅ​ស្រែ​កថា ព្រះ​អាល់​ឡា​ហ៍​ជា​ធំ ត្រូវ​បាញ់​ស្លាប់​នៅ​ក្រុងប៉ារីស

មួយ​ឆ្នាំ​បន្ទាប់​ពី​ការ​វាយប្រហារ​ភេរវកម្ម​ប្រឆាំង​កាសែត CHARLIE HEBDO បុរស​ម្នាក់​កាន់​កូន​ពូថៅ​មួយ ហើយ​ស្រែក​ពាក្យ​ថា ព្រះ​អាល់​ឡា​ហ៍​ជា​ធំ (ALLAH AKBAR) រួច​នៅ​ខ្លួន​គេ​មាន​ក្រដាស​មួយ​សរសេរ​ថា រូបគេ​ធ្វើ​សកម្មភាព​ក្នុង​នាម​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ត្រូវ​ប៉ូលិស​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​៧ មក​រា នៅ​មុខ​ទីចាត់ការ​ប៉ូលិស​ក្រុងប៉ារីស​មួយ ។

យោង​តាម​ប្រភព​ព័ត៌មាន​ជិតដិត​នឹង​ការ​ស៊ើបអង្កេត​ថា បុរស​នេះ​កាន់​ក្រដាស​មួយ​សន្លឹក​ដែល​មាន​រូប​ទង់​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ហើយ​មាន​ចារ​ឈ្មោះ​ប្រមុខ​ក្រុម​នេះ​លោក ABOU BAKR AL BAGHDADI ព្រមទាំង​មាន​ពាក្យ​មួយ​ឃ្លា​ជា​ភាសា​អា​រ៉ាប់​ថា គេ​ធ្វើ​សកម្មភាព​ជា​ការ​សងសឹក​ប្រឆាំង​ការ​វាយប្រហារ​នៅ​ស៊ី​រី ។ ជន​នេះ​ត្រូវ​បាញ់​ស្លាប់​មុខ​ទីចាត់ការ​ប៉ូលិស​នៅ​តាម​វិ​ថី GOUTTE-D’OR នៅ BARBES ជា​សង្កាត់​មួយ​នៅ​ភាគ​ខាងជើង​ក្រុងប៉ារីស ។ ដោយ​រត់​មក​ដល់​មុខ​ទីចាត់ការ​ប៉ូលិស​នេះ​ទាញ​យក​កូន​ពូថៅ​ចេញពី​ហោប៉ៅ​អាវ​ចំ​មុខ​ប៉ូលិស​យាម​២​នាក់ ជន​នេះ​ពុំ​ព្រម​ធ្វើ​តាម​បញ្ជា​របស់​ប៉ូលិស​ក៏​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់ ៕